ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឈ្នះការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ New Hampshire


បេក្ខជន​ប្រធានាធិបតី​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ​និង​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ នៅទីក្រុង Nashua រដ្ឋ New Hampshire កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។
បេក្ខជន​ប្រធានាធិបតី​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ​និង​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ នៅទីក្រុង Nashua រដ្ឋ New Hampshire កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​យក​ឈ្នះ​លើ​អតីត​អភិបាល​រដ្ឋ South Carolina អ្នកស្រី Nikki Haley នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ New Hampshire។

លោក Trump ​ត្រូវ​បាន​គេ​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​បាន​បិទ​បញ្ចប់​ទៅ​នៅ​ក្នុង​រដ្ឋ New Hampshire។ បន្ទាប់ពី​មណ្ឌល​បោះឆ្នោត ២២% បាន​រាយការណ៍​អំពី​លទ្ធផល​បោះឆ្នោត​មក លោក Trump បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ៣៨.៧៥៥ ដែល​ស្មើ​នឹង​ចំនួន ៥២,៥% រីឯ​អ្នកស្រី Haley វិញ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៣៤.៤៤៤ ដែល​ស្មើ​នឹង​ចំនួន ៤៦,៦%។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អភិបាល​រដ្ឋ Florida លោក Ron DeSantis ដែល​បាន​បញ្ចប់​ការ​ប្រកួត​ប្រជែង​របស់​លោក​កាលពី​យប់​ថ្ងៃ​អាទិត្យ ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ ៤៤២ ​ដែល​ស្មើ​នឹង​ចំនួន ០,៦%។

កម្រិត​ខុសគ្នា​ចុងក្រោយ​នៃ​លទ្ធផល​បោះឆ្នោត​នេះ​នៅ​មិន​ទាន់ច្បាស់​នៅឡើយ ប៉ុន្តែ​គេ​ទំនងជា​នឹង​ឃើញ​មាន​ការ​កើនឡើង​នៃ​ការ​អំពាវនាវ​ពី​សំណាក់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ឱ្យ​អ្នកស្រី Haley បញ្ចប់​ការ​ប្រកួតប្រជែង​របស់​អ្នកស្រី។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី Haley បាន​សន្យា​ថា​អ្នកស្រី​នឹង​នៅ​បន្ត​ប្រកួត​ប្រជែង​ទៀត​រហូត​ដល់​ពេល​បោះឆ្នោត​បឋម​តាម​រដ្ឋ​ជាច្រើន​ក្នុង​ថ្ងៃ​តែមួយ ដែល​គេ​ហៅ​ថា Super Tuesday នៅ​ថ្ងៃ​ទី ៥ ខែ​មីនា​ខាង​មុខ ដែល​នៅ​ពេល​នោះ​រដ្ឋ​ចំនួន ១៦ នឹង​រៀបចំ​ការ​បោះឆ្នោត​បឋម​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ New Hampshire ក៏​រៀបចំ​ការ​បោះឆ្នោត​បឋម​ផងដែរ​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​ឈ្មោះ​របស់​លោក​ប្រធានាធិបតី Joe Biden មិន​មាន​នៅ​លើ​សន្លឹកឆ្នោត​ទេ ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​មាន​បំណង​មិន​ចង់​រៀបចំ​ការ​បោះឆ្នោត​បឋម​ដំបូង​នៅ​ក្នុង​រដ្ឋ New Hampshire នេះ ដោយ​ចង់​ធ្វើ​នៅ​រដ្ឋ South Carolina មុន​ដំបូង​គេ​បង្អស់​វិញ។

ប៉ុន្តែ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ New Hampshire បាន​បញ្ជាក់​ថា ច្បាប់​រដ្ឋ​នេះ​តម្រូវ​ឱ្យ​ពួកគេ​រៀបចំ​ការ​បោះឆ្នោត​បឋម​មុនគេ​នៅ​ក្នុង​រដ្ឋ​នេះ ដូច្នេះ​ពួកគេ​ក៏​បាន​រៀបចំ​ការ​បោះឆ្នោត​នោះ​ទៅ។ ហេតុ​ដូចនេះ​ហើយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នក​បោះឆ្នោត​ណា​ដែល​ចង់​គាំទ្រ​លោក Biden ត្រូវ​សរសេរ​ឈ្មោះ​របស់​លោក​នៅ​លើ​សន្លឹកឆ្នោត៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG