ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ស៊ីរី​រាប់​ពាន់​នាក់​រត់​គេច​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី


បុរស​ម្នាក់​មើល​ការ​ខូចខាត​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។
បុរស​ម្នាក់​មើល​ការ​ខូចខាត​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​សុក្រ​ ពលរដ្ឋ​ស៊ីរី​រាប់​ម៉ឺន​នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​ពួកគេ​នៅ​ក្នុង​ក្រុង​ Aleppo ធ្ពោះ​ទៅ​កាន់​ប្រទេស​តួកគី នៅពេល​ដែល​ប្រទេស​រុស្សី​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ដែល​ខិតខំ​ព្យាយាមទម្លាក់​ប្រធានាធិបតី Bashar al-Assad ចេញ​ពី​តំណែង។​

មូលនិធិជួយ​សង្គ្រោះ​ខាង​មនុស្ស​ធម៌​តួកគី​ដែល​ជា​អង្គការ​សប្បុរសធម៌​មួយ​បាន​និយាយ​ថា ជន​ភៀស​ខ្លួន​៥ម៉ឺននាក់​បាន​ទៅ​ដល់​ព្រំដែន​រវាង​ប្រទេស​ស៊ីរី​ និង​ប្រទេស​តួកគី ទោះ​ណា​ជា​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) បាន​បិទ​ច្រក​ឆ្លង​កាត់​ព្រំដែន​ខ្លួន​ ហើយ​គេដឹង​មិ​ន​ច្បាស់លាស់​ទេ​ថា​តើ​ជន​ភៀស​ខ្លួន​ទាំង​នេះ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​តួកគី ឬ​យ៉ាង​ណា​នោះ​ទេ។​ អង្គការ​សប្បុរសធម៌​នេះ​បាន​និយាយ​ថា ពួកគេ​បាន​បង្កើត​ជំរុំ​តង់​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ជិត​ព្រំដែន​ដើម្បី​ផ្តល់​ទី​ជម្រក​បណ្តោះ​អាសន្ន​ដល់​ក្រុម​ជន​ទាំង​នេះ។​

ប្រទេស​តួកគី​បាន​ទទួល​យក​ពលរដ្ឋ​ស៊ីរី​ជាង២​លាន​៥សែន​នាក់​រួច​ហើយ​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​បាន​ចាប់ផ្តើម។ រដ្ឋាភិបាល​ប្រទេស​នេះ​និយាយ​ថា ​មាន​ជន​ជាតិ​ស៊ីរី​រាប់​ពាន់​នាក់​ទៀត​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​របស់​ខ្លួន។

លំហូរ​ថ្មីៗ​បំផុតៗ​នៃ​ក្រុម​ជន​ភៀស​ខ្លួន​ដែល​បាន​ខិតខំ​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួក​ទាហាន​រដ្ឋាភិបាល​ដែល​ទទួល​ការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំង​ដោយ​រុស្សី​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដែល​មាន​គោលដៅ​ឡោមព័ទ្ធ​ក្រុង​ Aleppo ដែល​ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ប្រទេស​ស៊ីរី។

ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​រុស្សី​បាន​និយាយ​ថា ​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​របស់​ពួកគេ​បាន​វាយប្រហារ​លើ​ទី​ដៅ៨៧៥​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​សប្តាហ៍​នេះ រួម​ទាំង​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ការ​វាយ​លុក​ក្នុង​ផ្នែក​ខាង​ជើង​ប្រទេស​ផង​ដែរ៕

XS
SM
MD
LG