ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូណេស៊ី​បិទ​គេហទំព័រ​ល្បែង​អនឡាញ ក្នុង​នោះ​មាន​តំណ​ភ្ជាប់​ចេញ​ពី​កម្ពុជា​ដែរ


រូបឯកសារ៖ ពលរដ្ឋ​ឥណ្ឌូណេស៊ីប្រើទូរស័ព្ទដៃ ក្នុងភូមិ Ndapayami នៃកោះ Sumba ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ពលរដ្ឋ​ឥណ្ឌូណេស៊ីប្រើទូរស័ព្ទដៃ ក្នុងភូមិ Ndapayami នៃកោះ Sumba ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​បិទ​គេហទំព័រ​និង​តំណ​ភ្ជាប់​នានា​ដែល​អាច​ឱ្យប្រជាជន​ចូល​លេង​ល្បែង​អនឡាញ​បាន ដោយ​ក្នុង​នោះ​មាន​ទាំង​គេហទំព័រ​ចេញ​ពី​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សារព័ត៌មាន Bloomberg ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​ឥណ្ឌូណេស៊ី ដែល​បាន​បញ្ជា​ឱ្យអ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ទាំង​អស់​បិទ​ខ្ទប់​តំណ​ភ្ជាប់​នានា​ ដែល​អាច​ចូល​ទៅ​លេង​ល្បែង​បាន។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​រីក​រាលដាល​នៃ​ល្បែង​អនឡាញ ជា​ពិសេស​ករណី​ឧក្រិដ្ឋ​កម្ម និង​ការ​ធ្វើ​អត្តឃាត​ខ្ពស់​ដែល​បណ្តាល​មក​ពី​ការ​ញៀន​ល្បែង និង​ការ​ជំពាក់​បំណុល​ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី។

បើ​តាម​សារព័ត៌មាន Bloomberg អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​កាត់​ផ្តាច់​ការ​ប្រើប្រាស់​គេហទំព័រ​ដែល​ប្រតិបត្តិការ​ចេញ​ពី​ប្រទេស​កម្ពុជានិង​ពីទីក្រុង​ Davao​ នៃ​ប្រទេស​ហ្វីលីពីន ​ដែល​សង្ស័យ​មាន​ទំនាក់​ទំនង​នឹង​ល្បែង​ស៊ី​សង​តាម​អ៊ីនធឺណិត។

មក​ដល់​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​បិទ​គេហទំព័រ​ខុស​ច្បាប់​ប្រមាណ​ជា​ ២ ​លាន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន។

អគ្គលេខា​ធិការ​នៃ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា លោក រស់ ភីរុណ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោក​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បិទ​គេហទំព័រ​ដែល​ភ្ជាប់​ទៅ​ល្បែង​អនឡាញ​នៅប្រទេស​ឥណ្ឌូណេស៊ី ហើយ​លោក​ថា ​អាជ្ញាធរ​កម្ពុជា​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេហទំព័រ​ល្បែង​ ដែល​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ DV នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ DV នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

លោក​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ គ.​ល.​ក [​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា]​មិន​ទាន់​ផ្តល់​ការ​អនុញ្ញាត​ដល់​ប្រតិបត្តិករ​ល្បែង​ពាណិជ្ជ​កម្ម​ណា​មួយ ឱ្យ​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែង​ពាណិជ្ជ​កម្ម​នៅ​ឡើយ​ទេ។ ចំពោះ​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ គ.ល.ក មិន​ផ្តល់​អាជ្ញាបណ្ណ​ឱ្យ​ដំណើរ​ការ​នោះ​ទេ។ ចំពោះ​ការ​លប​លួច​ដំណើរ​ការ​អាជីវកម្ម​ល្បែង​អនឡាញ គ.ល.ក បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹងអាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ និង​ធ្វើ​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់»។

កាល​ពី​កន្លង​ទៅ គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជាបាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រួត​ពិនិត្យ ​តាម​ដាន​ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​លួចលាក់​ធ្វើ​អាជីវកម្ម និង​បើក​បន​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ដូច​ជា​ឆ្នោត​ កន្ទុយ​លេខ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋនិងគោល​នយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព។ គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បាន​រក​ឃើញ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ល្បែង​កាស៊ីណូ​អនឡាញ និង​ល្បែង​ភ្នាល់​អនឡាញ​ខុស​ច្បាប់​តាម​ទំព័រ​ហ្វេស​បុក​ និង​ប្រព័ន្ធ​តេឡេក្រាម​ចំនួន ៧៥ ​ទំព័រ ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២៤ ​នេះ។

អគ្គលេខាធិការដ្ឋាន​លើក​ឡើង​ថា៖ «ការ​ផ្សាព្វ​ផ្សាយ​នេះ​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់ សីលធម៌​សង្គម និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ»។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ល្បែង​កាស៊ីណូ​អនឡាញ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២០ ដោយ​អនុញ្ញាត​ឱ្យមាន​តែ​កាស៊ីណូ​លេង​ល្បែង​ផ្ទាល់​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ។ កាល​នោះ ជន​ជាតិ​ចិន​ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​សំបូរ​ទៅ​ដោយ​កាស៊ីណូ​រាប់​រយ​បាន​សម្រុក​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ។

បើ​តាម​ច្បាប់ ប្រជាជន​កម្ពុជា​មិន​អាច​លេង​ល្បែង ឬ​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​បាន​ឡើយ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ មើល​ឃើញ​ថា ​អ្នក​រកស៊ី​ខាង​ល្បែង​នៅ​តែ​អាច​បន្ត​ការងារ​របស់​ពួកគេ ដោយ​លួច​លាក់​ពី​សមត្ថកិច្ច។

លោក​ថ្លែង​ថា៖ «បញ្ហា​អស់​ហ្នឹង ទំនង​ជា​ទីមួយ​អាច​ថា​ខាង​អ្នក​លេង​ល្បែង​ស៊ីសង​គាត់​មាន​វិធីសាស្រ្ត​ខ្ពស់​ជាង​សមត្ថកិច្ច​ ក្នុង​ការ​លាក់ ក្នុង​ការ​ពួន​លេង។ ទីពីរ​ អាច​មក​ពី​មាន​មន្រ្តី​ខ្លះ​អាច​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ក៏​គាត់​មិន​ធ្វើ​អន្តរា​គមន៍។ ទីបី​អាច​មក​ពី​បញ្ហា​កត្តា​ផ្សេងៗ​ ដូច​ជា​អ្នក​ដែល​លេង​ជា​អាជីព​ជា​ប្រចាំ អ្នក​ដែល​ធ្វើ​មេ​ល្បែង​ហ្នឹង​ចេះ​តែ​ប្រឹង​ប្រែង​រក​វិធី​ដើម្បីបន្ត​លេង​ល្បែង​ហ្នឹង​ បើក​កន្លែង​លេង​ល្បែង​ហ្នឹង​ដែល​ធ្វើ​ឱ្យ​មាន​សកម្មភាព​ការ​លេង​ល្បែង​ហ្នឹង​កើត​មាន»។

លោក​បន្ថែម​ថា ​មន្រ្តី​អនុវត្ត​ច្បាប់​គួរ​តែ​ពង្រឹង​សមត្ថភាព​ខាង​បច្ចេកវិទ្យា​បន្ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្រ្កាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​អនឡាញ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា៖ «តើ​មន្រ្តី​យើង​មាន​សមត្ថភាព​ខាង​បចេ្ចកវិទ្យា​ខ្ពស់​ទេ? អាច​នឹង​ព្យាយាម​ស្វែង​រក ឬ​ក៏​អាច​នឹង​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ល្បែង​តាម​អនឡាញ​ ក្នុង​ការ​ប្រៀប​ធៀប​បាន​ថា​ជាល្បែង​អនឡាញ​ហ្នឹង បើ​អាច​ប្រៀប​ធៀប​បាន​វា​ក៏​ចូល​រួម​មួយ​ចំណែក​ដែរ។ ហើយអ្នក​ដែល​លេង​ចល័ត​ចុះ​ចល័ត​ឡើង​ហ្នឹង​គឺគាត់​ងាយ​ស្រួយ​រក​ទេ តែ​អ្នក​ដែល​ពិបាក​គឺ​ពួក​អនឡាញ»។

លោក យង់ គិមអេង បន្ថែម​ថា​ បញ្ហា​ល្បែង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​សង្គម​កម្ពុជា ជាពិសេស​អ្នក​ដែល​ញៀន​នឹង​ល្បែង​តែ​ម្តង​ដែល​អាច​ឱ្យ​ពួក​គេ​ធ្លាក់​ខ្លួន​រហូត​ជំពាក់​បំណុល ដោយ​មិន​មាន​លទ្ធភាព​សង ដែល​ជា​ការ​ដាក់​បន្ទុក​លើ​រដ្ឋ​និង​បង្ក​ឱ្យ​មាន​បញ្ហា​អ​សន្តិសុខបន្ត​កើត​មាន​កាន់​តែ​ច្រើន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG