វិស័យព័ត៌មានវិទ្យា ឬ កុំព្យូទ័រដើរតួសំខាន់ណាស់មិនថា ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ទេ។ យ៉ាងណាមិញ គ្រឹះស្ថានអប់រំសាធារណៈនៅប្រទេសកម្ពុជា ហាក់ដូចជាមានការយឺតយាវក្នុងការផ្តល់ការអប់រំទាក់ទងនឹងវិស័យនេះ បើធៀបជាមួយសាលាឯកជន ដែលមានកម្មវិធីសិក្សាយកលំនាំតាមប្រទេសអភិវឌ្ឍន៍។
ថ្វីបើចំណេះដឹងផ្នែកព័ត៌មានវិទ្យា ឬកុំព្យូទ័រមានសារៈសំខាន់ខ្ពស់សម្រាប់កិច្ចការរដ្ឋបាលទូទៅ និងការគ្រប់គ្រងជំនួញក្តី ក៏ប្រទេសកម្ពុជាហាក់ដូចជាមិនទាន់បានផ្តោតការបណ្តុះបណ្តាលពេញលេញ និងទូលំទូលាយលើមុខវិជ្ជានេះសម្រាប់មនុស្សជំនាន់ក្រោយរបស់ខ្លួននៅឡើយ។
ការសិក្សាមុខវិជ្ជានេះហាក់ដូចជាចាប់ផ្តើមយឺតបំផុតនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈ ជាពិសេសក្នុងគ្រឹះស្ថានអប់រំចំណេះដឹងទូទៅ។ បន្ថែមពីនោះ ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ដ្រព័ត៌មានវិទ្យាឬចំណេះដឹងផ្នែកព័ត៌មានវិទ្យាភាគច្រើនចាប់ផ្តើមនៅកម្រិតមហាវិទ្យាល័យ។
លោករស់ សាលីន អ្នកនាំពាក្យរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងមានផែនការដាក់បញ្ចូលកម្មវិធីសិក្សាផ្នែកព័ត៌មានវិទ្យានៅតាមវិទ្យាល័យនៅថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលជាថ្នាក់សិក្សាចុងក្រោយរបស់សិស្សានុសិស្សមុននឹងបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ក៏ប៉ុន្តែកម្មវិធីសិក្សានេះសម្រាប់តែវិទ្យាល័យនៅតាមបណ្តាខេត្តតែប៉ុណ្ណោះ។
«ក្នុងឆ្នាំសិក្សាថ្មីនេះ យើងបានទាក់ទងជាមួយនឹងដៃគូមួយចំនួនឲ្យគេបំពាក់កុំព្យូទ័រ តាមសាលាដើម្បីឲ្យសិស្សនៅតាមបណ្តាលខេត្តចេះប្រើប្រាស់»។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mobitel បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការបង្កើតនូវមជ្ឈមណ្ឌលតាមអនឡាញដើម្បីឲ្យសិស្សអាចធ្វើលំហាត់ និងទាញយកមេរៀនបាន សម្រាប់ថ្នាក់មធ្យមសិក្សា។ គម្រោងនេះមានតម្លៃជាង១លានដុល្លារអាមេរិក ដែលបានដាក់ឲ្យប្រើប្រាស់បណ្ណោះអាសន្ននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
យ៉ាងណាក៏ដោយ ការសិក្សាខាងផ្នែកកុំព្យូទ័របានចាប់ផ្តើមរួចទៅហើយ ចាប់តាំងពីកម្រិតបឋមសិក្សា នៅតាមសាលាឯកជនសំខាន់ៗមួយចំនួនដែលអនុលោមតាមនិយាមអន្តរជាតិ។
ជាក់ស្តែង ប្រព័ន្ធអប់រំសាលាអន្តរជាតិ វេស្ទើនយកតាមប្រព័ន្ធធំៗបីគឺសិង្ហបូរី អាមេរិក កាណាដា។ លោកហ៊ូ ផល្គុណ ជាប្រធានក្រុមបច្ចេកទេសផ្នែកភាសាខ្មែរ បានប្រាប់ឲ្យដឹងថា ការបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រនេះចាប់ផ្តើមចាប់ពីថ្នាក់ទី៤ ហើយកម្មវិធីសិក្សាគឺមាន២ម៉ោងក្នុងមួយសប្តាហ៍ និង១ម៉ោងក្នុងមួយសប្តាហ៍សម្រាប់ថា្នក់ធំ។
«ថ្នាក់តូច ទី៤ដល់ទី៨ រៀន២ម៉ោង។ ថ្នាក់ធំ ទី១០និងទី១១ រៀន១ម៉ោង។ ខាងបំណិនវិជ្ជាចែកចេញជាច្រើន ឧទាហរណ៍ ដូចជា Special Case (ថ្នាក់ពិសេស), Art (សិល្បៈ),music (ដន្ត្រី), dance (របាំ)។ អញ្ចឹងសាលាយើងមានទុនស្រាប់ យើងក៏ដាក់មុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រចូលតែម្តង ដើម្បីឲ្យកូនខ្មែរចេះច្រើនទៅមុខទៀត ព្រោះវិទ្យាសាស្រ្តឥឡូវលឿនណាស់»។
លោកខៀវ ភីត ជានាយករងខាងកម្មវិធីអប់រំភាសាខ្មែរនៅសាលាអន្តរជាតិហ្សាម៉ាន់ (Zaman)។ លោកនិយាយថា៖
«កម្មវិធីសិក្សានៅហ្សាម៉ាន់គឺមានប្រព័ន្ធពីរគឺប្រព័ន្ធក្រសួងអប់រំមួយទៀតគឺស្របតាមប្រព័ន្ធអ៊ីនធឺណែតសិនណាល់ ដើម្បីឲ្យវាស្របតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីឲ្យសិស្សមានការយល់ដឹង ហើយវាជាគោលការណ៍របស់សាលាឲ្យសិស្សចេះប្រើប្រព័ន្ធកុំព្យូទ័រ ព្រោះប្រយោជន៍វាមានច្រើន ងាយស្រួលធ្វើការ និងស្រាវជ្រាវ»។
យ៉ាងណាមិញ វិស័យព័ត៌មានវិទ្យារាប់បញ្ជូលទាំងការប្រើប្រាស់កុំព្យូទ័រនិងអ៊ីនធឺណែតផងដែរ។ បច្ចុប្បន្នវិស័យឯកជនមានការរីកលូតលាស់ក្នុងវិស័យនេះយ៉ាងច្រើន។ ប៉ុន្តែក្នុងវិស័យសាធារណៈ ផ្នែកព័ត៌មានវិទ្យានៅមានកម្រិតនៅឡើយ។
ដំណាលគ្នានេះ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះភាគច្រើននៅថ្នាក់ឧត្តមសិក្សា។
ក្នុងប្រទេសកម្ពុជានេះ ការបណ្តុះបណ្តាលទាក់ទងនឹងផ្នែកព័ត៌មានវិទ្យាក្នុងកម្រិតឧត្តមសិក្សាធ្វើឡើងនៅក្នុងសាលាចំនួន១០៥ រាប់ទាំងសកលវិទ្យាល័យរដ្ឋ និងឯកជន។
ជាក់ស្តែងកញ្ញាសែត ហត្ថាជានិស្សិតអាហារូបករណ៍ឆ្នាំទីមួយផ្នែកបង្កើតគេហទំព័រ (Web Programming) នៅសាលា Passerelles Numériques Cambodia (PNC)។ ជានិស្សិតស្រីដែលមានស្រុកកំណើតនៅឯខេត្តពោធិសាត់ យុវតីរូបនេះមិនធ្លាប់បានដឹងពីមុនថា អ្វីជាព័ត៌មានវិទ្យាឡើយ។
«កាលពីមុន ខ្ញុំអត់ស្គាល់ថា អាយធីជាអីទេ តែតាំងពីខ្ញុំបានមករៀននៅទីនេះ ខ្ញុំគិតថា សម័យឥឡូវបច្ចេកវិទ្យាមានការជឿនលឿន ដូររហូត។ អញ្ចឹងផ្នែកអាយធីមិនថា ប្រុស មិនថាស្រីទេ សំខាន់គឺយើងមានឆន្ទៈក្នុងការរៀន»។
ក្រោយពីបានមករស់នៅ និងសិក្សាផ្នែកព័ត៌មានវិទ្យានៅឯភ្នំពេញប្រមាណជិតមួយឆ្នាំនេះ យុវតីរូបនេះបានសង្កេតឃើញថា សម័យបច្ចុប្បន្ននេះគ្មាននរណាដែលមិនប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងជីវភាពប្រចាំថ្ងៃនោះទេ។
«មនុស្សរស់នៅពឹងផ្អែកលើអាយធីខ្លាំង រៀនក៏ពឹងលើបច្ចេកវិទ្យា ព្រោះចំណេះដឹងបានពីគ្រូបង្រៀនគឺអត់គ្រប់គ្រាន់ទេ។ ដូច្នេះយើងត្រូវការស្រាវជ្រាវបន្ថែមទៅលើអ៊ីនធឺណែត ដោយប្រើបច្ចេកវិទ្យា។ បើបច្ចេកវិទ្យាអត់រីកចម្រើន នោះការសិក្សាក៏អត់រីកចម្រើនដែរ»។
លោកឌុក ឧត្តមជាគ្រូបង្រៀនអាយធីនៅសាលា Passerelles Numériques Cambodia (PNC) បានពន្យល់ថា៖ «ព័ត៌មានគឺជាវិទ្យាសាស្រ្តដែលសិក្សាពីការរីកចម្រើននៃផ្នែកបច្ចេកវិទ្យា។ អាយធីនៅស្រុកខ្មែរឥឡូវគឺមានការរីកចម្រើនច្រើន បើយើងប្រៀបទៅលើ៥ឆ្នាំមុន ព្រោះកាលពីមុន ការប្រើប្រាស់ទាក់ទងនឹងកុំព្យូទ័រ ឬក៏ទូរស័ព្ទគឺវានៅខ្សោយណាស់ ប៉ុន្តែមកដល់សម័យបច្ចុប្បន្ននេះ ប្រព័ន្ធតិចណូឡូជីគឺមានការ Update (ជឿនលឿន) ខ្លាំងមែនទែន»។
ជាមួយគ្នានេះដែរ លោកឌុក ឧត្តមយល់ថា ប្រទេសកម្ពុជាគួរតែពង្រឹងការសិក្សាលើវិស័យបច្ចេកវិទ្យាកុំព្យូទ័រនេះឲ្យច្រើន។
បន្ថែមពីនេះទៀត លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា ធនធានមនុស្សនៅកម្ពុជាពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារបានទេ ជាពិសេសគឺពេលអាស៊ានចូលមកក្នុងឆ្នាំ២០១៥ ព្រោះថា ដើម្បីអាចប្រកួតប្រជែងបាន លុះត្រាតែនិស្សិតខ្មែរខ្លាំងខាងភាសា មានជំនាញច្បាស់លាស់ និងពូកែខាងទំនាក់ទំនងនិងផ្នែកព័ត៌មានវិទ្យាផងដែរ៕