ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រីប្រហុកឆ្នាំនេះកើនឡើង ខណៈតម្លៃនៅធូរថ្លៃនៅឡើយ


ប្រជាពលរដ្ឋកំពុងលាងសម្អាតត្រីដាក់ក្នុងកញ្ជ្រែងដែលលើកចេញពីទន្លេ ក្នុងផែឡូនេសាទគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ប្រជាពលរដ្ឋកំពុងលាងសម្អាតត្រីដាក់ក្នុងកញ្ជ្រែងដែលលើកចេញពីទន្លេ ក្នុងផែឡូនេសាទគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ខណៈ​រដូវ​ធ្វើ​ប្រហុក​បាន​មក​ដល់ ​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​លក់​ត្រី​ប្រហុក​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​នេះ ​ត្រី​ប្រហុក​មាន​ច្រើន​ជាង​ឆ្នាំ​មុនៗ។​

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ អ្នក​សារ​ព័ត៌មាន​វីអូអេ​បាន​ចុះ​ផ្ទាល់​នៅ​ផែ​ឡូ​នេសាទ​គីឡូ​ម៉ែត្រ​លេខ ​៩ ​ក្នុង​ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​ដែល​លក់​ត្រី​ប្រហុក ​ដោយ​ពួក​គេ​អះអាង​ថា​ តម្លៃ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​ដដែល ​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ទេ ​បើ​ទោះ​បី​ជា​ត្រី​មាន​ចំនួន​ច្រើន​ក៏​ដោយ។​

កំពុង​អង្គុយ​នៅ​លើ​ទូក​ដែល​ទើប​តែ​លើក​ត្រី​ពី​ទន្លេ ​លោក​ តារ៉ា​ អាយុ​ ៥២ ​ឆ្នាំ ​អ្នក​រក​ត្រី​នៅ​លើ​ទូក​ នៅ​ផែ​ឡូ​នេសាទ​គីឡូ​ម៉ែត្រ​លេខ​ ៩​ ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​ថា​ ក្នុង​ឆ្នាំ​នេះ​លោក​រក​បាន​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ច្រើន​ជាង​មុន ​ដោយ​លោក​ថា​ ក្នុង​មួយ​ដាយ​លោក​អាច​បាន​ត្រី​ចន្លោះ​ពី​ ៥០០​ គីឡូ​ទៅ​ ១ តោន។​

លោក​ប្រាប់​វីអូអេ​ថា៖​ «វា​បាន​ច្រើន!​ គេ​ដាក់​ដាយ​ដាក់​អ៊ីចឹង​ទៅ​ ដាក់​ខែ​ ១២ ​ហ្នឹង​ហើយ​ វា​ត្រូវ​ត្រី​..​ត្រូវ​ខែ​ ១២»។

លោក​បន្ត​ថា​ ត្រី​ដែល​រក​បាន​ភាគ​ច្រើន​គឺ​សម្រាប់​តែ​ធ្វើ​ប្រហុក​ប៉ុណ្ណោះ ​ប៉ុន្តែ​ប្រសិន​បើ​រក​បាន​ត្រី​ធំៗ​គឺ​អ្នក​លក់​អាច​នឹង​យក​ទៅ​ធ្វើ​ផ្អក​ជា​ដើម។ ​លោក​ តារ៉ា ​បន្ត​ថា ​លោក​លក់​ត្រី​ប្រហុក​ដែល​មិន​ទាន់​វាយ​ហើយ​ បាន​ប្រមាណ​ ១៥០០​ រៀល ​ក្នុង​ ១ ​គីឡូក្រាម​ និង​ត្រី​សម្រាប់​ធ្វើ​ផ្អក​បាន​ប្រមាណ​ ៤០០០ ​រៀល​ ក្នុង​ ១ ​គីឡូ​ក្រាម។​

លោក​ថ្លែង​ថា៖​ «បើ​ត្រី​រាង​សម្បូរ​ទៅ​១៥០០​[រៀល]​ បើ​ត្រី​រាង​ខ្សត់​តិច​ទៅ​ ២០០០​[រៀល]។ ​ ហ្នឹង​សម្រាប់​ត្រី​ប្រហុក។​ បើ​អា​ត្រី​ទ្រើសៗ​ជា​ត្រី​ប្រហុក​ហ្នឹង ​តម្លៃ​វា​លើស​ហ្នឹង​តិច​ទៅ​ ៣០០០-៤០០០​[រៀល]​ អ៊ីចឹង​ ១ ​គីឡូក្រាម​ …​ហ្នឹង​រាង​ទ្រើស​បន្តិច​ត្រី​ផ្អក»។​

ស្ថិត​នៅ​ក្នុង​រោង​លក់​ត្រី​របស់​ខ្លួន​ អ្នក​ស្រី ​ស្លែស ទីយ៉ុម ​អាយុ​ ៣០​ ឆ្នាំ​ ជា​អ្នក​លក់​ត្រី​ប្រហុក​តាំង​ពី​កុមារ​ភាព​មក​ម៉្លេះ​ នៅ​ផែ​ឡូ​នេសាទ​គីឡូ​លេខ​ ៩ ​ក្នុង​រាជធានី​ភ្នំពេញ។ អ្នកស្រី​ ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សម្រាប់​ការ​រក​ត្រី​ធ្វើ​ប្រហុក​ ​ក្នុង​ខែ​នេះ​ត្រី​កើន​ឡើង​ជាង​ខែ​មុនៗ​ចាប់​ពី​ខែ​ ១២ ​រហូត​ទៅ​ដល់​ខែ​ ១។​ ប៉ុន្តែ​អ្នកស្រី​ថា​ តម្លៃ​លក់​ចេញ​ត្រីហុក​នេះ​មិន​សូវ​បាន​តម្លៃ​ថ្លៃ​ប៉ុន្មាន​ទេ។​

អ្នកស្រី​លើក​ឡើង​ថា៖ ​«ខែ​នេះ​រាង​ដាក់​លឿន​ជាង​ខែ​មុន។ ​អ៊ីចង់​ធ្វើ​ប្រហុក​ក៏​បាន​ ចង់​ធ្វើ​ផ្អក​ក៏​បាន។​ ចង់​ធ្វើ​អី​ក៏​បាន។ ​លក់​បាន​ ៣ ​ទៅ ​៤​ តោន​ដែរ​ មួយ​ថ្ងៃ។​ដល់​ល្ងាច​អី​យើង​បាន​ម៉ូយ​ធំ​មក​យក​ទៅ​ក៏​អស់​លឿន​អ៊ីចឹង​ [លក់​មួយ​គីឡូក្រាម]​ ៤០​ [បួន ពាន់ រៀល]​ដូច​តែ​រាល់​ឆ្នាំ​ដែរ»។​

អ្នក​លក់​ត្រី​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្នកស្រី​បារម្ភ​ថា​ នៅ​ថ្ងៃ​ខាង​មុខ​ ការងារ​រក​ត្រី​នេះ​អាច​ពិបាក​ ដោយ​សារ​តែ​កំណើន​អ្នក​ប្រកប​របរ​អាជីព​នេះ។​

អ្នកស្រី​បញ្ជាក់​ថា៖​«ពី​មុន​យើង​លក់​បាន​តិច​មែន​ ក៏​ប៉ុន្តែ​កម្រៃ​បាន​ច្រើន​ជាង​ឥឡូវ​ ព្រោះ​ឥឡូវ​ម្នាក់ៗ​ចេះ​រក​ស៊ី​ទាំង​អស់។​ អ៊ីចឹង​យើង​ពិបាក​ដែរ។​ មូល​ហេតុ​ថា​ ឥឡូវ​ច្រើន​វា​កាន់​តែ​ជិត​អស់​…​ជិត​អស់​ទៅ​ តែ​ធ្វើ​ម៉េច​រដូវ​មក​ដល់​បើ​យើង​មិន​រក​អត់​កើត»។​

អ្នកស្រី ​ស្លែស ទីយ៉ុម ​សំណូម​ពរ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​គួរ​តែ​មក​ទិញ​ត្រី​ប្រហុក​ក្នុង​អំឡុង​ខែ​នេះ​ ដើម្បី​ទទួល​បាន​តម្លៃ​សមរម្យ។​

អ្នកស្រី​ថា៖ ​«សុំ​ឱ្យ​បងប្អូន​យើង​ យើង​មក​ឱ្យ​ច្រើនៗ​មក​ ព្រោះ​អី​ត្រី​ចង់​អស់​ទៅ​វិញ។ ​អ៊ីចឹង​ ទាន់​ឥឡូវ​ធូរ​ថ្លៃ។​ តែ​ជិត​អស់​ទៅ​ ត្រី​ឡើង​មួយ​គីឡូ​ក្រាម​១​ម៉ឺន​ដូច​មុន​អ៊ីចឹង។​ អ៊ីចឹង​បាន​ថា​ ចង់​ឱ្យ​បង​ប្អូន​យើង​ចុះ​មក​ទាន់​ឥឡូវ​នៅ​ធូរ​ថ្លៃ»។​

ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រី ​ហ្វី នី​ អាយុ​ ២៨ ​ឆ្នាំ ​អ្នក​លក់​ត្រី​ប្រហុក​ឱ្យ​ភ្ញៀវ​នៅ​ផែ​ឡូ​នេសាទ​គីឡូ​ម៉ែត្រ​លេខ ​៩​ ក្នុង​រាជធានី​ភ្នំពេញ​ប្រាប់​វីអូអេ​ថា​ ត្រី​ប្រហុក​ឥឡូវ​ងាយ​ស្រួលរក​ជាង​រាល់​ដង​ និង​ថា​ លក់​ទៅ​វិញ​ក៏​ឆាប់​អស់​ទៀត​ ដោយ​សារ​មាន​អ្នក​មក​ទិញ​ផ្ទាល់ៗ​ដល់​កន្លែង​ស្រាប់​ មិន​ពិបាក​លើក​ចុះ​លើក​ឡើង​ច្រើន។​

អ្នក​ស្រី​ថ្លែង​ថា៖​«ត្រី​រៀល​ ត្រី​ប្រហុក​[១គីឡូ​ក្រាម]​ ៣​ ពាន់​ ៨ ​រយ …​វ៉ៃ​ហើយ។​ គេ​ដាក់​សាច់​ដាយ​[រក​បាន​មួយ​ថ្ងៃ]​បី​បួន​តោន​ [លក់]​ម៉ាភ្លែត​ដែរ​… លឿន​ដែរ​…​រាង​ធូរ​ជាង​មុន​បន្តិច»។​

ត្រីរៀលដែលទើបដែលលើកចេញពីទន្លេ ក្នុងផែឡូនេសាទគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ត្រីរៀលដែលទើបដែលលើកចេញពីទន្លេ ក្នុងផែឡូនេសាទគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កាល​ពី​ថ្ងៃ​ទី ​១៩ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣ ​នេះ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​លោក​ ឌិត ទីណា ​បាន​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​ប្រហុក​នៅ​ដាយ​ត្រី​លេខ​ ១៥ ​ក្នុង​ខេត្ត​កណ្តាល​ និង​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ក្រសួង​បាន​បន្ត​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​ក្នុង​ឆ្នាំ​នេះ ​ផល​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ​ ៥% ​ដោយ​សារ​ការ​សហការ​បង្ការ​និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ ​ច្បាស់​លាស់ ​និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។​

លោក ​ឌិត ទីណា ​ថ្លែង​ថា៖​ «ប៉ុន្តែ​ឆ្នាំ​ទៅ​យើង​បាន​មក​មើល​ម្តង។​ ឆ្នាំ​នេះ​យើង​បាន​មក​មើល​ម្តង​ទៀត​ ហើយ​ចុង​រដូវ​យើង​នឹង​បូក​សរុប។​ ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​ថា​ឆ្នាំ​នេះ​គឺ​ ទិន្នផល​នឹង​អាច​ឡើង​បាន​ខ្ពស់​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។​ ហើយ​ចំណុច​ទាំង​អស់​នេះ​គឺ​ដោយ​សារ​តែ​ការ​ព្យាយាម​បង្រ្កាប​នូវ​បទ​ល្មើស​ជា​ច្រើន​ ជាពិសេស​នៅ​បឹង​ទន្លេ​សាប។ ​ អ៊ីចឹង​ទេ​ត្រី​មាន​អាច​កកើត​ឡើង​វិញ​បាន​ទាន់​ពេល​វេលា​ ហើយ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា»។​

បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ ផល​ត្រី​ដែល​ប្រមូល​ជា​ប្រភេទ​ត្រី​ប្រហុក​ ដែល​ប្រមាណ​ ៧០%​ ជា​ប្រភេទ​ត្រី​ស្លឹក​ឫស្សី ​១០% ​ជា​ត្រី​ឆ្វៀត ​និង​ ២០%​ ត្រី​ចម្រុះ។​

នៅ​ក្នុង​ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ​វិញ ​ប្រធាន​សហ​គមន៍​នេសាទ​ក្នុង​ខេត្ត​ក្រចេះ ​លោក ស្រី ​ភ័ក្រ​ អាយុ​ ៤៥​ ឆ្នាំ ​ប្រាប់​វីអូអេ​ថា​ ចំនួន​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ឆ្នាំ​សម្បូរ​ច្រើន ​ប៉ុន្តែ​វា​ឆាប់​អស់​ទៅ​វិញ ​ដោយ​លោក​ថា​ ពី​មុន​ធ្វើ​ប្រហុក​បាន​ពីរ​ខែ​ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​ «រាង​ថយចុះ​តិច​ដូច​ខ្ញុំ​និយាយ​អម្បិញ​អ៊ីចឹង ​គឺ​ឆ្នាំ​ទៅ​ ឆ្នាំ​ទៅ​មួយ​អី​ត្រី​សម្បូរ​ហើយ​រយៈ​ពេល​យូរ​យើង​រក​បាន​ ហើយ​ឥឡូវ​ត្រី​អត់​សូវ​សម្បូរ​ដូច​ឆ្នាំ​មុន​ទេ ប៉ុន្តែ​រយៈ​ពេល​ខ្លី​ដែល​វា​ផុត​រដូវ​វា»។​

ចំនួន​មនុស្ស​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ ​បញ្ហា​បរិស្ថាន ​និង​ការ​ទប់​ទំនប់​ទឹក​ពី​ខាង​លើ​ទន្លេ​មេគង្គ ​គឺ​ជា​ដើម​ហេតុ​ដែល​បង្ក​ឱ្យ​ចំនួន​ត្រី​មាន​ការ​ថយ​ចុះ ​និង​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​តាម​ដង​ទន្លេ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​ស្រី ភ័ក្រ។​

លោកថ្លែង​ថា៖ ​«ដល់​ពេល​បញ្ហា​ដែល​ទឹក​ឡើង​មិន​ទៀង​ទាត់​ហ្នឹង​បណ្តាល​មក​ពី​មាន​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ​ភាគ​ច្រើន​គឺ​ទំនប់​នៅ​ខាង​លើ​មេគង្គ​របស់​ប្រទេស​កម្ពុជា។​ វា​មាន​ការ​ទប់​ស្កាត់​ផ្លូវ​ត្រី ​ទប់​ស្កាត់​ទឹក​ទន្លេ។ ​ដល់​ពេល​អ៊ីចឹង​ទៅ​ទឹក​វា​អត់​ដូច​មុន​ ត្រី​ក៏​វា​ផ្លាស់​ទី​លំនៅ​វា​ទៅ​រក​កន្លែង​ណា​ដែល​មាន​ទឹក​ជ្រៅ ​កន្លែង​ណា​ដែល​មាន​ចំណី​ មាន​ទឹក​ត្រជាក់​ ដូច​កន្លែង​ណា​ដែល​អត់​សូវ​មាន​បទ​ល្មើស»។​

កាលពី​ឆ្នាំ​ ២០២០​ គណៈ​កម្មការ​ទន្លេ​មេគង្គ ​(MRC) ​ដែល​មាន​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ និង​វៀតណាម​ជា​សមាជិក​ បាន​លើក​ឡើង​ថា ​ទឹក​ទន្លេសាប​របស់​កម្ពុជា​ជួប​ប្រទះ​ភាព​រាំង​ស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈ​ពេល​ជាង ​២០ ​ឆ្នាំ​មក​នេះ។​គណៈ​កម្មការ​បញ្ជាក់​ថា៖ ​«លំហូរ​ទាប​បែប​នេះ​បាន​ធ្វើ​ឱ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ស្ថានភាព​រាក់​ខ្លាំង​ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​កំណត់​ត្រា​ គិត​ចាប់​ពី​ឆ្នាំ​ ១៩៩៧ ​មក»។​

អ្នក​ស្រី ​ភឿ សុភី ​អាយុ​ ៤៣ ​ឆ្នាំ​ ប្រធាន​សហ​គមន៍​នៅ​ខេត្ត​ស្ទឹង​ត្រែង​ ប្រាប់​វីអូអេ​ថា​ ការ​ប្រមូល​ទិន្ន​ផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ ចាប់​ពី​ឆ្នាំ​២០២០​រហូត​មក​ដល់​ចុង​ឆ្នាំ​ ២០២៣ នេះ ​ ប្រជា​ពលរដ្ឋ​អ្នក​ប្រកប​របរ​រក​ត្រី​ប្រហុក​ងាយ​ស្រួល​ក្នុង​ការ​រក​ ព្រោះ​ចំនួន​ត្រី​កើន​ឡើង។ ​ប៉ុន្តែ​អ្នកស្រី​ថា​ ​ចំនួន​ត្រី​កើន​ឡើង​ក៏​ពិត​មែន ​ហើយ​ តម្លៃ​ត្រី​ប្រហុក​មិន​សូវថ្លៃ​ដូច​ពពួក​ត្រី​ធំៗ​ទេ។

អ្នក​ស្រី ​សុភី​ ថ្លែង​ថា៖​ «និយាយ​ទៅ​តាម​សង្កេត​មើល​តាំង​ពី​៣​ឆ្នាំ​ជាប់​គ្នា​ តាំង​ពី​ ២០២០​ ដល់​២០២៣​ហ្នឹង​ត្រី​សម្បូរ​អ្នក​គ្រូ​ព្រោះ​ ខែ​ប្រហុក​ខែ​ផ្អក​ហ្នឹង​គាត់​ប្រមូល​ផល​បាន​ច្រើន។​ អ្នក​ដែល​គាត់​ប្រមូល​ត្រី​ហ្នឹង​គាត់​ធ្វើ​ប្រហុក​ធ្វើ​ផ្អក​បាន​ច្រើន។ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គឺ​វា​ឡើង​ថ្លៃ​សម្រាប់​ត្រី​ ដូច​ត្រី​មួយ​ប្រភេទ​ និយាយ​ទៅ​ឱ្យ​តែ​ត្រី​ធំៗ​ហ្នឹង​គឺ​វា​ឡើង។​ តម្លៃ​ថោក​ តែ​ត្រី​ផ្អក​ត្រី​ប្រហុក​ទេ។ ​វា​មាន​តម្លៃ​ធូរ»។​

អ្នក​ស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ជលផល​ទាំង​អស់​គួរតែ​ទប់​ស្កាត់​ជន​ឆ្លៀត​ឱកាស​ទាំង​ឡាយ​ណា​ដែល​លួច​នេសាទ​ត្រី​ខុស​ច្បាប់។

អ្នក​ស្រី​ ភឿ សុភី​ លើក​ឡើង​ថា៖​ «ចង់​ថា​ ​ទប់​ស្កាត់​..​ ទប់​ស្កាត់​អ្នក​នេសាទ​ដូច​ថា​ជួន​កាល​គាត់​អាងតែ​ត្រី​ឡើង​ថ្លៃ​គឺគាត់​លួច​មាន​ឱកាស​គឺ​គាត់​លួច​ចូល។​ មិន​ថា​ ជំនាញ​ជលផល​មិន​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​អាច​ហាម​ឃាត់​បាន​ខ្លះៗ​ក៏​ល្អ​ដែរ​សំខាន់​ឈ្មួញ។ ​គាត់​ដឹង​ហ្នឹង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG