ថ្ងៃព្រហស្បតិ៍មានព័ត៌មានល្អៗបន្ថែមទៀតពីកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីផលិតវ៉ាក់សាំងដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ដែលបង្កឱ្យមានជំងឺកូវីដ១៩។
វ៉ាក់សាំងដ៏មានសក្តានុពលមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថធំមួយរបស់អង់គ្លេសឈ្មោះ AstraZeneca ដែលសហការជាមួយសាកលវិទ្យាល័យ Oxford មានសុវត្ថិភាពនិងបង្កើតនូវប្រព័ន្ធភាពស៊ាំខ្លាំងចំពោះអ្នកចូលរួមទាំងក្មេងទាំងចាស់។
វ៉ាក់សាំងពីរដូសត្រូវបានផ្តល់ឱ្យអ្នកស្ម័គ្រចិត្តមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៥៦០ នាក់នៅក្នុងការសាកល្បងដំណាក់កាលទី២ ក្នុងនោះមានអ្នកស្ម័គ្រចិត្តចំនួន ២៤០ នាក់ មានអាយុលើសពី ៧០ ឆ្នាំ។
ទិន្នន័យពីការសាកល្បងរបស់ Oxford និង AstraZeneca ដំណាក់កាលទី ២ នេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតឱសថ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករាយការណ៍ថា វ៉ាក់សាំងកូវីដ១៩ របស់ពួកគេមានប្រសិទ្ធភាពជាង ៩០% ប្រឆាំងនឹងវីរុសនេះ។
ក្រុមហ៊ុន Pfizer បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងស្វែងរកការអនុញ្ញាតឲ្យមានការប្រើគ្រាបន្ទាន់នូវវ៉ាក់សាំង ដែលក្រុមហ៊ុននេះបានសហការផលិតជាមួយក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។ចំណែកក្រុមហ៊ុន Moderna បានប្រកាសកាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជិត ៩៥% បន្ទាប់ពីការវិភាគបណ្តោះអាសន្ននៃការសិក្សាដំណាក់កាលចុងក្រោយរបស់ខ្លួន។
ប៉ុន្តែ ភាពជឿនលឿនឆ្ពោះទៅរកវ៉ាក់សាំងកូវីដ១៩ មានប្រសិទ្ធភាពនេះកើតមាន នៅពេលដែលប្រទេសជាច្រើនបានដាក់ការរឹតត្បិតឬការបិទសកម្មភាពសង្គមយ៉ាងតឹងរ៉ឹងជាថ្មីប្រឆាំងនឹងការឆ្លងថ្មី។
អាជ្ញាធរទីក្រុងតូក្យូ ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបង្កើនកម្រិតប្រកាសអាសន្នអំពីវីរុសកូរ៉ូណាដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីបានរាយការណ៍ថា មានការឆ្លងថ្មីកម្រិតខ្ពស់បំផុតចំនួន ៥៣៤ ក្នុងមួយថ្ងៃ។ ចំនួនឆ្លងនៅទូទាំងប្រទេសក៏បានកើនលើស ២.០០០ ករណី នៅថ្ងៃពុធដែលខ្ពស់បំផុតក្នុងមួយថ្ងៃដែរ៕