ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​រុស្ស៊ី​រាប់​ពាន់​នាក់​រត់​ទៅ​ប្រទេស​ថៃ​ដើម្បីគេញចេញពី​សង្គ្រាម


រូបឯកសារ៖ ភ្ញៀវ​ទេសចរ​រុស្ស៊ី​សម្រាក​លើ​ឆ្នេរ​នៅ​ខេត្តភូកេត ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២។
រូបឯកសារ៖ ភ្ញៀវ​ទេសចរ​រុស្ស៊ី​សម្រាក​លើ​ឆ្នេរ​នៅ​ខេត្តភូកេត ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២។

ពួក​ទេសចរ​រុស្ស៊ី​កំពុង​រត់​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​គេចចេញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឬ​ស្វែង​ផ្លាស់ទីលំនៅ​ទៅកាន់​ប្រទេស​នៅ​តំបន់​អាគ្នេយ៍​មួយ​នេះ។

ប្រទេស​ថៃ​បាន​ក្លាយ​ជា​កន្លែង​ជ្រកពួន​សម្រាប់​អ្នកទេសចររុស្ស៊ី​ដែល​កំពុង​ព្យាយាម​គេច​ខ្លួន​ពី​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ឥឡូវ​នេះ​បាន​ចូល​ឆ្នាំ​ទី២ហើយ។

ចាប់តាំង​ពី​ថៃ​បាន​បើកឡើង​វិញយ៉ាង​ពេញ​ទំហឹង​នូវ​ព្រំដែន​របស់​ខ្លួន​ហើយ​បានលប់​ចោល​ការរឹតត្បិត​ជំងឺ​កូវីដ១៩កាលពី​ខែ​តុលា​ឆ្នាំ​ទៅមក ការមក​ដល់​របស់​ជនជាតិ​រុស្ស៊ី​បាន​ក្លាយ​ជា​ភ្ញៀវ​ទេសចរ​លំដាប់​ទី៣​បន្ទាប់ពី​ម៉ាឡេស៊ី​និង​ឥណ្ឌា។ នេះ​បើ​តាម​ទិន្ន័យ​របស់​រដ្ឋាភិបាល​ថៃ។

ឥឡូវ​នេះ ជនជាតិ​រុស្ស៊ី​រាប់ពាន់​នាក់​កំពុង​ស្វែងរក​ទីកន្លែង​រស់នៅ​ថ្មី​ដោយ​ការភ័យ​ខ្លាច​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​និង​កំណែន​យោធា​ពីព្រោះតែ​សង្គ្រាម​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ប្រទេស​ថៃ​ជា​ទីដៅ​ឈប់សម្រាក​ដ៏​មាន​ប្រជាប្រីយភាពសម្រាប់​ទេសចរ​រុស្ស៊ី​ជា​យូរ​មក​ហើយ។ ថៃ​និង​រុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ជិតស្និទ្ធ​ហើយ​កាលពី​ឆ្នាំ២០១៩ រុស្ស៊ីជា​ទីផ្សារ​ធំទី៧​សម្រាប់​វិស័យ​ទេចរណ៍​របស់​ថៃ។ ថៃ​មិន​បាន​ធ្វើ​តាមប្រទេស​លោក​ខាង​លិច ដែលហាមឃាត់​ពួក​ទេសចរ​រុស្ស៊ី​នោះ​ទេ។

ពួក​ទេសចរ​រុស្ស៊ី​បាន​ឆ្លៀតយកឱកាស​នេះ។ នៅ​ខែ​តុលា វិច្ឆិកា​និង​ខែ​ធ្នូ ជនជាតិ​រុស្ស៊ី​ជាង ៣៣១០០០​នាក់ បានធ្វើដំណើរទៅ​ប្រទេស​ថៃ។ នេះ​បើ​តាម​ទិន្ន័យ​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួង​កីឡា​និង​ទេសចរណ៍​ថៃ។

ក្នុងចំណោមអ្នក​ទាំង​នោះ មាន​រាប់​ពាន់​នាក់​ក៏​បានវិនិយោគ​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ​ដូចជាបានទិញ​ផ្ទះ​សម្បែង​ឬ​ជួល​ផ្ទះ​សម្បែង​រយៈពេល​យូរ។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​កែនទ័ព​កាលពីខែ​កញ្ញា ដូច្នេះសម្រាប់​ពួក​អ្នក​មាន​រុស្ស៊ី​ជា​ច្រើន ឆ្នេរ​សមុទ្រ​ដែល​មាន​កម្តៅ​ថ្ងៃ​នៃ​ប្រទេស​ថៃ​ជាកន្លែង​ផ្លាស់​ប្តូរ​ទីលំនៅ​ដ៏​ងាយ​ស្រួល​ដើម្បី​គេចចេញ​ពី​កំណែន​យោធា​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។

ពលរដ្ឋភេទប្រុស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​មាន​អាយុពី១៨ទៅ២៧ឆ្នាំ​ត្រូវ​ជាប់​កំណែន​កាតព្វកិច្ច​យោធា​រយៈពេល​មួយ​ឆ្នាំ។

រុស្ស៊ី​បាន​និយាយ​ថា​ខ្លួន​បាន​កែន​ពលរដ្ឋ​យ៉ាង​តិច២សែន​នាក់ឱ្យ​ចូល​ក្នុង​កងទ័ព​រុស្ស៊ី​ចាប់តាំងពី​លោក Puitn បាន​បញ្ជា​ឱ្យ​មាន​កំណែន​កងទ័ព​មួយ​ផ្នែក​នៅ​ខែ​កញ្ញា​មក។

លោកAmin Ettayeb ជា​អ្នក​ចាត់ចែង​ការលក់​មកពី​ទីក្រុង​មូស្គូ​សម្រាប់​ក្រុមហ៊ុន InDreamsPhuket ដែល​ជា​ទីភ្នាក់ងារ​អចលនៈទ្រព្យ​នៅ​កោះ​លំហែកាយ Phuket នៃ​ប្រទេស​ថៃ។

លោក​បាន​ប្រាប់VOAថា«អតិថិជន​ជាង៩០ភាគរយ​របស់​យើង​ជា​ជនជាតិ​រុស្ស៊ី។ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ នៅពេល​ដែល​វា​ជា​រដូវ​ដែល​ភ្ញៀវ​យ៉ាង​ច្រើន​បាន​មក ភ្ញៀវ​ទាំង​នោះ​បាន​ទិញ​អ្វីៗទាំង​អស់។

ទីភ្នាក់ងារ​អចលនៈទ្រព្យ​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​នេះ​បាន​ឃើញ​ការទិញ​កើន ឡើង​១០ភាគរយ​ចាប់តាំង​ពី​ខែ​វិច្ឆិកា​មក។ លោក Ettayebបាន​និយាយ​ទៀត​ថា ចំពោះ​ទីផ្សារ​សម្រាប់​ជួល​វិញ ផ្ទះ​វីឡា​ដែល​កាលពី​ពេល​មុន​ជួលតិច​ជាង ៩ពាន់ ដុល្លារ​ក្នុង​មួយ​ខែ ឥឡូវ​នេះ​ឡើង​ដល់ជាង២៨០០០ដុល្លារ​ក្នុង​មួយ​ខែ។

លោកថា«ការជួល​ឥឡូវ​នេះ​បាន​ស្ថិត​ក្នុង​ភាពច្របូក​ច្របល់។ ឈ្នួលផ្ទះ​វីឡា​កាលពី​ពេល​មុន​មាន​តម្លៃ៣សែន​បាត​ក្នុង​មួយ​ខែ។ ឥឡូវឈ្នួលផ្ទះ​វីឡា​ខ្លះមាន​តម្លៃ​ជាង១លាន​បាត​ក្នុង​មួយ​ខែ ក៏ប៉ុន្តែនៅតែ​មានមនុស្ស​ជួល​»។

ក៏ប៉ុន្តែថ្វីបើប្រាក់មិន​មែន​ជា​បញ្ហា​សម្រាប់​មនុស្ស​ខ្លះ​ក៏ដោយ លោក Ettayebបាន​និយាយ​ថា មិន​មែន​អតិថិជន​របស់​លោក​ទាំង​អស់​កំពុង​ចង់ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​រយៈពេល​យូរ​នោះ​ទេ។

លោក​ថា«មិន​មែន​មនុស្សជា​ច្រើន​ចង់​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ជា​រៀង​រហូត​នោះ​ទេ ពួកគេ​គ្រាន់តែ​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួកគេ​មិន​ចាំបាច់​ទៅ​ធ្វើ​សង្គ្រាម​តែប៉ុណ្ណោះ។ នៅពេល​ដែល​អ្វីៗ​វិលត្រឡប់​ទៅកាន់​ភាពធម្មតា​វិញ ពួកគេ​ច្បាស់ជានឹង​វិល​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញហើយ»។

នៅ​ចន្លោះ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​និង​ថ្ងៃ​ទី២១ ខែ​មករា ជនជាតិ​រុស្ស៊ី​ជាង២៣៣០០០​នាក់​បាន​មក​ដល់​កោះ Phuket ។ នេះ​បើ​តាម​ទិន្ន័យ​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ Phuket។ កាលពី​ឆ្នាំ​ទៅ ជនជាតិ​រុស្ស៊ី​បាន​ទិញ Condo ជិត៤០ភាគរយ​ដែល​បាន​លក់​ឱ្យ​ជន​បរទេស​នៅ​កោះ Phuket។ នេះ​បើ​តាម​មជ្ឈមណ្ឌលព័ត៌មាន​អចលនៈទ្រព្យ​របស់​ថៃ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទូរទស្សន៍ Al Jazeera។

លោក Emil Saliani ដែលមកពី​ប្រទេស​អ៊ុយក្រែន​បាន​រស់​នៅ​ក្នុង​ប្រទេស​ថៃ​អស់​ប៉ុន្មានឆ្នាំ​មក​ហើយ។ លោកជា​ភ្នាក់ងារ​លក់​អចលនៈទ្រព្យ​និង​ជាដៃគូ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Wyndham Grandនិង Natai Beach Resortនៅ​កោះ Phuket។

លោក Salianiបាន​និយាយ​ថា«យើង​មាន​សណ្ឋាគារ​ថ្មី​មួយ​និង​សណ្ឋាគារ​នៅ​មាត់​សមុទ្រ​មួយទៀត ហើយ​បន្ទប់​នៅ​សណ្ឋាគារ​ទាំង​នោះ​ត្រូវ​បាន​គេ​ជួល​ជិត ១០០​ភាគរយ។ ឥឡូវ​នេះ យើង​មាន​ភ្ញៀវរុស្ស៊ី​ជាង៥០ភាគរយ​ដែល​កំពុង​ស្នាក់នៅ​រយៈពេល១០ទៅ១៤ថ្ងៃ»។

លោក​បាន​ហៅ​ទិដ្ឋភាពវិនិយោគ​អចលនៈទ្រព្យ​ថា​ជា​សង្គ្រាមទីផ្សារ​មួយ​ដែល​កំពុងតែវឹកវរ។

លោក​ថ្លែង​ថា«​ការលក់​ដែល​ត្រូវ​បាន​ព្យាករណ៍​នៅ​ទីផ្សារ​រុស្ស៊ី​មាន​ភាព ឆ្កួត​លីលា​នៅពេល​ឥឡូវ​នេះ។ ខែ​វិច្ឆិកា ធ្នូ មករា​ជា​រដូវ​លក់ដូរ​ខ្លាំង​បំផុត។ ពួកគេ​បាន​លក់​ដាច់​ជាង១០ឆ្នាំ​ចុង​ក្រោយ​នេះ។ សង្គ្រាម​ទីផ្សារ​មាន​ភាពឆ្កួត​លីលា​ហើយ​តម្លៃនៃ​ការលក់​កំពុង​ឡើង​ថ្លៃ​ពី១០ទៅ២០ភាគរយ។ ការជួល​វិញតម្លៃ​ខ្លះ​បាន​ឡើង​ថ្លៃ​ពី៣ទៅ៤​ដង»។

ការដាក់​ទណ្ឌកម្ម

នៅពេល​នេះ​កាលពី​ឆ្នាំ​ទៅ ពួក​ទេសចរ​រុស្ស៊ី​រាប់​ពាន់​នាក់​បាន​ជាប់គាំង​នៅ​ក្នុង​ប្រទេស​ថៃ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​«បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី។

ការផ្អាកសេវាកម្ម​ប័ណ្ណ​ឥណទាន Visa និងMasterCardរួមជាមួយការដក​ធនាគារ​រុស្ស៊ី​ចេញពី​បណ្តាញ​ហិរញ្ញវត្ថុ SWIFT បាននាំឱ្យជនជាតិ​រុស្ស៊ី​មិន​អាច​ប្រើប្រាស់​ថវិកា​នៅពេល​ដែល​ប្រាក់​រូប​របស់​រុស្ស៊ី​ដួល​រលំ។

ឥឡូវ​នេះ រុស្ស៊ី​នៅ​តែ​ប្រឈម​ការដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​នៅឡើយ​នៅពេល​ដែល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​បន្ត។

លោក Salianiបាន​និយាយ​ថា«មូលហេតុ​សម្រាប់​ការវិនិយោគទុន​នេះ​ពីព្រោះតែ​ពួកគេ​ចង់​យក​ប្រាក់​ចេញពី​ប្រទេស​រុស្ស៊ី។ វា​ជា​ស្ថានភាព​អាក្រក់​មួយ។ ពួក​គេ​ព្រួយ​បារម្ភ​អំពី​រូបិយវត្ថុ»។

លោក Salianiបាន​បន្ថែម​ទៀត​ថា​ផ្សារ​អចលនៈទ្រព្យ​នៅ​កោះPhuket បាន​រីកធំខ្លាំង​រហូតដល់​ថា​ឥឡូវ​នេះថែមទាំង​មាន​ភ្នាក់ងារ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ កំពុងព្យាយាម​រក​ប្រាក់​ដែរ។

លោក​និយាយ​ថា«ឥឡូវ​នេះ នរណា​ក៏​អាច​ក្លាយ​ជា​ភ្នាក់ងារ​លក់​ឬជួល​អចលនៈទ្រព្យ​ដែរ ហើយរកបានលុយច្រើនលើសមុន​រាប់​រយ​ដង។ វា​មិន​គួរ​ឱ្យ​ជឿ។ វា​ដូច​ជា​ទីផ្សារ​ព្រៃ​ដែល​គ្មាន​នរណា​អាច​ត្រួតត្រា​បាន»។

បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រាយការណ៍​ថា​ភ្ញៀវ​ទេសចរ​រុស្ស៊ី​ខ្លះ​ក៏​កំពុង​ធ្វើការ​ខុស​ច្បាប់​ជា​មគ្គុទេសក៍​ទេសចរណ៍​និង​អ្នក​បើកបរ​តាក់ស៊ី​នៅ​កោះPhuket ដែរ។

លោក Bhummikitti Ruktaengam ដែលជា​អតីត​ប្រធាន​សមាគម​ទេសចរណ៍​កោះ​Phuket បាន​អំពាវនាវ​ដល់​ពួក​មន្ត្រី​ឱ្យ​ស៊ើប​អង្កេត​អំពី​ស្ថានភាព​នៃ​ការធ្វើការ​ខុស​ច្បាប់​របស់​ជនជាតិ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ក្នុង​ការចុះផ្សាយ​តាមFacebookនៅ​ខែ​នេះ។

កោះ Phuket មិន​មែន​តែជាកន្លែងតែមួយ​ដែលជនជាតិរុស្ស៊ី​កំពុងនាំគ្នាសម្រុក​ទៅទិញ​ឬ​ទៅជួល​នោះទេ។ ចាប់តាំងពី​ប្រទេស​ថៃ​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ កោះ Phangan ក៏​បាន​ក្លាយ​ជា​ជម្រើស​ដ៏​មាន​ប្រជាប្រីយ៌ភាព​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​រុស្ស៊ី​ដែល​ព្យាយាម​គេច​ពី​សង្គ្រាម​ដែរ។

អ្នក​ស្រី Kimberley Baka ជា​អ្នក​ផ្តល់​ការប្រឹក្សា​មកពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​ទីតាំង​នៅលើ​កោះ​នោះ​បាន​និយាយ​ថា​វា​មាន​អារម្មណ៍​ដូចជា​មាន​ការចូល​កាន់កាប់​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗនេះ។

ក្រៅពី​ប្រជាប្រិយភាពនៃ​ការជប់លៀង​ពេល​ព្រះចន្ទ​ពេញវង់​តាម​ឆ្នេរ​សមុទ្រ​រៀងរាល់​ខែ នៅលើកោះ Phangan ភ្ញៀវ​ទេសចរ​ដែលមកទីនេះ ថែមទាំងចូលចិត្ត​សហគមន៍​ទេសចរ​នៅលើ​កោះនេះ និងចូលចិត្ត​តម្លៃ​សមរម្យ​នៅទីនេះផងដែរ។

អ្នក​ស្រី Baka និយាយថា​តម្លៃ​ឈ្នួល​ឡើង​ថ្លៃ​កំពុង​បង្ខំ​ឱ្យពលរដ្ឋថៃ​ចាកចេញ​ពី​កោះ​នោះ។

អ្នក​ស្រី​និយាយថា«យើង​បានផ្ញើ​សារ​ទៅសួរកន្លែងផ្សេងៗគ្នា​ចំនួន៣០។ កន្លែង​ទាំង​នោះភាគច្រើន ​ត្រូវ​បាន​គេ​កក់សម្រាប់​ពេល១ឆ្នាំ​ពេញ។ ខ្ញុំ​បាន​សាកសួរ​ផ្ទះ​ប្រហែល​៤ដែល​ផ្ទះ​និមួយៗមាន​តម្លៃ​ប្រហែល១២០០០បាត ​ឬ៣៤៥​ដុល្លារ​ក្នុង​មួយ​ខែ។ ស្ត្រី​រុស្ស៊ី​ម្នាក់​មាន​កិច្ចសន្យា​ជួល​បន្ត​ផ្ទះ​ទាំង​អស់​នោះ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ។ គាត់​បាន​យកថ្លៃ​ឈ្នួល១៣០០​បាតឬ៣៧ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដូច្នេះមានន័យថា​ក្នុងមួយខែ គាត់ជួលបាន​ដល់ទៅ ៤ម៉ឺន​បាត ឬ ១១៥០ដុល្លារ សម្រាប់ផ្ទះមួយ។ ពលរដ្ឋ​ថៃ​មិន​អាច​ជួលថ្លៃ​ដល់ថ្នាក់ហ្នឹងទេ។ ហើយ​មនុស្ស​ជា​ច្រើន​ដែល​បានរស់​នៅលើ​កោះ​Phangan ​អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ កំពុងនាំគ្នា​ចាកចេញ»៕

ប្រែសម្រួលដោយលោក ជឹង ប៉ូជីន

XS
SM
MD
LG