ក្រុមប៉ូលិសនិងក្រុមអ្នកកាន់មរណទុក្ខរាប់ពាន់នាក់នៅទូទាំងស.រ.អា.បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅក្នុងបូរីញូវយ៉ក (New York) ដើម្បីផ្តល់កិត្តិយសជូនសពលោក Wenjian Liu ប៉ូលិសម្នាក់ដែលត្រូវបានបាញ់ស្លាប់កាលពីខែមុននៅក្នុងការវាយប្រហារមួយដែលលោកត្រូវបានយកធ្វើជាទីដៅ។
លោក Bill de Blasio អភិបាលបូរី New York និងសមាជិកគ្រួសារលោកបានថ្លែងវិយោគកថាជូនដល់ប៉ូលីសរូបនេះដែលបានត្រូវបាញ់ស្លាប់ជាមួយដៃគូរបស់លោកនៅពេលប៉ូលិសទាំងពីររូបនោះកំពុងអង្គុយក្នុងរថយន្តល្បាតកាលពីខែធ្នូឆ្នាំមុន។
ភរិយាលោក Liu ដែលបានរៀបអាពាហ៌ពិពាហ៌ជាមួយលោកពីរខែមុននេះបានទប់ទឹកភ្នែក នៅពេលអ្នកស្រីបាននិយាយនៅក្នុងពិធីបុណ្យសពអំពី«វីរបុរស» របស់អ្នកស្រី។
អ្នកស្រីបានលើកឡើងថា «គាត់ (ស្វាមីអ្នកស្រី) មានមោទនភាពជាមួយការពិតជាក់ស្តែងដែលគាត់ជាប៉ូលិសនៃបូរី New York។ គាត់ជាប៉ូលិសម្នាក់ដែលឧស្សាហ៌ណាស់...គាត់មិនខ្លាចអ្វីទេនៅពេលធ្វើការនិងក្រៅពេលធ្វើការ»។
បុរសឈ្មោះ Ismaaiyl Brinsley អាយុ២៨ឆ្នាំបានបាញ់សម្លាប់លោក Liu និងលោក Rafael Ramos នៅមុនពេលជននោះបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយ៕