វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគរំពឹងថា កម្ពុជានឹងគោរពតាមលក្ខខណ្ឌស.រ.អាចំពោះការកែទម្រង់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរដើម្បីរក្សាទំនាក់ទំនងកម្ពុជាស.រ.អា។ នេះ ជាការអះអាងរបស់លោក អំ សំអាតប្រធានក្រុមផ្នែកស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស លីកាដូដែលបានថ្លែងក្នុងពេលលោកជាវាគ្មិននៃកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍។
«អញ្ចឹងការបង្កើនទំនាក់ទំនង និងដៃគូរអភិវឌ្ឍន៍នេះត្រូវតែមានការចរចារហើយ នឹងការសម្របសម្រួលគ្នាណាមួយរវាងស.រ.អា និងកម្ពុជា។ អញ្ចឹងដើម្បីឲ្យ ប្រទេសមួយទៅជាដៃគូរបាន សរអាត្រូវមានលក្ខខណ្ឌអី សម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយទៅតាមជំហ៊ានៗ ឬ ក៏មានការផ្តល់អនុសាសន៍ ហើយរាជ រដ្ឋាភិបាលក៏មានសិទ្ធិឆ្លើយ ឬ ក៏អាចការពារខ្លួន និងសិទ្ធិសេរីភាពរបស់ខ្លួនបានដើម្បីធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងសរអាជាមួយនឹងកម្ពុជា»។
ទោះជាការជួបគ្នារវាងលោក អូបាម៉ា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន ការលើកពីកង្វល់អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយភាគីកម្ពុជាបានការពារមែន តែលោកនៅតែរំពឹងថា ស្ថានភាពសិទ្ធិមនុស្ស នឹងមានលទ្ធផលប្រសើរទៅថ្ងៃអនាគតតាមរយៈកង្វល់ស.រ.អា៕