ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​អាមេរិក​ការពារ​គោល​នយោបាយ​ការ​បរទេស​របស់​លោក

  • Luis Ramirez

លោក​ប្រធានាធិបតី​ Barack Obama មក​ដល់​បណ្ឌិត​សភាយោ​ធា​នៅ​ West Point រដ្ឋ​ញូវយក ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤។
នៅ​ក្នុង​សន្ទរកថា​ដ៏​សំខាន់​មួយកាល​ពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​បាន​បង្ហាញពី​គោល​មាគ៌ា​នយោបាយ​ការបរទេស​របស់​លោក ​ដែល​ក្រោយ​មក​ស្ថិត​នៅ​ក្រោម​ការ​រិះគន់ដោយ​អ្នក​រិះ​គន់​ខ្លះ​ដែល​និយាយ​ថា ​មាន​ភាព​មិន​ច្បាស់​លាស់​ហើយ​ខ្សោយ។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ប្រើ​ប្រាស់​សន្ទរកថា​របស់លោកនៅ​ពី​ធី​ចែក​សញ្ញាប័ត្រ​នៅ​ឯ​បណ្ឌិត​សភាយោ​ធា​នៅ​ West Point ​ដើម្បី​ការពារ​គោល​នយោបាយ​មួយ​ដែល​បាន​ទទួល​ការ​រិះគន់ថា ខ្សោយ។

«ខ្ញុំ​ប្រាកដ​ជា​ក្បត់​ភារកិច្ច​របស់​ខ្ញុំ​ចំពោះ​អស់​លោក​អ្នក ​និង​ចំពោះ​ប្រទេស​អាមេរិកដែល​យើង​ស្រឡាញ់ ​ប្រសិន​បើ​ខ្ញុំ​បញ្ជូន​អស់​លោក​អ្នក​ទៅ​កាន់​កន្លែង​គ្រោះ​ថ្នាក់ ​ពីព្រោះ​តែ​ខ្ញុំ​ឃើញ​បញ្ហា​នៅ​ទី​កន្លែងណាមួយ​ក្នុង​ពិភពលោក​ដែលចាំបាច់​ត្រូវ​ដោះស្រាយ​ឬ ​ពីព្រោះ​តែ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ពួក​អ្នក​រិះគន់ដែល​គិត​ថា​ការ​ធ្វើ​អន្តរាគមន៍​ខាង​យោ​ធាជាមធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ចៀសការ​មើល​ឃើញ​នូវ​ភាព​ទន់​ខ្សោយ​នោះ»។

លោក​ប្រធានា​ធិបតី ​បាន​កត់​សម្គាល់​ថា និស្សិត​នាយ​ទាហាន​បញ្ចប់​ការ​សិក្សា​ទាំង​នេះ ​នឹង​ក្លាយ​ជា​នាយ​ទាហាន​លើក​ដំបូង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ ដែល​នឹង​មិន​ទៅ​ប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ឬ​អាហ្វហ្គានីស្ថាន ​ដែល​ជា​សង្គ្រាមដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​អាមេរិកាំង​ជាច្រើន​រអា​ចិត្ត​មិន​ចង់​ឲ្យ​មាន​ការ​បន្ត​ធ្វើ​អន្តរាគមន៍​ខាង​យោធា​របស់​សហរដ្ឋ​អាមេរិក​តទៅ​ទៀត។

​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​លោក​អូបាម៉ា ​បាន​ទទួល​រងការ​រិះ​គន់ចំពោះ​ការណ៍​មិន​ចាត់​វិធានការ​ខាង​យោធាក្នុងទីកន្លែង​នានា​ដូច​ជា ​ប្រទេស​ស៊ីរី​ដែល​នៅ​ទី​នោះ​សង្គ្រាម​ស៊ីវិល ​បាន​ឆាប​ឆេះ​៣ឆ្នាំ​ក្រោយ​មក​ ហើយ​នឹង​ប្រទេស​អ៊ុយក្រែន ​ដែល​នៅ​ទី​នោះ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ​មិន​បាន​បញ្ឈប់​ប្រទេស​រុស្ស៊ី​ពី​ការយក​ឧបទ្វីប​គ្រីមា (Crimea) ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។

​អ្នក​វិភាគ​ Michael O’ Hanlon និយាយ​ថា ខណៈ​ដែល​ការ​សម្រេច​ចិត្ត​របស់​លោក ​ឲ្យ​ស្ថិត​នៅ​ក្រៅ​សង្គ្រាមប្រទេស​ស៊ីរី​និង​អ៊ុយក្រែន ​ស្រប​ទៅ​តាម​ការ​ស្ទង់​មតិ​សាធារណៈជន​អាមេរិកាំង​ក្តី​ ក៏​ការ​សម្រេចចិត្ត​នេះ​ចោទ​ជា​បញ្ហា។

«ក៏​ប៉ុន្តែ ​បញ្ហា​គឺ​ថា ​នៅ​ពេល​ដែល​អស់​លោក​អ្នក​ ​សម្រេច​ដោះស្រាយ​បញ្ហា​និមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដូច​នោះ បន្ទាប់​មកលោក​អ្នក​បញ្ចូល​គ្នា​ឲ្យ​ឃើញ​រូបភាព​ទាំង​មូល​មើល​ទៅ​ដូច​ជាទន់​ខ្សោយ​បន្តិច ហើយ​បន្ទាប់​មក​ លោក​អ្នក​នឹង​ងាយ​រង​ការ​ចោទ​ប្រកាន់​ថា​ ពួក​មេដឹកនាំ​បរទេស​រកឃើញ​ថា លោក​អ្នក​មិន​ចង់ធ្វើ​កិច្ចការ​នេះ​ច្រើន​ទេ ​ហើយ​បន្ទាប់​មក​ពួក​គេ​ ​នឹង​ឆ្លៀត​ឱកាស​គឺ ដូច​ការ​ចោទក្នុង​ករណីលោក Putin ​មាន​ការ​គគ្លើន​នៅ​ឧបទ្វីប Crimea អញ្ចឹង»។

ក្នុង​ការ​បង្ហាញ​កម្លាំង​បន្តិច​ លោក​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​នឹង​មិន​ស្វះ​ស្វែង​រក​ការ​អនុញ្ញាតិ​ដើម្បី​ការពារ​ខ្លួន​ឯង​ហើយ​នឹង​បន្តប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​ដើម្បី​ប្រឆាំង​ភេរវកម្ម​ខណៈ​ដែល​ ​ព្យាយាម​បញ្ចៀសការ​ខូច​ខាត​ដល់​ជន​ស៊ីវិល។

​លោក​ប្រធានាធិបតី​ក៏​បាន​ប្រកាសពី​ផែនការ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ​អាស៊ី ​និង​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេសដើម្បីប្រយុទ្ធ​ភេរវកម្ម ​ហើយ​បាន​សន្យាជំរុញ​ការ​គាំទ្រ​ក្រុម​ប្រឆាំង​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​លោក​ប្រធានា​ធិបតី​ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ជំនួយ​បរទេស ​វិស័យ​ការទូត​និង​ការ​អភិវឌ្ឍ ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ខ្លាំង៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន
XS
SM
MD
LG