ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​ជន​រងគ្រោះ​ក្នុង​ទំនាស់​ដី​ធ្លី តវ៉ា​ប្រឆាំង​ការ​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស


រូប​ឯកសារ៖ ​អ្នកស្រី ​ទេព វណ្ណី​
រូប​ឯកសារ៖ ​អ្នកស្រី ​ទេព វណ្ណី​

មនុស្ស​៨នាក់​ដែល​រួមមាន​ប្រធាន​អង្គការ​និង​​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស ហើយ​និង​មន្ត្រី​គ.ជ.ប. ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះ​ហៅ​សាកសួរ​នៅ​​ថ្ងៃពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍។

ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​កោះ​ហៅ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​ ដើម្បី​សាកសួរ​ទាក់ទង​នឹង​បណ្ដឹង​របស់​នាង​ ខុម ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​នោះ អ្នក​តំណាង​និង​សកម្មជន​ការពារ​សិទ្ធិ​លំនៅឋាន​នៅ​តំបន់​បឹងកក់ ​បាន​នាំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​រិះគន់​ចំណាត់​ការ​របស់​អង្គភាព​នេះ។

អ្នកស្រី ​ទេព វន្នី ​អ្នក​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ និង​ជា​ជ័យលាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​របស់​សហរដ្ឋ​អាមេរិក និយាយ​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​អ្នកភូមិ​បឹងកក់​ បាន​ចូលរួម​តវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​ការ​ឈឺ​ឆ្អាល ដោយសារ​ពួកគេ​ស្អប់ខ្ពើមអំពើ​អយុត្តិធម៌ដែល​ពួក​គាត់​ធ្លាប់​ប្រឈម​មុខ​កន្លង​មក។

អ្នកស្រី ទេព វន្នី ថ្លែង​ប្រាប់ VOA ថា៖

«ការ​រង​ភាព​អយុត្តិធម៌​របស់​អង្គការ​ហ្នឹង ​យើង​មក​ផ្ដល់​កម្លាំង​ចិត្ត​និង​លើក​ទឹកចិត្ត​ដល់​ពួកគាត់​ ដូច​អ្វី​ដែល​ពួក​គាត់​ ដែល​ពី​មុន​មក​ក៏​ពួក​គាត់​ក្នុង​នាម​ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​ក៏​គាត់​តែងតែ​ចូល​ឃ្លាំ​មើល​ពួក​យើង​ដែល​រង​គ្រោះ​ដូច​គ្នា​ដែរ​នៅ​ណា៎»។

មនុស្ស​៨នាក់​ដែល​រួមមាន​ប្រធាន​អង្គការ​និងបុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស ហើយ​និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះ​ហៅ​សាកសួរ​នៅថ្ងៃពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍។

អ្នកស្រី​ ធីតា ឃឹះ ​ប្រធាន​អង្គការ​សីលការ ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​សាក​សួរ​ដែរ​នោះ ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ VOA ​ថា ​អ្នកស្រី​ឆ្ងល់​ពី​មូលហេតុ​ដែល​អ្នកស្រី​ត្រូវ​ហៅ​សាកសួរ​ ព្រោះ​អង្គការ​របស់​អ្នកស្រី​គ្រាន់តែ​រួម​ជាមួយអង្គការ​ផ្សេង​ទៀត ចេញ​សេចក្ដី​ថ្លែង​ការណ៍ការពារ​សិទ្ធិ​និង​កិត្តិយស​របស់​ស្ត្រី។

អ្នកស្រី​បន្ត​ថា ​បទ​ពិសោធន៍​នេះ ​មិន​ធ្វើ​ឲ្យ​អ្នក​ស្ត្រីញញើត​ក្នុង​ការ​បន្ត​ជួយ​ការ​ពារ​សិទ្ធិ​ និង​កិត្តិយសរបស់​ស្ត្រី​ក្នុង​ពេល​អនាគត​ទេ ​តែ​វា​ជា​មេរៀនឲ្យ​អ្នកស្រី​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។

«មិន​ដឹង​ថា​ គាត់​ជា​អ្នក​រងគ្រោះ​ ឬ​ក៏​គាត់​ជា​អ្នក​ផ្សំ​គំនិត​ដើម្បី​ចោទ​មក​លើ​ខ្ញុំ​ទេ​ ​ព្រោះ​ដូចជា​រឿង​ខ្ញុំ​អី​ ដែល​គាត់​ចោទ​មក​នោះ​ អត់​មាន​រឿង​ស្អី​ដែល​ត្រូវ​ទាក់ទិន​នឹង​ខ្ញុំ​សោះ!​ ជួប​គ្នា​ម្ដង​៣០នាទី​ប៉ុណ្ណឹង​ឯង»។

អ្នកស្រី​ ធីតា ឃឹះ ​មិនទាន់​សន្និដ្ឋាន​ថា ​តើ​នាង​ ខុម ចាន់តារ៉ាទី​ ជា​ជន​រង​គ្រោះ​ឬ​ជា​អ្នក​ផ្សំ​គំនិត​ចោទ​ប្រកាន់​អ្នកស្រី​នោះ​ទេ។

លោកស្រី​ ក៏​មិន​ទាន់​ដឹង​ដែរ​ថា ​តើ​ចម្លើយ​មួយ​ណា​របស់​នាង ​ខុម ចាន់តារ៉ាទី ​ជា​ការណ៍​ពិត​នោះ ពី​ព្រោះ​នាងដូរ​ចម្លើយ​ចុះ​ដូរ​ឡើង​ជាច្រើន។

«ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​បទ​ពិសោធន៍​មិន​ល្អ​នេះ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​ទៅ​ជា​ក្រិន ​លែង​ចង់​ជួយ​អ្នក​ដទៃ​នោះ​ទេ ​ ​ព្រោះ​វា​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​សង្គម​យើង»។

រហូត​មក​ដល់​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​លោក ​ធន សារាយ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស ​អាដហុក​ នៅ​រង់​ចាំ​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​បុគ្គលិក​របស់​លោក​បួន​នាក់​ដែល​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ។

លោក ធន សារាយ ថ្លែង​ថា៖

«ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា ​តើ​គាត់​ចោទ​ប្រកាន់​បុគ្គលិក​ខ្ញុំ​រឿង​អី​ទេ។​ ខ្ញុំ​អត់​ច្បាស់​ដែរ​ណា៎។ ​ខ្ញុំ​កំពុង​តែ​ចាំ។​ ប៉ុន្តែ​ប្រហែល​មិនសូវ​សង្ឃឹម​ទេ​យប់​នេះ»។

VOA​ បាន​ព្យាយាម​ទាក់​ទង​លោក​ ឱម យ៉ិនទៀង​ ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តែ​មិន​អាច​ទាក់ទង​បាន។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ កាល​ពី​ថ្ងៃពុធ​ លោក ឱម យ៉ិនទៀង ​បាន​និយាយ​ថា ​លោក​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នេះ​ដើម្បី​សាកសួរ​រក​ការណ៍​ពិត។

«គាត់​មិន​ទាន់​ត្រូវ​កំណត់​ជា​អីៗ​ទេ។ ​គាត់​អាច​ជា​សាក្សី។​ពាក់ព័ន្ធ​រឿង​អីៗ​គឺ​កុំអាល​គិត​ខ្លួន​ឯង​ដោយ​របៀប​អញ្ចឹង​ណា៎។​ សូម​រួម​ចំណែក»។

ក្រៅ​ពី​អ្នកស្រី ធីតា ឃឹះ ​ក៏​មាន​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​៥នាក់​ទៀត​ដែរ ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ រួមមាន​លោក​ នី សុខា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ អ្នកស្រី​លឹម មុនី ​មន្ត្រី​អង្កេត​ជាន់​ខ្ពស់ ​អ្នកស្រី ​ទ្រី ឈួន​ អតីត​មេធាវី​របស់​នាង​ ខុម ចាន់តារ៉ាទី ​ហើយ​នឹង​លោក​ យី សុខសាន្ត​ និង​លោក​ ណៃ វ៉ង់ដា​ ដែល​អ្នក​ទាំង​ពីរ​ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាហុក។​

ក្រៅ​ពី​នេះ​ មាន​លោក​ នី ចរិយា ​អតីត​មន្ត្រី​អាដហុក​និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហើយ​និង​លោក​ សឺន សាលី ​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ផង​ដែរ។

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ លោក​ ស៊ាង ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម ​ដែល​ជាមេឃុំ​មក​ពីគណបក្ស​ សម រង្ស៊ី ​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ កាលពី​ថ្ងៃ​ពុធ​ពី​បទ​សូក​ប៉ាន់​សាក្សី ​ដោយ​សំអាង​តាម​ចម្លើយ​របស់​នាង​ ខុម ចាន់តារ៉ាទី ​ដែល​ថា ​លោក​ឲ្យ​លុយ​ម្ដាយ​នាង​៥០០​ដុល្លារ ​ដើម្បី​កុំ​ឲ្យ​នាងនិយាយ​ប៉ះ​ពាល់​កិត្តិយស​របស់លោក ​កឹម សុខា។​

ក្រៅ​ពី​នេះ​ លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹងទាក់ទង​នឹង​អត្ថាធិប្បាយ​របស់​លោក ​ព្រោះ​លោក​បញ្ចេញ​ទស្សនៈ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​រៀបចំ​រឿង​នេះ។

លោក​ កែម ឡី​ អ្នក​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​អំពី​សង្គម​ បាន​ប្រាប់​ VOA ​ថា សមត្ថ​កិច្ច​គួរ​ស្វែងរក​ឫស​គល់​នៃ​បញ្ហា​ ដូចជា​អ្នក​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​នេះ​ ហើយ​និង​សាក្សី​ ដែល​ជា​អ្នក​លួច​ថត​សំឡេង​ ដើម្បី​បញ្ជាក់​ថា​ ជា​សំឡេង​កាត់ត​ឬ​មិន​កាត់ត ​ ជា​សំឡេង​ពិត ឬ​មិន​ពិត។

លោក​បន្ត​ថា ​ការដែល​សមត្ថកិច្ច​បែរ​ជា​ចាត់​វិធាន​ការ​ពង្រីក​បញ្ហាទាក់ទង​នឹង​ខ្សែ​អាត់​សំឡេង​ស្នេហា​ដែល​គេ​ចោទ​ថា ​ជា​សំឡេង​លោក ​កឹម សុខា​ និង​នាង ​ខុម ចាន់តារ៉ាទី​ នេះ ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​សង្គម​ទេ។

«រដ្ឋ​សភា ​ឬ​រដ្ឋាភិបាល​ហ្នឹង ​ត្រូវ​តែ​រក​ឫស​គល់​នៃ​បញ្ហា​ ចៀសវាង​យើង​ពង្រីក​បញ្ហា។ បញ្ហា ​បើ​កាលណា​វា​តូច ​តែ​យើង​ព្យាយាម​ពង្រីក​ វា​រីក​ហើយ។​ បើ​ព្យាយាម​បង្រួម​ វា​រួម​អញ្ចឹង​ទៅ​ណា៎។​ អញ្ចឹង​អ្នក​ដឹកនាំ​ល្អ​គេ​ព្យាយាម​បង្រួម​បញ្ហា ​ហើយ​ដោះស្រាយ​បញ្ហា។​ ចៀស​វាង​ពង្រីក​បញ្ហា ​ហើយ​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​សាយភាយ»។

លោក​ កែម ឡី​ មិន​បន្ទោស​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ដក​ខ្លួន​លែង​ផ្ដល់​ជំនួយ​ផ្លូវច្បាប់​ឲ្យ​នាង​ ខុម ចាន់តារ៉ាទី​ នៅ​ពេល​នាងប្រឈម​បញ្ហា​ច្រើន​ឡើង​នោះ​ទេ។​

លោក​និយាយ​ថា​ កាល​ណា​បញ្ហា​ដែល​មាន​ចរិត​នយោបាយនេះ​កាន់តែ​រីក​ធំ​ឡើង​នោះ ​អង្គការ​សង្គម​ស៊ីវិល​ នឹង​ជាប់​ចំណង​កាន់​តែ​ខ្លាំង។

«កាលណា​យើង​យក​អា​ហ្នឹង​ធ្វើ​ជា​សាច់​រឿង​នយោបាយ​ធំ​ដុំ ​អញ្ចឹង​ បើ​អង្គការ​សង្គម​ស៊ីវិល​នៅ​បន្ត​ វា​មាន​បញ្ហា​ត​ទៅ​ទៀត។​ វា​អត់​មាន​តែ​ប៉ុណ្ណឹង​ទេ។ ​សូម្បី​តែ​ហក់​ចូល​មក​មួយ​ជំហាន​ចង់​ផុង​ផង ​ អញ្ចឹង​ណា៎ ​ ដោយសារ​តែ​យើង​យក​រឿង​បុគ្គល​ធ្វើ​ជា​រឿង​នយោបាយ​ យក​រឿង​បុគ្គល​ទៅជា​បញ្ហា​ធំ​ អា​ហ្នឹង​វា​ទៅ​ហើយ។​ បើ​ហក់​ចូល​កាន់​តែ​ជ្រៅ​ កាន់តែ​មាន​បញ្ហា»។

សមាគម​ អាដហុក ​បាន​ប្រកាស​ឈប់​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឲ្យនាង ​ខុម ចាន់តារ៉ាទី ​ស្រប​ពេល​ដែល​នាង​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្ត្រី​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោក​ស្ដាយ​ បន្ទាប់​ពី​នាង​បាន​ចោទ​ប្រកាន់​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ខាង​ផ្នែក​ច្បាប់​ដល់​រូប​នាង​នោះ​បាន​បង្គាប់​មិនឲ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់លោក​ កឹម​ សុខា។

ការ​ចោទ​ប្រកាន់​នេះ​កើត​មាន​ឡើង​ ​នៅ​ពេល​ដែល​នាង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ​ទារ​ជំងឺ​ចិត្ត​ពី​លោក​ កឹម ​សុខា ​គិត​ជា​ទឹកប្រាក់​៣០​ម៉ឺន​ដុល្លារ៕

XS
SM
MD
LG