ជនសង្ស័យសមាជិកក្រុមអាល់កៃដា (Al-Qaida) នៅប្រទេសលីប៊ីបានស្លាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលត្រូវទ្បើងតុលាការនៅក្រុងញូយ៉ក (New York) ពាក់ព័ន្ធនឹងបទបំផ្ទុះគ្រាប់បែកនៅឯស្ថានទូតស.រ.អា.ក្នុងទ្វីបអាហ្វ្រិក។
មេធាវីរបស់ជនសង្ស័យ Abu Anas al-Libi បាននិយាយថា កូនក្តីរបស់លោកមានជំងឺថ្លើមប្រភេទសេ (hepatitis C) និងជំងឺមហារីកថ្លើមធ្ងន់ធ្ងរ ហើយបានស្លាប់កាលពីថ្ងៃសុក្រនៅក្នុងមន្ទីរពេទ្យមួយនៅក្រុង New York។
ជនសង្ស័យ Libi និង Khalid al-Fawwaz ដែលជាជនជាតិអារ៉ាប៊ីសាអូឌីត ត្រូវឡើងតុលាការនៅថ្ងៃទី១២ខែមករា ទាក់ទិននឹងការវាយប្រហារនៅប្រទេសកេនយ៉ា និងតង់សានី ដែលបានបណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់។ លោក Bernard Kleinman មេធាវីរបស់ជនសង្ស័យ Libi បាននិយាយថា សុខភាពកូនក្តីលោកបានទ្រុឌទ្រោមយ៉ាងឆាប់រហ័សកាលពីខែមុន។
Libi និង Fawwaz បានលើកឡើងថា ពួកគេគ្មានទោសពៃរ៍អ្វីទេក្នុងការចោទប្រកាន់ពីបទរូមគំនិតប្រព្រឹត្តអំពើទុច្ចរិត។ កងកម្លាំងពិសេសស.រ.អា.បានចាប់ខ្លួន Libi នៅក្រុងទ្រីប៉ូលី (Tripoli) កាលពីខែតុលាឆ្នាំ២០១៣។ ជនសង្ស័យរូបនោះបានឋិតនៅក្នុងបញ្ជីឈ្មោះភេរវជនដែលគេចង់បានខ្លួនបំផុតរបស់ការិយាល័យស៊ើបអង្កេត FBI របស់ស.រ.អា៕