អ្នកការពារសិទ្ធិមនុស្សនៃអង្គការអាដហុកចំនួនបួននាក់និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនទុកសាកសួររហូតដល់រំលងអធ្រាត្រចូលថ្ងៃសុក្រដោយមិនទាន់ដោះលែងមិនវិញទេ។
អ្នកទាំងប្រាំនាក់នោះមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា លោកស្រី លឹម មុនី និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលក៏ជាអតីតប្រធានក្រុមស៊ើបអង្កេតនៃអង្គការអាដហុកដែរ។
អង្គភាពប្រឆាំងអំពើពុករលួយកំពុងសាកសួរពួកគេទាក់ទិននឹងការអះអាងរបស់នារីម្នាក់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលចោទថា មន្ត្រីអង្គការសិទ្ធិមនុស្សបានបង្គាប់នាងឱ្យឆ្លើយកុហកតុលាការនៅក្នុងសំណុំរឿងស្នេហាលួចលាក់រវាងនាងជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ហើយពេលបច្ចុប្បន្ននាងកំពុងតែប្តឹងទារលុយចំនួន៣០ម៉ឺនដុល្លារ។
លោក ធន សារ៉ាយ ប្រធានអង្គការអាដហុកចាត់ទុកថា នេះគឺជាការឃាត់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចាកចេញ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទៅហើយនោះ។ នេះបើតាមការផ្តល់បទសម្ភាសន៍របស់លោកប្រាប់វិទ្យុ VOD។ លោក ធន សារ៉ាយ បានបន្តថា លោកបានហៅទូរស័ព្ទទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយគឺ លោក ឱម យ៉ិនទៀង កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ ហើយលោក ឱម យ៉ិនទៀង បញ្ជាក់ថា មិនអនុញ្ញាតឲ្យយកមន្រ្តីទាំងនោះចេញទេ។
រហូតមកដល់ម៉ោង១និង៣០នាទីព្រឹកថ្ងៃសុក្រនេះអ្នកការពារសិទ្ធិមនុស្សទាំងបួននាក់និងមន្ត្រីគ.ជ.បក៏នៅតែមិនទាន់ត្រូវបានអនុញ្ញាតឱ្យចេញមកវិញនៅឡើយដែរ។ នេះបើតាមការបញ្ជាក់របស់លោក ថា កិត្យា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលនៅតាមដានយកព័ត៌មាននៅពីខាងមុខអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ VOA។
អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយកោះហៅសាកសួរនៅកាលពីថ្ងៃព្រហស្បតិ៍ដែរបានប្រាប់ VOA ថា អ្នកស្រីឆ្ងល់ពីមូលហេតុដែលអ្នកស្រីត្រូវហៅសាកសួរនោះទេ ព្រោះអង្គការរបស់អ្នកស្រីគ្រាន់តែរួមជាមួយអង្គការផ្សេងទៀតចេញសេចក្តីថ្លែងការណ៍ការពារសិទ្ធិនិងកិត្តិយសស្ត្រី។
លោកស្រី ធីតា ឃឹះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីបញ្ចប់ការសាកសួរអស់ជាច្រើនម៉ោង៕