ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍ ​ចំពោះ​ការ​«ឡើង​កម្ដៅ​នយោបាយ»


រូប​ឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងនិវត្តន៍ពីអង្គពិធី ក្រោមគារវកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ (អូន ឆេងប៉រ/VOA)
រូប​ឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងនិវត្តន៍ពីអង្គពិធី ក្រោមគារវកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ (អូន ឆេងប៉រ/VOA)

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​ មកទល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​មហាក្សត្រ​នៅឡើយ​នោះ​ទេ។​

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​ បាន​ដាក់​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ ​នរោត្តម​ សីហមុនី ស្នើ​សុំព្រះរាជ​អន្តរាគមន៍​ដើម្បី​ពន្លត់​ស្ថានភាព​ ដែល​គណបក្ស​ជំទាស់ ហៅ​ថា ជា​«កម្ដៅ​នយោបាយ»នៅ​កម្ពុជា​នា​ពេល​ចុង​ក្រោយ​នេះ។

កម្ដៅ​នយោបាយ​ដែល​បញ្ជាក់​នៅ​ក្នុង​លិខិត​ ចុះ​ហត្ថលេខា​រួមគ្នា​ដោយ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ទាំង​៥៣​រូប​នេះ​ សំដៅ​ដល់​ ការ​ចាប់ខ្លួន​អ្នក​នយោបាយ​ សកម្មជន​ការពារ​បរិស្ថាន​ សមាជិក​ព្រឹទ្ធសភា​ អ្នក​តំណាង​រាស្ត្រ​ ​ការ​រឹត​ត្បិត​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព ​ការ​គំរាម​កំហែង​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និងការ​ដាក់​ពាក្យ​បណ្ដឹង​ ប្រឆាំង​អ្នក​វិភាគទៀត​ផង។

លិខិតនេះ​ បាន​បញ្ជាក់​ថា៖

«...បើ​សិន​គ្មាន​ដំណោះស្រាយ​ឆ្លើយតប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ទេ វា​អាច​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ថយ​ក្រោយ​ ដោយសារ​តែ​ស្ថាប័ន​ជាតិ​កំពូលៗ​ មាន​ដំណើរ​ការ​មិន​ប្រក្រតី​ និង​បាត់​បង់​ឯករាជ្យ​ភាព មាន​តែ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ប៉ុណ្ណោះ​ ដែល​មាន​ភាព​ឯករាជ្យ​ និង​មាន​ព្រះរាជ​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀង​ទាត់»។​

លោក​ យឹម សុវណ្ណ តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​ បាន​ឲ្យ​ដឹង​ថា​ គណបក្ស​លោក ​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​កម្ដៅ​នយោបាយ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា​ដូច​ពេល​បច្ចុប្បន្ន​នេះ។

«យើង​យល់​ថា​ស្ថាប័ន​ព្រះ​មហាក្សត្រ​ គឺ​ជា​ស្ថាប័ន​មួយ​ដែល​អាច​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋដែល​រង​គ្រោះ​ ក្នុង​នាម​ព្រះ​អង្គ​ជា​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា។​ ស្ថាប័ន​ណា​ក៏ដោយ​ ឲ្យ​តែ​យើង​យល់​ឃើញ​ថា​អាច​ជួយ​បាន​ យើង​ស្នើ​ឲ្យ​ស្ថាប័ន​ហ្នឹង​ជួយ។ វប្បធម៌​សន្ទនា ក៏​យើង​នៅ​តែ​បន្ត​ភាគី»។​

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ យឹម សុវណ្ណ​ មកទល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​មហាក្សត្រ​នៅឡើយ​នោះ​ទេ។​

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ យល់​ថា​ ការ​ដាក់​លិខិត​ទៅ​កាន់​ព្រះ​មហាក្សត្រ​នេះ​ ជា​ជម្រើសរបស់​គណបក្ស​ជំទាស់។

ក៏​ប៉ុន្តែ​តាម​ទស្សនៈរបស់​លោក​ផ្ទាល់​ លោក​មិន​ចង់​ឲ្យ​ព្រះ​មហាក្សត្រ​លូក​ដៃ​ក្នុង​បញ្ហា​នយោបាយ ឬ​តុលាការនោះ​ទេ។

លោក អ៊ូ វីរៈ ពន្យល់​ថា៖

«នយោបាយ​ហាក់​ដូច​ជា​ឡើង​កម្ដៅ​ជាង​អាកាសធាតុ​ទៀត។ ជា​រឿង​មួយ​គួរ​ឲ្យ​សោក​ស្ដាយ​ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ប្រជា​ពលរដ្ឋ​ ហាក់​ដូចជា​យល់​ដឹង​ជាង​មុន។ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ថា​ ការ​ជិះ​សេះ​លែង​ដៃ​មួយ​ណា​ ក៏​ធ្វើ​ជ្រុល​ពេក​ ក៏​ប្រជាពលរដ្ឋ​គាត់​នឹង​ថ្កោល​ទោស​ដែរ។ ហេតុនេះ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់​ជាង​គេ»។​

យ៉ាង​ណា​ក៏ដោយ លោក សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច ​យល់​ថា​ការ​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​សំណាក់​ព្រះ​មហាក្សត្រ​នេះ​ ជា​ការ​ប្រព្រឹត្តិ​ខុស​នីតិវិធី។

លោក​អះអាង​ថា ​ពុំ​មាន​កម្ដៅ​នយោបាយ​ណា​មួយ​ កំពុងកើត​ឡើង​នោះ​ទេ ហើយ​កម្ពុ​ជា​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សន្តិ​ភាព​ដែល​មាន​ស្ថិរភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច។

«ខ្ញុំ​យល់​ថា​ការ​ធ្វើ​លិខិត​ទៅ​សុំ​អន្តរាគមន៍​ពី​ព្រះ​ករុណា​ វា​ខុស​ពី​នីតិ​វិធី​ហើយ។ មិន​មែន​ជា​ការ​គាប​សង្កត់​របស់​គណបក្ស​កាន់​អំណាច​ ទៅ​លើ​គណបក្ស​ប្រឆាំង​ទេ។ តែ​បញ្ហា​ដែល​កើត​ឡើង​ទាំង​អស់​មក​ដល់​ពេល​នេះ​ គឺ​ជា​ផល​វិបាក​ដែល​កើត​ចេញ​ពី​អំពើ​ប្រព្រឹត្តិ​ជាក់​ស្ដែង​ខុសច្បាប់​របស់​អ្នក​នយោបាយ​ក្នុង​គណបក្ស​ប្រឆាំង​ហ្នឹងឯង។ ហើយ​ចំពោះ​ស្ថានភាព​នយោបាយ​ ថា​ក្ដៅ ឡើង​កម្ដៅ​ អា​ហ្នឹង​ជា​កម្ដៅ​តែ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ក្រៅពីហ្នឹង​គេ​អត់​ក្ដៅ​ជា​មួយ​ទេ»។​

កាល​ពី​សប្ដាហ៍​មុន​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ដាក់​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ ​នរោត្តម សីហមុនី សុំ​អន្តរាគមន៍​ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​តំណាងរាស្ត្រ​លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែរ ដោយ​សំអាង​ហេតុផល​ថាការ​ចាប់​ឃុំ​ខ្លួន​នេះ​ ​ជា​ការ​រំលោភ​ច្បាប់។

ក៏​ប៉ុន្តែ​ មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​ព្រះ​មហាក្សត្រនៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG