នៅក្នុងពេលតែប៉ុន្មានម៉ោងនៅមុនការចាប់ផ្តើមបញ្ជូនពួកជនចំណាកស្រុករាប់រយនាក់ពីកោះ Lesbos ក្រុមមន្ត្រីក្រិកមិនទាន់សម្រេចចុងក្រោយបង្អស់អំពីផែនការរបស់ពួកគេតាមរយៈកិច្ចព្រមព្រៀងមួយរវាងសហភាពអឺរ៉ុប និងប្រទេសតួកគីទេ។
ពួកសកម្មជននៅលើកោះ Lesbos បានគ្រោងធ្វើបាតុកម្មមួយនៅថ្ងៃច័ន្ទនេះ នៅពេលអាជ្ញាធរក្រិក ដោយមានជំនួយពីប៉ូលិសព្រំដែនរាប់រយនាក់មកពីប្រទេសនានានៃសហភាពអឺរ៉ុបមានកំណត់អមដំណើរក្រុមជនចំណាកស្រុកពីជំរំឃុំឃាំងជនចំណាកស្រុក Moria នៅខាងក្រៅក្រុង Mytilini ដែលជាក្រុងធំជាងគេនៃកោះនេះទៅកាន់កំពង់ផែមួយដែលនៅទីនោះ នាវាចម្លងនឹងដឹកជញ្ជូនពួកគេទៅកាន់ប្រទេសតួកគីវិញ។
ជនចំណាកស្រុកដែលមានសញ្ជាតិផ្សេងៗគ្នាបានទៅដល់ឆ្នេរសមុទ្រនៃប្រទេសក្រិកដោយខុសច្បាប់ ហើយបានត្រូវឃុំឃាំងនៅក្រោយអាជ្ញាធរយល់ថាពួកគេគ្មានសិទ្ធិសុំជ្រកកោនក្នុងប្រទេសក្រិកទេ។
មន្ត្រីដែលធ្វើការជាមួយរដ្ឋាភិបាលក្រិក និងអង្គការ Frontex ដែលជាទីភ្នាក់ងារខាងព្រំដែននៃសហភាពអឺរ៉ុប បានប្រាប់ឱ្យដឹងអំពីសេចក្តីល្អិតល្អន់តែ
បន្តិចបន្តួចអំពីកិច្ចប្រតិបត្តិការនេះដែលបាននាំឱ្យមានការខឹងសម្បារក្នុងចំណោមសកម្មជនខាងសិទ្ធិមនុស្ស និងពួកអ្នកនិយមនយោបាយខាងឆ្វេងនៅទូទាំងទ្វីបអឺរ៉ុបដែលបាននិយាយថា ការបញ្ជូនជនដែលជីវិតពួកគេអាចមានគ្រោះថ្នាក់ក្នុងប្រទេសតួកគីទៅវិញ អាចត្រូវសន្មតថាជាអំពើឃោរឃៅខាងមនុស្សធម៌មួយ។
នៅពេលតិចជាង២៤ម៉ោងនៅមុនការចាប់ផ្តើមការបញ្ជូនពួកជនចំណាកស្រុកតាមការកំណត់ មន្ត្រីក្រិកបាននិយាយថា ពួកគេមិនទាន់សម្រេចនៅឡើយទេអំពីការធ្វើតាមផែនការនេះបែបណាទេ។
ក្រុមមន្ត្រីបាននិយាយថា ជនច្រើននាក់ក្នុងបណ្តាពួកឆ្មាំព្រំដែន និងពួកអ្នកជំនាញការជាង២ពាន់នាក់នៃសហភាពអឺរ៉ុបបានទៅដល់កោះ Lesbos កាលពីថ្ងៃអាទិត្យ ហើយប្រុងប្រៀបស្រេចហើយដើម្បីចាប់ផ្តើមកិច្ចប្រតិបត្តិការនេះ។នៅក្នុងកំពង់ផែក្រុង Mytilini នាវាប្រដាប់អាវុធមួយគ្រឿងនៃកងកម្លាំងព្រំដែនអង់គ្លេសបានចតនៅជិតផែដែលនៅទីនោះគេរំពឹងថានាវាចម្លងនឹងដឹកពួកជនចំណាកស្រុកចេញពីទីនោះ។
ក៏ប៉ុន្តែផែនការទាំងនេះហាក់ដូចជាមិនទាន់ចប់សព្វគ្រប់ទេពីព្រោះក្រុមមន្ត្រីបានលាតត្រដាងឱ្យដឹងអំពីអ្វីដែលពួកគេនិយាយថាជាឧបសគ្គមួយដល់ការអនុវត្តកិច្ចព្រមព្រៀងនេះគឺបរាជ័យរបស់ប្រទេសតួកគីក្នុងការបញ្ឈប់លំហូរពួកជនចំណាកស្រុកដូចដែលប្រទេសនេះបានសន្យាថាធ្វើតាមរយៈកិច្ចព្រមព្រៀងនោះ៕