កាលពីថ្ងៃសុក្រ ប្រទេសចិនបានអំពាវនាវជាថ្មីឱ្យភាគីទាំងអស់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនរក្សា «ភាពស្ងប់ស្ងៀម» និង «ភាពអត់ធ្មត់» បន្ទាប់ពីរុស្ស៊ីបានបញ្ជាក់ថាខ្លួនបានបាញ់គ្រាប់ផ្លោងមីស៊ីល «លឿនជាងសំឡេង» មួយគ្រាប់ក្នុងលក្ខណៈពិសោធន៍មើល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានបញ្ជាក់ក្នុងសន្និសីទកាសែតជាប្រចាំថា៖ «ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងៀមនិងភាពអត់ធ្មត់ ប្រឹងប្រែងធ្វើយ៉ាងណាដើម្បីកុំឱ្យស្ថានការណ៍នេះរីករាលដាលតាមរយៈការសន្ទនានិងការប្រឹក្សាយោបល់ និងបង្កើតលក្ខខណ្ឌឱ្យមានបទឈប់បាញ់ឱ្យបានមុនមួយ»។
លោក Lin បានបន្ថែមថា៖ «ជំហររបស់ចិនលើបញ្ហាអ៊ុយក្រែនគឺមិនប្រែប្រួលនិងច្បាស់លាស់ ដោយតស៊ូមតិឱ្យមានការដោះស្រាយវិបត្តិនេះតាមរយៈមធ្យោបាយនយោបាយនិងបញ្ចៀសធ្វើយ៉ាងណាកុំឱ្យស្ថានការណ៍រីករាលដាលទៅមុខ»។
អ៊ុយក្រែនបានហៅការវាយប្រហាររបស់រុស្ស៊ីនេះថាជាការបង្កើនដ៏ខ្លាំងក្លានូវ «ទំហំនិងភាពឃោរឃៅ» នៃសង្គ្រាមនេះដែលធ្វើឡើងដោយ «ប្រទេសជិតខាងដ៏ឆ្កួតលីលា»។ ចំណែកឯសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រចម្បងរបស់អ៊ុយក្រែនវិញបានបញ្ជាក់ថា រុស្ស៊ីគឺជាអ្នកដែលធ្វើឱ្យសង្គ្រាមនេះរីករាលដាល «គ្រប់ទង្វើទាំងអស់»។
បន្ទាប់ពីបានបាញ់មីស៊ីលលឿនជាងសំឡេងនោះមក ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនមានលក្ខណៈដូចទៅនឹងសង្គ្រាម «សាកល» ហើយលោកមិនបានទាត់ចោលនូវជម្រើសនៃការវាយប្រហារលើបណ្ដាបស្ចិមប្រទេសនោះទេ៕
វេទិកាបញ្ចេញមតិ