ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​និង​មន្រ្តី​សិទ្ធិមនុស្ស​បារម្ភ​ពី​ទិន្នន័យ​ឯកជនភាព​លើ​កម្មវិធី​ទំនាក់​ទំនង​ថ្មី CoolApp


យុវតីម្នាក់កំពុងបើកកម្មវិធីទំនាក់ទំនងថ្មី CoolApp នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (សើ ដាវី/វីអូអេ)
យុវតីម្នាក់កំពុងបើកកម្មវិធីទំនាក់ទំនងថ្មី CoolApp នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (សើ ដាវី/វីអូអេ)

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស និង​សុវត្ថិភាព​ឌីជីថល ក៏​ដូចជា​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ឯកជន​ភាព និង​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន ប្រសិន​បើ​ពួក​គេ​ប្រើប្រាស់​បណ្តាញ​សង្គម​ថ្មី​ផលិត​ដោយ​ជន​ជាតិ​ខ្មែរ ដែល​មាន​ឈ្មោះ​ថា​ឃូលអេប (CoolApp) ជា​ប្រព័ន្ធ​សង្គម ដូច​តេឡេក្រាម​ដែរ។

ប៉ុន្តែ​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា បាន​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ថ្មី​មួយ​នេះ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​គ្រប់គ្រង​ដោយ​ម្ចាស់​សារព័ត៌មាន​ Fresh News គឺ​លោក លឹម ជា​វុត្ថា ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​វីអូអេ​ថា ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​មាន​មន្ទិល​នៅ​ឡើយ​ទាក់​ទង​នឹង​ការ​ធានា​សុវត្ថិ​ភាព និង​ទិន្ន​ន័យ​របស់​ខ្លួន​កម្រិត​ណា​នៅ​ក្នុង​កម្មវិធី​ទំនាក់​ទំនងថ្មី​ CoolApp នេះ។ លោក​សំណូម​ពរ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​គួរ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ មុន​ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ​ថ្មី​នេះ។

លោក​ថ្លែង​ថា៖ «ពល​រដ្ឋ​នៅ​មាន​មន្ទិល​ច្រើន​ដែរ ទាម​ទារ​ឱ្យ​មាន​ការ​ស្រាវ​ជ្រាវ និង​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​សុវត្ថិ​ភាព​ក្នុងការ​ប្រើ​ប្រាស់ App (កម្ម​វិធី)។ អញ្ចឹង​ចំណុច​ហ្នឹង​ទាម​ទារ​ឱ្យ​មាន​ការ​ស្វែង​យល់​ និង​សិក្សា​បន្ថែម​ទៅ​លើ​បញ្ហា​ទាំង​អស់​ទុក​ជា​មុន​សិន ដើម្បី​ជា​ទំនុក​ចិត្ត​សម្រាប់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ប្រើ​ប្រាស់»។

ចំណែក​លោក ស៊ឹង សែន​ករុណា អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម និង​ជា​អតីត​មន្រ្តី​ម្នាក់​នៃ​សមាគម​អាដហុក លើក​ឡើង​ថា​ក្រោយ​មាន​ការ​បំផុស​ឱ្យ​មាន​ការ​ទាញ​យក និង​ប្រើ​ប្រាស់​កម្មវិធី​ទំនាក់​ទំនង ​CoolApp សារៈ​ប្រយោជន៍សម្រាប់​អ្នក​ប្រើ​ប្រាស់មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ពី​សំណាក់​អ្នក​បង្កើត​កម្មវិធី​នេះ រួម​មាន​ការ​ធានា​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់ ឯក​ជន​ភាព​ និង​ទិន្ន​ន័យរបស់​ពួក​គេ​បាន​កម្រិត​ណា​នោះ​ទេ។

លោក​យល់​ឃើញ​ថា​ការ​ប្រើ​ប្រាស់​កម្ម​វិធី​ណា​មួយ​ជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​អ្នកប្រើប្រាស់គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ក្នុង​សម័យ​បច្ចេក​វិទ្យា អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធអន​ឡាញ​ច្រើនប្រឈម​នឹង​ការ​បាត់បង់​ទិន្ន​ន័យ ឬ​ការ​ចាញ់​បោក​ក្នុង​ឧក្រិដ្ឋ​កម្ម​ប្រព័ន្ធ​អន​ឡាញ។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​គួរ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​App ហ្នឹង​បើ​សិន​ជា​ប្រើ​ប្រាស់​ក្នុង​ន័យ​ជា​ផល​ប្រយោជន៍​ដល់​សាធារណជន​គួរ​តែ​មាន​ការ​បង្ហាញ​តម្លា​ភាព​អំពី​សារ​ប្រយោជន៍ ការ​ធានា​ចំពោះ​ការ​ប្រើប្រាស់​ដល់​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ការ​ជឿ​ជាក់ និង​មាន​អារម្មណ៍​សុវត្ថិ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់ ​App (កម្ម​វិធី)​ហ្នឹង»។

លោក​សង្ឃឹម​ថា​កម្មវិធី​ទំនាក់​ទំនង​ CoolApp គួរ​បង្ហាញ​ពី​តម្លាភាព និង​ការ​ធានា​ការ​ប្រើ​ប្រាស់​ដល់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ឱ្យ​ពួក​គេ​មាន​សុវត្ថិ​ភាព​ក្នុង​ប្រព័ន្ធ​អន​ឡាញ។

លោក ឡាំ សុជាតិ នាយក​ប្រតិ​បត្តិ​នៃ​វិទ្យា​ស្ថាន​តស៊ូ​មតិនិង​គោល​នយោ​បាយ​ ​លើក​ឡើង​ថា អ្នក​ប្រើ​ប្រាស់​គួរ​សិក្សា​អំពី​ក្រុម​ហ៊ុន​ដែល​បង្កើត​កម្ម​វិធី​ទាំង​នោះ​ និង​គួរ​យល់​ដឹង​ពី​កម្រិត​ឯក​រាជ្យ​ភាពរបស់​ស្ថាប័ន។ ប្រសិន​បើ​ក្រុមហ៊ុនឬ​ស្ថាប័ន​ដែល​ផលិត​បណ្តាញ​សង្គម​នោះ​ជា​របស់​រដ្ឋា​ភិ​បាល ដូច្នេះ​វា​អាច​ជា​ឧបករណ៍​មួយ​ដែល​រដ្ឋា​ភិ​បាល​អាច​ដឹងព័ត៌មាន​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​ងាយ​ស្រួល។

ទោះជាយ៉ាងណា លោក​ថា ​ការ​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ទំនាក់​ទំនង​ថ្មី​ដែល​ជា​របស់​ខ្មែរ​ជា​រឿង​ល្អ ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ ថា​តើ​កម្មវិធី​ទំនាក់​ទំនង ​CoolApp​ នេះ​អាច​ការពារ​ទិន្ន​ន័យ និង​ឯក​ជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់​បាន​កម្រិត​ណា។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​ នៅ​ក្នុង​កាលៈ​ទេសៈ​នេះ យើង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​របស់​ប្រទេស ប៉ុន្តែ​យើង​ចៀស​មិន​ផុត​ពី​ការ​ព្រួយ​បារម្ភ​រឿង​សុវត្ថិ​ភាព ឯក​សារ​ផ្ទាល់​ខ្លួន ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​ ឬ​ក៏​ការ​យក​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​ប្រើ​ក្នុង​មុខ​ងារ​ផ្សេង»។

លោក​យល់​ថា ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ការពារ​ទិន្ន​ន័យ សុវត្ថិ​ភាព​ឌីជីថល ច្បាប់​ទាក់​ទង​ឧក្រិដ្ឋ​កម្ម​អ៊ីន​ធឺ​ណិត ​(cyber crime) និង​ច្បាប់​ទទួល​បាន​ព័ត៌​មាន​នៅ​ឡើយ។ លោក​ក៏​សង្ឃឹម​ថា ​រដ្ឋា​ភិ​បាល​នឹង​បង្កើត​ឱ្យ​មាន​ច្បាប់​ការ​ពារ​ទិន្ន​ន័យ​អ្នក​ប្រើ​ប្រាស់​ឱ្យ​បាន​ពេញ​លេញ រួម​មាន​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ដែល​មាន​ស្តង់​ដារ​ជា​អន្តរ​ជាតិក្នុង​ការការពារ​សុវត្ថិ​ភាព​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត និង​ការ​ការពារ​ទិន្ន​ន័យរបស់​អ្នក​ប្រើ​ប្រាស់។

ចំណែក​លោក ជី សុផាត អ្នក​ស្រាវ​ជ្រាវ​លើ​វិស័យ​បច្ចេកវិទ្យា និង​ជា​អ្នកបង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម ប្រាប់​វីអូអេ​ថា​ជា​ធម្មតា អ្នក​ប្រើប្រាស់​ត្រូវ​ពឹង​ទៅ​លើ​អ្នក​បង្កើត​កម្ម​វិធី​ទំនាក់​ទំនង​ផ្ទាល់​ថាអាច​ធានា​សុវត្ថិ​ភាព​អ្នក​ប្រើ​ប្រាស់ និង​ទិន្ន​ន័យ​របស់​ពួកគេ​បាន​កម្រិត​ណា។

លោក​បញ្ជាក់​ថា៖ «ជា​ទូទៅការ ​hack [វាយ​ប្រហារ​] នៅ​ក្នុង system [ប្រព័ន្ធ] ឬ​ក៏​វាយ​ប្រហារ​នៅ​ក្នុង ​system វា​កម្រ​ឃើញ​មាន​រូប​ភាព​នេះ​កើត​ឡើង​ណាស់​អាច​ថា​ជា​ចន្លោះ​ប្រហោង​របស់​កម្មវិធី​ទាំង​អស់​ហ្នឹង ហើយ​វា​ស៊ី​សង​ទៅ​លើ​អ្នក​អភិ​វឌ្ឍ​កម្ម​វិធីទាំង​អស់​ហ្នឹង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក លឹម ជាវុត្ថា នាយក​ក្រុមហ៊ុន​ CoolApp និង​ជា​អគ្គនាយក​អង្គភាព​សារព័ត៌មាន ​Fresh News បាន​នៅ​ឡើយ​ទេ។ ចំណែក​លោក គឹម ម៉េង ជា​នាយក​ក្រុមហ៊ុន​ម្នាក់​ទៀត​បាន​ស្នើ​អ្នក​សារព័ត៌មាន​វីអូអេ​ទាក់ទង​ទៅ​លោក លឹម ជា​វុត្ថា វិញ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​កម្ម​វិធី​ទំនាក់​ទំនង​ CoolApp ជា​កម្ម​វិធី​ដំបូង​ដែល​បង្កើត​ឡើង​ដោយ​ខ្មែរ ដែល​មាន​ស្តង់​ដារ​អន្តរ​ជាតិ និង​ត្រូវ​បាន​ចំណាយ​ពេល​ជាង​៣ឆ្នាំ​ក្នុង​ការ​បង្កើត។ លោក​បន្ថែម​ថា​កម្មវិធី​នេះ​មាន​ការ​ធានា​សុវត្ថិ​ភាព​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​អាច​រក្សា​ទុក​ទិន្ន​ន័យ​ស្ថិត​ក្នុង​លក្ខខណ្ឌ​រក្សា​ការណ៍​សម្ងាត់​ខ្ពស់​ (Encryption) និង​ការពារ​សន្តិ​សុខ​ជាតិ​ដែល​មិន​អាច​ឱ្យ​បរទេស​ជ្រៀត​ជ្រែក​យក​ព័ត៌​មាន​របស់​កម្ពុជា​បាន។

សម្រាប់​អ្នក​ប្រើប្រាស់​ដូចជា​លោក ហុង សេងលី វិញ​ប្រាប់​វីអូអេ​ថា ​លោក​បាន​ទាញ​យក​កម្មវិធី​ CoolApp នេះ​មក​ប្រើប្រាស់​តាំង​ពី​ថ្ងៃ​ដែល​ត្រូវ​បាន​ប្រកាស​ដំបូង ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទាក់ទង​តាម ​App ថ្មី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា​ កម្មវិធី​ទំនាក់​ទំនង​ថ្មី​នេះ​នៅ​មិន​ទាន់​មាន​ការ​ដំឡើង​ឱ្យ​មាន​ភាព​ទំនើប និង​ទាក់​ទាញ​ដល់​អ្នក​ប្រើប្រាស់​នៅ​ឡើយ។

ជុំវិញ​បញ្ហា​ឯកជន​ភាព និង​ទិន្នន័យ និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង វ័យ​ ២៩ ​ឆ្នាំ​រូប​នេះ​ លើក​ឡើង​ថា ​បើ​ទោះ​បីជា​មាន​ការ​ធានា​អះអាង​អំពី​ប្រព័ន្ធ​រក្សា​ការ​សម្ងាត់​សម្រាប់​អ្នក​ប្រើប្រាស់ ក៏​លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​លួច​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​យក​ទៅ​ប្រើ​ក្នុង​គោលដៅ​មិន​ល្អ​ណា​មួយ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​នោះ​តើ​វា​មាន​សុវត្ថិភាព​ដូច​អ្វី​ដែល​អះអាង​ដែរ​អត់ ពីព្រោះ​ជាក់​ស្តែង​វា​មាន​ការ​គ្រប់​គ្រង​ពី​ខាង​រដ្ឋាភិបាល​មួយ​ចំនួន ហើយ​យើង​ដឹង​ហើយ​ថា​ករណី​នៃ​ការ​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ដូចជា​ហ្វេសប៊ុក​ឥឡូវ​ក៏​មាន ​Encrypted Message [សារ​ដែល​ត្រូវ​បាន​រក្សា​ការណ៍​សម្ងាត់] ប៉ុន្តែ​ក៏​មាន​ការ​លួច​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ទៅ​ប្រើប្រាស់​នៅ​ក្នុង​គោលដៅ​ដែល​មិន​ល្អ​មួយ​ចំនួន»។

លោក​ក៏​សង្ឃឹម​ថា​កម្មវិធី​ទំនាក់​ទំនង CoolApp​ នេះ​នឹង​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​ដោយ​មាន​មិន​មាន​ការ​ចែក​ចាយ​មាតិកា​មិន​សមរម្យ​ណា​មួយ​ដែល​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ឡើយ។

បើ​តាម​ទិន្នន័យ​លើ​គេហទំព័រ ​Datareportal ក្នុង​ឆ្នាំ ២០២៣ កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ប្រមាណ​ជា​ ៦៥% ​នៃ​ប្រជាជន​សរុប​ ហើយ​ហ្វេស​ប៊ុក​ជា​បណ្តាញ​សង្គម​មួយ ​ដែល​ប្រជា​ជន​កម្ពុជា​ប្រើ​ប្រាស់​ច្រើន​ជាង​គេ ដោយ​មាន​ជាង​ ៩០% ​នៃ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទាំង​អស់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG