ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេឃុំ​គណបក្ស​សម រង្ស៊ី​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន


សកម្មជន​ចេញ​មក​គាំទ្រ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។ តុលាការ​ក្រុង​ភ្នំពេញ​​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ស៊ាង ចែត​ មេឃុំ​ស្រក​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម ​ដែល​ជា​​មេឃុំ​មក​ពី​​គណបក្ស​សម រង្ស៊ី។
សកម្មជន​ចេញ​មក​គាំទ្រ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក។ តុលាការ​ក្រុង​ភ្នំពេញ​​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ស៊ាង ចែត​ មេឃុំ​ស្រក​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម ​ដែល​ជា​​មេឃុំ​មក​ពី​​គណបក្ស​សម រង្ស៊ី។

មេ​ឃុំ​ម្នាក់​របស់​គណបក្ស​សម រង្ស៊ី​ ដែល​ត្រូវ​នាង​ខុម ចាន់តារ៉ាទី​​ប្តឹង​ពី​បទ​ឲ្យ​លុយ​គ្រួសារ​នាង​៥០០​ដុល្លារ​ដើម្បី​កុំឲ្យ​គ្រួសារ​នេះ​និយាយ​ប៉ះ​ពាល់​កិត្តិយស​លោក​កឹម សុខានោះ​ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៅ​ថ្ងៃ​ពុធ​នេះ។

ចៅ​ក្រម​តុលាការ​ក្រុងភ្នំពេញ​ នៅ​ថ្ងៃពុធ​នេះ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ស៊ាង ចែត​ មេឃុំ​ស្រក​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម ​ដែល​ជាមេឃុំ​មក​ពីគណបក្ស​សម រង្ស៊ី។ ​នេះ​បើ​យោង​តាម​លោក​មេធាវីសំ សុគង់។​

លោក​សំ សុគង់​បានប្រាប់​ VOA​ ថា ​លោកស្រី​ផ្លាង ដាណែត ​ចៅក្រម​ជំនុំ​ជម្រះ​ បាន​សម្រេច​ឃុំខ្លួន​លោក​ស៊ាង ចែត​ បណ្តោះ​អាសន្ន​ពីបទ​សូកប៉ាន់​សាក្សី ​ដោយគ្រាន់​តែ​សំអាង​តាម​ចម្លើយ​របស់​នាងខុម ចាន់តារ៉ាទី។​

«តុលាការ​គេ​សម្រេចចោទ​ប្រកាន់​ ទីមួយ​ពីបទ​សូក​ប៉ាន់សាក្សី​ ទីពីរ​លោកស្រី​ចៅក្រមគាត់​បាន​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន»។​

លោក​និយាយថា​ ​លោក​បាន​លើក​ហេតុផល​សុំ​ឲ្យ​លោក​ស៊ាង ចែត​ ​នៅ​ក្រៅឃុំ​ ដោយ​សារ​លោក​មាន​មុខងារ​ច្បាស់លាស់​ជា​មេឃុំ។ ​លោក​ស៊ាង ចែត​បាន​ធានា​ថា​ លោក​នឹង​បង្ហាញ​ខ្លួន​គ្រប់ពេល​ដែល​តុលាការ​កោះហៅ​ និង​បាន​សុំ​ដាក់​ប្រាក់​ធានា​៥​លាន​រៀល។​ លោក ស៊ាង ចែត​ក៏​មាន​កូនតូច​ក្នុង​បន្ទុក​អាយុ​២​ឆ្នាំ​ផង​ដែរ។ ​លោកមេធាវីនិយាយ​ថា ​ហេតុផល​សុំ​នៅ​ក្រៅឃុំភ្លាមៗ​នេះ​ត្រូវ​តុលាការ​បដិសេធ​ ហើយ​លោក​ត្រូវ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស​រង់ចាំ​ការ​កាត់ទោស ​នៅ​ពេល​សមត្ថ​កិច្ច​បន្តការ​ស៊ើប​អង្កេត ​និង​ទុកពេលឲ្យ​មេធាវី​រៀបចំ​ឯកសារ​នីតិវិធី​ធ្វើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​តាម​ក្រោយ។​ លោក​បន្តថា​ ​ ពេល​វេលា​កាត់ក្តី​ក៏មិន​ទាន់​កំណត់​ដែរ។​

​លោក​និយាយ​ថា ​ភរិយា ​និង​កូន​របស់​លោក​ស៊ាង ចែត​បាន​សុំ​ទៅ​តាម​លោក​មេឃុំ​ ទៅ​ពន្ធនាគារ​ព្រៃ​ស។​

«គាត់​ថា ​គាត់​ទៅ​ពន្ធនាគារ​ជាមួយ​ដែរ ​តែ​ថា ​គាត់​ទៅអម​នោះ​ណា៎។​ គួរឲ្យ​អាណិតគាត់​ដែរ​ ព្រោះថា​ មិន​ដែល​បែក​ប្តី​ប្រពន្ធ​អី​អញ្ចឹង​នោះ​ណា៎»។

លោក​សំ សុគង់​បាន​ឲ្យដឹង​ថា ​លោក​ស៊ាងចែត​បាន​ប្រាប់​តុលាការ​ថា​ លុយ​ដែល​លោក​យក​ទៅ​ឲ្យ​គ្រួសារ​នាង​ខុម ចាន់តារ៉ាទី​នោះ​ជាលុយ​របស់​សម្បុរជន​ពីបរទេស​ជួយ​គ្រួសារ​នាង​ដែល​ខ្វះខាត ហើយ​មិន​មាន​ដាក់​លក្ខខណ្ឌ​អ្វី​ទេ។​

លោក​មេធាវីនិយាយ​ថា ​លោក​នឹង​ធ្វើការ​ស៊ើបសួរ​ឪពុក​ម្តាយ​របស់​នាង​ខុម ចាន់តារ៉ាទី​ ហើយ​លោក​សង្ឃឹម​ថា ​ការធ្វើការ​ស៊ើប​សួរ​ដេញ​ដោល​ទល់​មុខ​គ្នា​អាច​នឹង​ដឹង​ការណ៍​ពិត។​

លោក​ម៉ៅ មុន្នីវណ្ណ​ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​កំពង់ចាម​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃពុធ​នេះ​ថា ​លោក​បាន​ទទួល​លុយ​នេះ​ពី​សប្បុរស​ជន​នៅ​ប្រទេស​ណូវែលសេឡង់ ដែល​អាណិត​នាងខុម ចាន់តារ៉ាទី ព្រោះ​គ្រួសារនាង​បាត់បង់​ចំណូល ​និងមានការខ្វះខាត។​ ​លោក​បាន​ប្រគល់​លុយ​នេះ​ឲ្យ​លោក​ស៊ាង ចែត​យក​ទៅ​ឲ្យគ្រួសារ​របស់​នាងខុម ចាន់តារ៉ាទី។

«ស្រី​មុំ​ហ្នឹង​មិន​បាន​ប្រកប​របរ​រក​ស៊ីអី​ធ្វើការងារ​អី ​គាត់​អាណិត ​គាត់​ក៏​ផ្ញើ​ថវិកា​ហ្នឹង​ម៉ោ​ចំនួន​៥​រយ ​ផ្ញើតាម​រយៈ​មន្ត្រី​គណបក្ស។ ​ហើយ​មន្ត្រី​គណបក្ស​ហ្នឹង​បាន​យក​មក​ជូន​ខ្ញុំ»។

លោកស៊ាង ចែត​ មេឃុំ​ស្រក​ នៃ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់ខ្លួន​កាលពីថ្ងៃ​អាទិត្យ​ ដើម្បី​សួរនាំ​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​របស់​នាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ។

លោក​ អេង ឆៃ​អ៊ាង​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នក​តំណាង​រាស្ត្រ​ បាន​សរសេរ​នៅលើទំព័រ​ Facebook ​របស់​លោក​ថា ​ការ​ចាប់​ខ្លួន​ ដោយ​យោង​តាម​ការ​ឆ្លើយ​ដាក់​ពី​មនុស្ស​ម្នាក់​បែប​នេះ​«មិន​ខុស​ពី​របប​ខ្មែរក្រហម​ឡើយ»។ ​

នាង​ខុម ចាន់តារ៉ាទី ​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដោយ​សង្ស័យក្នុង​រឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ ​បាន​ចោទ​ប្រកាន់​ថា​ ​មេឃុំ​រូប​នេះ​ បាន​បញ្ចុះ​បញ្ចូល​ឲ្យឪពុក​ម្ដាយ​របស់​នាងទទួល​យក​លុយ​ចំនួន​៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ណែនាំ​នាង​មិន​ឲ្យ​និយាយ​ការណ៍​ពិត​ដែល​អាច​ប៉ះពាល់​លោក​កឹម សុខា។​

​លិខិត​ចំហ​របស់​ស្រី​មុំ ​ចុះ​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ បាន​ឲ្យ​ដឹង​ថា​ នាង​បាន​បាត់​បង់​កិត្តិយស​ ការងារ ​និង​រងទុក្ខ​លំបាក​ ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ជា​ខ្លាំង​ ដោយសារ​សកម្ម​ភាព​របស់​លោក​កឹម​ សុខា​ ដែល​នាង​ចោទ​ថា ​ជា​ការ​បោក​ប្រាស់។​

មន្ត្រី​គណបក្សសង្គ្រោះជាតិ​ និង​មន្ត្រី​សិទ្ធិមនុស្ស​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ់នាង​ខុម ចាន់តារ៉ាទី​ ត្រូវ​បាន​បំភិតបំភ័យ​ឲ្យ​ប្តូរ​ចម្លើយ​ដែលនាំ​ឲ្យមន្ត្រី​សិទ្ធិ​មនុស្ស ​ប្រធាន​អង្គការ​ និង​មេធាវី​ ​ត្រូវកោះ​ហៅ​សាកសួរ​ និង​ចោទ​ប្រកាន់​នោះ​ទេ៕

XS
SM
MD
LG