ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក​នឹង​ជួប​ក្រុមអភិរក្ស​និយម​ដើម្បី​ពិភាក្សា អំពី​​​ការ​ចោទ​ប្រកាន់​ពី​ភាព​លម្អៀង​ផ្នែក​នយោបាយ


រូបឯកសារ ៖ លោក Mark Zuckerberg ដែល​ជា​នាយក​ប្រតិបត្តិ​ហ្វេសប៊ុក កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​អ្នក​អភិវឌ្ឍន៍​ហ្វេសប៊ុក នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥។
រូបឯកសារ ៖ លោក Mark Zuckerberg ដែល​ជា​នាយក​ប្រតិបត្តិ​ហ្វេសប៊ុក កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​អ្នក​អភិវឌ្ឍន៍​ហ្វេសប៊ុក នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​ពុធ​នេះ លោក​ Zuckerberg នឹង​ជួប​ជាមួយ​អ្នក​ល្បី​ឈ្មោះ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​អភិរក្សនិយម​ដូចជា លោក Glenn Beck លោកស្រី Dana Perino ដែល​ជា​ពិធីការនី​កម្មវិធី The Five នៃ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News និង​លោក Zach Moffatt ដែល​ជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន Targeted Victory ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​វិស័យ​ទិញ​ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​ម៉ាក ហ្សាកគឺប៊ឺក (Mark Zuckerberg) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ បណ្តាញ​សង្គម​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា ហ្វេសប៊ុក មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​បែប​គំនិត​អភិរក្ស​និយម​ជា​ច្រើន​នាក់ ដើម្បី​ជជែក​អំពី​ការ​ចោទ​ប្រកាន់ដែល​ថា​ក្រុមហ៊ុន​របស់​លោក​មាន​ចេតនា​មិន​ដាក់​បញ្ចូល​ព័ត៌មាន​ខាង​អភិរក្សនិយម​ចូល​ទៅ​ក្នុង​ផ្នែក «ប្រធានបទ​ពេញ​និយម» របស់​ហ្វេសប៊ុក​ដែល​គេ​ហៅ​ថា​ Trending Topics។ VOA ផ្នែក​ភាសា​អង់គ្លេស​រាយការណ៍​អំពី​រឿង​នេះ។

ដោយសារ​តែ​មាន​មនុស្ស​រាប់​លាន​នាក់​អាន​ផ្នែក «ប្រធានបទ​ពេញ​និយម» របស់​ហ្វេសប៊ុក ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បញ្ចេញ​សេចក្តី​ព្រួយ​បារម្ភ​ថា រាល់​សកម្មភាព​រឹតត្បិត​ណា​មួយ​ដែល​ធ្វើ​ឡើង អាច​ជះ​ឥទិ្ធពល​ទៅ​លើ​ការសម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ពុធ​នេះ លោក​ Zuckerberg នឹង​ជួប​ជាមួយ​អ្នក​ល្បី​ឈ្មោះ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​អភិរក្សនិយម​ដូចជា លោក Glenn Beck លោកស្រី Dana Perino ដែល​ជា​ពិធីការនី​កម្មវិធី The Five នៃ​ប៉ុស្តិ៍​ទូរទស្សន៍ Fox News និង​លោក Zach Moffatt ដែល​ជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន Targeted Victory ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​វិស័យ​ទិញ​ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាល​ពី​សប្តាហ៍​មុន​ដែល​រៀបរាប់​អំពី​ការជួប​ប្រជុំ​ជាមួយ​នឹង​អ្នក​អភិរក្សនិយម​ដោយ​លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​ចង់​ឲ្យ​មាន​ការសន្ទនា​ដោយ​ផ្ទាល់ ដើម្បី​ជជែក​អំពី​គោល​ជំហរ​របស់​ហ្វេសប៊ុក និង​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា បណ្តាញ​របស់​យើង​នេះ​នឹង​នៅតែ​រក្សា​គោល​ជំហរ​បើក​ចំហ​ឲ្យ​អស់​លទ្ធភាព»។

អតីត​ពិធីករ​ព័ត៌មាន​ប៉ុស្តិ៍ Fox News

លោក Beck ដែល​ជា​អតីត​ពិធីករ​ព័ត៌មាន​ទូរទស្សន៍ Fox News បាន​និយាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃអាទិត្យ​នេះ​ថា លោក​នឹង​ចូលរួម​ការប្រជុំ​នៅ​ទីក្រុង Menlo Park រដ្ឋ​កាលីហ្វញ៉ា ហើយ​ថា «ការ​ប្រជុំ​នេះ​ច្បាស់​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ព្រោះ​ខ្ញុំ​ចង់​មើល​មុខ​គាត់ (ហ្សាកគឺប៊ឺក) ឲ្យ​ចំ ពេល​គាត់​រៀប​រាប់​ពី​ហេតុផល​នោះ​។»

លោក Beck បន្ត​ទៀត​ថា «ថ្វី​បើ​ពួក​គេ​គឺ​ជា​ក្រុមហ៊ុន​ឯកជន ហើយ​ខ្ញុំ​គាំទ្រ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ជំនួញ​របស់​គេ​ដែល​មិន​ចង់​ឲ្យ​មាន​ការ​លូក​លាន់​ពី​សំណាក់​រដ្ឋាភិបាល​ក៏​ពិត​មែន ក៏​ប៉ុន្តែ​វា​ប្រហែល​ជា​ប្រសើរ​ខ្លាំង​ណាស់​ប្រសិនបើក្រុមហ៊ុន​ដូចជា​ហ្វេសប៊ុក ជ្រើស​យក​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សេរីភាព​នៃ​សមាគម​ជា​គោលការណ៍​សាជីវកម្ម​ ប្រកប​ដោយ​ឯករាជ្យភាព។​»

រូបឯកសារ ៖ បុគ្គលិក​ហ្វេសប៊ុក​ម្នាក់​ដើរ​កាត់​ផ្ទាំង​បដា​មួយ​នៅ​ឯ​ទីស្នាក់ការ​របស់​ហ្វេសប៊ុក នៅ​ក្នុង​ទីក្រុង Menlo Park រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១៣។
រូបឯកសារ ៖ បុគ្គលិក​ហ្វេសប៊ុក​ម្នាក់​ដើរ​កាត់​ផ្ទាំង​បដា​មួយ​នៅ​ឯ​ទីស្នាក់ការ​របស់​ហ្វេសប៊ុក នៅ​ក្នុង​ទីក្រុង Menlo Park រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១៣។

លោក Zuckerberg បាន​អញ្ជើញ​អ្នក​អត្ថាធិប្បាយ​ប៉ុន្មាន​រូប​នេះ​មក​កាន់​ការិយាល័យ​កណ្តាល​របស់​លោក បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​សំណាក់​គេហទំព័រ​នៃ​ក្រុមហ៊ុន​ព័ត៌មាន​បច្ចេកវិទ្យា ឈ្មោះ​ថា Gizmodo កាល​ពី​សប្តាហ៍​មុន​ដែល​រាយការណ៍​ថា អតីត​បុគ្គលិក​របស់​ហ្វេសប៊ុក​ម្នាក់​បាន​និយាយ​ថា បុគ្គលិក​ក្រុមហ៊ុន​នេះ «តែងតែ​រឹតត្បិត​អត្ថបទ​ព័ត៌មាន​ដែល​អ្នក​អាន​អភិរក្ស​និយម​ទំនង​នឹង​ចាប់​អារម្មណ៍» មិន​ឲ្យ​ឃើញ​ក្នុង​ Facebook ហើយ​បែរ​ជា​បន្ថែម​សាច់រឿង​ផ្សេង​ទៀត «ដោយ​ចេតនា» ចូល​ទៅ​ក្នុង​បញ្ជី​ប្រធានបទ​ពេញ​និយម​នោះ​ទៅ​វិញ។

លោក Zuckerberg បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដែលពឹង​ផ្អែក​តែ​លើ​ប្រភព​ព័ត៌មាន​អនាមិក​តែ​មួយ ហើយ​ប្រភព​ព័ត៌មាន​នោះ​ទៀត​សោតមាន​និន្នាការ​អភិរក្ស​និយម​ថែម​ទៀត​ផង។ លោក Zuckerberg ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ហ្វេសប៊ុក «រក​មិន​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ការរាយការណ៍​នោះ​ពិត​នោះ​ឡើយ។» លោក​បន្ត​ថា ក្រុមហ៊ុន​លោក​នឹង​នៅតែ​បន្ត​ការ​ស៊ើប​អង្កេត​រឿង​នេះ។

លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «ប្រសិន​បើ​ខាង​យើង​រក​ឃើញ​អ្វី​មួយ​ដែល​មិន​ស្រប​ទៅ​តាម​គោលការណ៍​របស់​យើង លោក​អ្នក​នឹង​ទទួល​បាន​ការ​ប្តេជ្ញា​ពេញ​ទំហឹង​ពី​ខ្ញុំ ដែល​ថា​ពួកយើង​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។»

គោលការណ៍​ណែនាំ​ការចេញ​ផ្សាយ

ហ្វេសប៊ុក​ក៏​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​គោលការណ៍​ណែនាំ​ផ្ទៃក្នុង​ផ្នែក​ព័ត៌មាន​ ក្នុង​ការព្យាយាម​ចុងក្រោយ​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការចោទប្រកាន់​ពី​បទ​លម្អៀង​ផ្នែក​នយោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​អត្ថបទ​ព័ត៌មាន​ទៅ​កាន់​អ្នកប្រើប្រាស់​ប្រមាណ​ជាង ១៦០០ លាន​នាក់​របស់​ខ្លួន។

ឯកសារ​ផ្ទៃក្នុង​ចំនួន​២៨​ទំព័រ​នេះ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​របៀប​ដែល​ហ្វេសប៊ុក​ជ្រើសរើស​អត្ថបទ​ព័ត៌មាន​ដែល​គួរ​ចេញ​នៅ​លើ​ផ្នែក​ព័ត៌មាន​ពេញ​និយម​របស់​ហ្វេសប៊ុក។ ប្រអប់ព័ត៌មាន​ពេញ​និយម​របស់​ហ្វេសប៊ុក​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​២០១៤ ហើយ​មាន​ទីតាំង​នៅ​ខាង​ស្តាំ​ដៃ​នៃ Facebook Newsfeed។

រូបឯកសារ៖ បុគ្គលិក​ហ្វេសប៊ុក​កំពុង​ពិភាក្សា​គ្នា​នៅ​ឯ​ទីស្នាក់ការ​ហ្វេសប៊ុក នៅ​ក្នុង​ទីក្រុង Menlo Park រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១២។
រូបឯកសារ៖ បុគ្គលិក​ហ្វេសប៊ុក​កំពុង​ពិភាក្សា​គ្នា​នៅ​ឯ​ទីស្នាក់ការ​ហ្វេសប៊ុក នៅ​ក្នុង​ទីក្រុង Menlo Park រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១២។

គោលការណ៍​ណែនាំ​នេះ​បង្ហាញ​ពី​របៀប​កំណត់​ថា​តើ​អ្វី​គួរ​ជា​ប្រធាន​បទ​ពេញ​និយម​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ដោយ​មាន​ការ​បញ្ចូល​គ្នា​រវាង​ការជ្រើសរើស​ដោយកុំព្យូទ័រ និង​មនុស្ស​ដែល​ជា​អ្នក​កែសម្រួល​ឬ​យ៉ាង​ណា។ ដំបូង បច្ចេកវិទ្យា​កុំព្យូទ័រ​រកឃើញ​អត្ថបទ​ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​នេះ បន្ទាប់​មក​អ្នក​កែសម្រួល​ចាប់​ផ្តើម​ផ្ទៀងផ្ទាត់​អត្ថបទ​ព័ត៌មាន ដើម្បី​ឲ្យ​ច្បាស់​ថា​តើ​អត្ថបទ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ស្ថាប័ន​ព័ត៌មាន​ធំៗ​ទាំង​១០​ដែរ​ឬ​ទេ ដែល​សារព័ត៌មាន​ធំៗ​ទាំង​នោះ​រួម​មាន​ដូចជា កាសែតNew York Times ទីភ្នាក់ងារ​សារព័ត៌មាន ​CNN សារព័ត៌មាន​ BuzzFeed និង​ទូរទស្សន៍ Fox News ជាដើម។

លោក Justin Osofsky អនុ​ប្រធាន​នៃ​ប្រតិបត្តិការ​សាកល​លោក​របស់​ហ្វេសប៊ុក​បាន​មាន​ប្រសាសន៍​ថា ​គោលការណ៍​ណែនាំ​នេះ​ធានា​ឲ្យ​បាន​ថា​អត្ថបទ​ដែល «ពេញ​និយម» ពិត​ជា​តំណាង​ឲ្យ «អត្ថបទ​ព័ត៌មាន​ពេញនិយម​ដែល​សំខាន់​ជាងគេ មិន​ថា​ព័ត៌មាន​នោះ​មាន​និន្នាការ​មនោគមវិជ្ជា​បែប​ណា​នោះ​ឡើយ។»

ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាល​ពីឆ្នាំ​២០១៥ ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew Research Center និង​មូលនិធិ Knight បាន​រកឃើញ​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចំនួន​៦៣​% ដែល​ក្នុង​នោះ​៤១%​ជា​ជនជាតិ​អាមេរិកាំង​ពេញ​វ័យ​ទទួល​បាន​ព័ត៌មាន​ពី​គេហទំព័រ​បណ្តាញ​សង្គម​នេះ។

ក្រុមហ៊ុន​ហ្វេសប៊ុក​មាន​តម្លៃ​ប្រហែល ៣៥០ ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រែសម្រួល​ដោយ​ ហឿន សុភ័ក្រ្ត

XS
SM
MD
LG