អាជ្ញាធរថៃបានដោះលែងពលរដ្ឋខ្មែរចំនួន៥៨នាក់ចេញពីពន្ធនាគារ បន្ទាប់ពីបានពិន័យជាប្រាក់រួចមក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះថា ពលរដ្ឋទាំងនោះបានចូលទៅកាប់ឈើដោយខុសច្បាប់ក្នុងព្រៃឧទ្យានជាតិ ក្នុងខេត្តនគររាជសីម៉ា ប្រទេសថៃ។
អាជ្ញាធរថៃបានដោះលែងពួកគេកាលពីថ្ងៃទី១១ខែ កញ្ញា ឆ្នាំ ២០១៥ តាមច្រកឆុងចម-អូស្មាច់ ដោយគ្រាន់តែបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួន៤,២៥០បាត ត្រូវជាប្រមាណ១០០ដុល្លារសហរដ្ឋអាមេរិក។
លោក ជុំ សុន្ទរី បានបន្ថែមថា៖ «ពលរដ្ឋខ្មែរខាងលើបានឱ្យដឹងថា មេខ្យល់បានបោកប្រាស់ពួកគាត់ឱ្យចូលទៅធ្វើការក្នុងទឹកដីថៃ ដោយប្រាប់ថាជាការងារស្របច្បាប់ត្រឹមត្រូវអាចទទួលកម្រៃ១០០០បាតក្នុងមួយថ្ងៃ»។
ក្រសួងការបរទេសមិនបញ្ជាក់ឱ្យដឹងទេថា អ្នកទាំងនោះត្រូវបានចាប់ខ្លួននៅពេលណា ក៏ប៉ុន្តែបន្ថែមថា នៅមាន៣៤នាក់ទៀតកំពុងជាប់ពន្ធនាគារថៃនៅឡើយ។
ក្នុងពេលកន្លងមកអាជ្ញាធរថៃតែងតែបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា ដែលចូលទៅកាប់ឈើក្នុងទឹកដីថៃ ហើយក្រោយមកទើបប្រគល់សាកសពត្រឡប់មកវិញ ហើយករណីបែបនេះត្រូវបានរដ្ឋាភិបាលកម្ពុជាតវ៉ាជាច្រើនលើក៕