ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden​ និង​អភិបាល​រដ្ឋ​ឆ្នេរ​ខាងលិច​​គ្រោង​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ឆ្លើយតប​នឹង​ភ្លើង​ឆេះ​ព្រៃ​


រូប​ឯកសារ៖ លោក Joe Biden កាល​នៅ​ជា​បេក្ខជន​ប្រធានាធីបតី ថ្លែង​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​ភ្លើង​ឆេះ​ព្រៃ​ដែល​ប៉ះពាល់​បណ្តា​រដ្ឋ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោក Joe Biden កាល​នៅ​ជា​បេក្ខជន​ប្រធានាធីបតី ថ្លែង​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​ភ្លើង​ឆេះ​ព្រៃ​ដែល​ប៉ះពាល់​បណ្តា​រដ្ឋ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០។

លោក​ប្រធានាធិបតី​ Joe Biden ​គ្រោង​នឹងរៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​អភិបាលរដ្ឋ​មក​ពីរដ្ឋ​ឆ្នេរ​ខាង​លិច​ចំនួន​៨​អំពី​ការ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ខណៈ​តំបន់​នេះភាគ​ច្រើន​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត។​

លោក ​Biden​ និង​មន្ត្រីរដ្ឋបាល​របស់​លោក​មួយ​ចំនួន​ទៀត​នឹង​ពិភាក្សា​ពី​សេតវិមាន​ជាមួយ​អភិបាល​រដ្ឋ​ដែល​ចូល​រួម​តាម​វីដេអូ​អនឡាញ។​

លេខា​ព័ត៌មាន​សេតវិមាន​អ្នកស្រី​ Jen Psaki​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​ថា​កិច្ច​ប្រជុំនឹង​«ផ្ដោត​លើ​វិធីដែល​រដ្ឋាភិបាល​សហព័ន្ធ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការត្រៀម​ខ្លួន​និង​កិច្ច​ប្រឹង​ប្រែង​ទប់ទល់​ការពារ​សុវត្ថិភាព​សាធារណៈ​និង​ជួយ​មនុស្ស​ក្នុង​គ្រា​អាសន្ន។​

អ្នក​ដែល​ចូលរួម​មានអភិបាល​រដ្ឋ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូច​ជា​លោក​ Gavin Newsom​ អភិបាល​រដ្ឋ​ California ​ លោក​ Jared Polis ​អភិបាល​រដ្ឋ​ Colorado ​ អ្នកស្រី​ Michelle Lujan Grisham ​អភិបាល​រដ្ឋ​New Mexico ​ លោក ​Steve Sisolak អភិបាល​រដ្ឋ ​Nevada ​ អ្នកស្រី​Kate Brown​ អភិបាល​រដ្ឋ​Oregon ​និង​លោក Jay Inslee អភិបាល​រដ្ឋ​ Washington​ព្រមទាំង​អភិបាល​រដ្ឋមក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ Spencer Cox​ នៃ​រដ្ឋ​Utah ​និង​លោក Mark Gordon ​នៃ​រដ្ឋ Wyoming។​

អភិបាល​រដ្ឋ​ចំនួន​បីមក​ពី​គណបក្ស​សាធារណរដ្ឋដែល​មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នេះ​រួម​មាន​លោក Dou Ducey ​អភិបាល​រដ្ឋ​Arizona ​ លោក Brad Little ​អភិបាល​រដ្ឋ Idaho​ និង​លោក​Greg Gianforte ​អភិបាល​រដ្ឋ Montana។​

លោក​ Gianforte ​បាន​បង្ហោះសារ​លើ​ Twitter ​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក​«ខកចិត្ត​ដែល​បាន​ដឹង​ព័ត៌មាន»​ថា​លោក​ប្រធានាធិបតី​ «មិន​បាន​ផ្ដល់​កៅ​អី​ឲ្យ​រដ្ឋ​ Montana ​និង​រដ្ឋ​ផ្សេងៗ​ទៀត​ដែល​កំពុង​ប្រឈម​មុខ​នឹង​រដូវ​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ»។​

មជ្ឈមណ្ឌល​អគ្គិភ័យ​អន្តរកម្មជាតិ​ដែល​សម្រប​សម្រួល​ការ​កៀរគរ​ធនធាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​បណ្តា​រដ្ឋ​នៅ​ឆេ្នរ​ខាង​លិច​ជា​ច្រើន​កំពុង​ប្រឈមនឹង​លទ្ធភាពភ្លើង​ឆេះព្រៃធំដុំ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​

របាយ​ការណ៍​ឃ្លាំ​មើល​គ្រោះ​រាំង​ស្ងួត​របស់​សហ​រដ្ឋ​អាមេរិក​រាយ​ការណ៍​ថា​តំបន់​ជា​ច្រើន​នៅ​រដ្ឋ​Arizona រដ្ឋ​ California ​រដ្ឋ New Mexico រដ្ឋ Nevada ​និង​រដ្ឋ ​Utah​កំពុង​ជួប​ប្រទះ​គ្រោះ​រាំងស្ងួត​ខ្លាំង៕

XS
SM
MD
LG