ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ខួប​១៣​ឆ្នាំ​នៃ​កម្មវិធី​លើក​កម្ពស់​វប្បធម៌ ​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​នៅក្រុង​ Long Beach​ នឹង​ធ្វើ​តាម​អនឡាញ


ការសម្តែងសិល្បៈប្រពៃណីបុរាណខ្មែរ ក្នុងអំឡុងពេលពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់សហគមន៍ខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ (រូបថតដោយ Khmer TV Inc.)

ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​មិន​អាច​រារាំង​មិន​ឲ្យ​អង្គការ​ Cambodia Town Inc.​ នៃ​ទីក្រុង ​Long Beach​ រៀបចំ​ខួបទី​ ១៣ ​នៃ​កម្មវិធីលើក​កម្ពស់​វប្បធម៌​ប្រពៃណី​និង​ទំនៀម​ខ្មែរ​នៅក្រុង ​Long Beach​ បាន​ទេ។

កម្មវិធី​នេះ​ជា​ធម្មតា​ធ្វើ​នៅ​ក្រុង​ខ្មែរ ​ដែល​លាត​សន្ធឹង​ចន្លោះ​ពី​មហាវិថី​ Alamitos ​រហូតដល់​មហាវិថី​ Junipero ​ដែល​ប្រសព្វ​គ្នា​នឹង​ផ្លូវ​ទី​ ១០​ និង​ទី​ ១៤។​ តំបន់​នេះ​ធ្លាប់​មាន​មនុស្ស​កកកុញ​ ចេញចូល​ហាង​អាជីវកម្ម​ជាង​ ១៨០​ ដែល​មាន​ដូចជា​ភោជនីយដ្ឋាន ​ហាង​ភីស្សា ​ហាង​លក់​គ្រឿង​អលង្ការ​ផ្សារ​ ​រោងជាង​ជួសជួល​រថយន្ត​ ហាង​កែ​សម្ផស្ស​ និង​ការិយាល័យ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ និង​ពន្ធអាករ​ជាដើម។

ប៉ុន្តែ​ឆ្នាំ​នេះ​ កម្មវិធី​អបអរឆ្នាំថ្មី​នេះ​ត្រូវ​ធ្វើ​នៅថ្ងៃសៅរ៍​ ទី ២៤ ខែមេសា តាម​អនឡាញវិញ ដោយ​មិន​មាន​ការ​ដង្ហែក្បួន​ព្យុហយាត្រាដូច​សព្វដង​ទេ ដើម្បី​អនុវត្ត​តាម​គោលការណ៍​សុវត្ថិភាព​ទប់ទល់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។​ នេះ​បើ​យោងតាម​អ្នក​តំណាង​និង​ស្ថាបនិក​នៃ​សមាគម​នេះ។

លោក ​Richer San​ ក្រុម​ប្រឹក្សា​នាយក​ម្នាក់​ក្នុង​ចំណោម ​៩ ​នាក់ ​ប្តេជ្ញាថា​ ឆ្នាំ​ក្រោយ​សមាគម​ Cambodia Town Inc.​ នៃ​ទីក្រុង ​Long Beach​ នឹង​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​ធ្វើ​ពិធី​នេះ​ដោយ​ផ្ទាល់​ដូច​កន្លង​មក។​

លោក​បាន​ឲ្យដឹង​ថា ​កម្មវិធី​នេះ​បាន​ធ្វើ​តាម​អនឡាញ​ពីរ​ឆ្នាំ​ ដោយ​សារ​ជំងឺ​កូវីដ១៩ ​គឺមិន​អាច​ខកខាន​បាន​ទេ។

«យើង​ត្រូវតែ​ធ្វើ​នៅពេល​នេះ​ ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​របស់​យើង​ផង ​និង​អារម្មណ៍​ខ្មែរ​របស់​យើង ​ដែល​មិន​បាន​ដើរ​ទៅណា ​មើល​ទៅ​ណា​ទេ។ ​បើយើង​មាន​កម្មវិធីហ្នឹង ​ឲ្យគ្នា​មើល គ្នា​សប្បាយចិត្ត»។

ដូចគ្នានេះ​ដែរ​អ្នកស្រី ​សាន សិទ្ធា ប្រធាន​អង្គការ​ក្រុង​ខ្មែរ​ថ្លែង​ថា ​មេដឹកនាំ​សហគមន៍​ខ្មែរ​មិន​បណ្តោយ​ឲ្យ​ជំងឺ​នេះ​ ត្រួត​ត្រា​មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ​ ហើយ​ត្រូវ​កែស្ថានភាព​អវិជ្ជមាន​បណ្តាល​មកពី​កូរីដ១៩ ​ឲ្យ​ទៅ​ជាវិជ្ជមាន​វិញ។​

អ្នកស្រី​ សាន សិទ្ធា​ បាន​បន្ថែម​ថា៖ «ហើយ​ផល​ប្រយោជន៍ ​គឺសង្គម​យើង​ គាត់​សប្បាយ​រីករាយ​នឹង​ឃើញ​ ហើយ​ពេល​គាត់​មើលទៅ​ គាត់​មាន​អារម្មណ៍​ល្អ​ ព្រោះ​គ្រប់គ្នា​ភាគ​ច្រើន​នៅផ្ទះ​ អត់ដឹង​ត្រូវ​ធ្វើអី។​ ដូច្នេះ​មាន​ទស្សនីយភាព​អុីចឹងៗ​ ឲ្យ​គាត់​មើល​ គាត់​សប្បាយ។ ​គាត់​មាន​អារម្មណ៍ ​ថា​អូ! អត់​អី​ទេ! ​វា​ជួយ​កាត់​បន្ថយ​ការភ័យ​ខ្លាច​ ការ​ព្រួយ​បារម្ភ​អីហ្នឹង​ គឺ​ថា ជួយ​សតិអារម្មណ៍។​ ជួយ​ពួក​គាត់​ច្រើន»។​

ចំណែក​លោក​ Phillip Lee Thong​ ស្ថាបនិក​មួយ​រូបទៀត​នៃ​អង្គការ ​Cambodia Town Inc. ​នៃ​ទីក្រុង ​Long Beach ​ប្រាប់​វីអូអេ​តាមសារ​ជា​អុីមែលថា លោក​មាន​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ការ​លះបង់ និង​ការតាំង​ចិត្ត​របស់​ក្រុម​ប្រឹក្សានាយក​នៃ​អង្គការ​នេះ​ ហើយ​និង​ខ្មែរ​អាមេរិកាំង​ទាំងអស់ ​ដែល​រួម​ចំណែក​មិន​ឲ្យ​ជំងឺ​កូវីដ១៩ ​សម្លាប់​កម្មវិធី​ខួប ​១៣ ​ឆ្នាំ​នេះ​ ទោះ​បីជា​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ខើច​ពេល​ក៏ដោយ។​

លោក​ Richer San ​ក៏​បាន​បន្ថែម​ថា​ តាម​បទ​ពិសោធន៍កម្មវិធី​នេះ​ដែល​បាន​ធ្វើ​តាម​អនឡាញ​កាល​ពីឆ្នាំ​មុន​ មាន​អ្នកចូ​ល​មើល​ការ​បង្ហោះ​តាម​ Facebook, YouTube​ នៅ​ទូទាំង​ពិភព​លោក​ច្រើន​ជាង​ឆ្នាំ​ដែល​ធ្វើ​កម្មវិធី​ដោយ​ផ្ទាល់។

លោក​ថា​ កម្ម​វិធី​ដែល​ថតទុក​នេះ​ក៏នឹង​មាន​ចាក់​ផ្សាយ​ក្នុង​ការផ្សាយ​តាម​កម្មវិធី​ទូរទស្សន៍​ខ្មែរ ​Long Beach ​និង​តាម​ទូរទស្សន៍​ក្រុង ​Long Beach ​ផង​ដែរ។​

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​រស់នៅ​ចំនួន​ជិត​ ៥០ ​ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​ ៥ ​ម៉ឺន​នាក់ ​ដែល​រស់នៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​តំបន់​ជុំវិញ​ផ្លូវ​អាណាហែម ​និង​តំបន់​ជិតខាង។

លោក ​Richer San​ បានបន្ថែម​ឲ្យ​ដឹង​ថា ​កម្ម​វិធីនេះក៏​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ជនជាតិ​ផ្សេង​ដឹង​ថា​ ជនភៀស​ខ្លួន​ខ្មែរ​ដែល​មក​រស់​នៅ​ទីនេះ​ មាន​ពូជ​អម្បូរ​ត្រឹមត្រូវ។

«យើង​ជួយ​ផ្សព្វផ្សាយ​ទៅ​សាសន៍​ដទៃទៀត​ ឲ្យ​គេ​យល់​អំពី​ខ្មែរ​យើង។​យើង​មកហ្នឹង ​យើង​មាន​ប្រពៃណី។​ យើង​មាន​ពូជមាន​អីត្រឹមត្រូវ។​ យើង​ឲ្យ​គេយល់។ ​ដល់​ពេល​គេយល់​ យើង​សង្ឃឹម​ថា​ ហិង្សា​មក​លើ​យើង​ហ្នឹង​នឹង​អស់​ បាទ។​ យើង​ខំ​ធ្វើ​អុីចឹង។​ យើង​ធ្វើ​យូរ​ហើយ​បាទ»។​

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុម័ត​ដោយ​សំឡេង​លើស​លុប​នូវ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ ​ដែល​មាន​គោល​បំណង​បង្កើន​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​លើ​ជនជាតិ​អាស៊ី​ ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវី១៩។ ​ការ​បោះឆ្នោត​មាន ​៩១ ​សំឡេង​គាំទ្រ​ ទល់​នឹង​ ១​ សំឡេង​ប្រឆាំង។​

សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​បង្កើត​តួនាទី​ថ្មី​ដល់​ក្រសួង​យុត្តិធម៌​ដើម្បី​ពន្លឿន​ការ​សើរើ​ពិនិត្យ​មើល​នូវ​បទ​ល្មើស​ឧក្រិដ្ឋស្អប់​ខ្ពើម​ ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ​និង​ផ្តល់​ការ​គាំទ្រ​ដល់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​មូលដ្ឋាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ហិង្សា​នៃ​ការស្អប់​ខ្ពើម​លើ​ជនជាតិ​អាស៊ី។​

សេចក្តី​ព្រាង​ច្បាប់​នេះ​ ក៏​រួម​បញ្ចូល​ទាំង​វិសោធនកម្ម​ដែល​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រមូល​ទិន្នន័យ​នៃ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើមទាំង​នោះ​ ហើយ​បង្កើត​បណ្តាញ​ទូរស័ព្ទ​សម្រាប់​ការ​រាយ​ការណ៍​អំពី​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម។​

បញ្ហានេះ​ត្រូវ​បាន​អ្នក​គាំទ្រ​សិទ្ធិ​ពលរដ្ឋ​ពណ៌នា​ថា​ បណ្តាល​មក​ពី​ការ​បន្ទោស​គ្មាន​មូលដ្ឋាន​ ដែល​ថា​ជនជាតិ​អាស៊ី​ជា​អ្នក​នាំ​ចូល​វីរុសកូរ៉ូណា ​ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​ចិន។​

លោក​ប្រធានាធិបតី ​Joe Biden ​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ច្បាប់​នេះ​ ហើយ​រំពឹង​ថា​ នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​ក្លាយ​ជា​ច្បាប់ ​នៅពេល​ដែល​វា​ត្រូវ​បាន​បញ្ជូន​ទៅដល់​ការិយាល័យ​របស់​លោក។​

លោក​ Richer San ​ឲ្យដឹង​ថា ​សុវត្ថិភាព​និង​ការ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​ គឺ​ជា​បញ្ហា​ចម្បង​ដែលផុស​ឡើង​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​រៀងរាល់​លើក។​

អ្នកស្រី សាន ​សិទ្ធា ប្រធាន​អង្គការ​ក្រុង​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ កម្ម​វិធីនេះ​មាន​ការ​ផ្សាយ ​pre show​ ចាប់​ផ្តើម​ពី​ម៉ោង​ ៥ និង​ ៤៥​ នាទី​ ដល់​ម៉ោង​ ៦ ​ល្ងាច ​ដែល​មាន​ដូច​ជា​កម្មវិធី​ចម្រៀង​កម្មវិធីព្រះ​ពុទ្ធសាសនា​គ្រឹស្តសាសនា​ឥស្លាមសាសនា​និងសាសនាយូដា។

កម្មវិធី​ស្នូល​រយៈពេល​ពីរម៉ោង​កន្លះ​ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ ៦ ​ល្ងាច​ម៉ោង ​ក្រុង​ឡងប៊ិច ដោយ​មាន​សុន្ទរកថា​បើក​កម្មវិធី​ ភ្លេង​គោរព​ទង់ជាតិ​ខ្មែរ​និង​អាមេរិក និង​សុន្ទរកថា​របស់​វាគ្មិន​សំខាន់ៗ ​និង​របាំ​កាប់​ក្របីផឹកស្រា កូរសមុទ្រ​ទឹកដោះ ទេពមនោរម្យ​ ត្បាល់​ក្ឌៀង​ ភាព​យន្តឯកសារ​បង្ហាញ​ក្បាច់​គុន​ល្បុកតោ​ខ្មែរ​ ឯកសារ​អំពី​ Khmer Arts Acardemie ​(សិក្សាសិល្បៈ​ខ្មែរ)​ ឯកសារ​អំពីអ្នក​ចម្រៀង​ឆោម និមល​ ឯកសារ​អំពី​សម្ល​ការី​ខ្មែរ​ ដែល​មាន​ដាក់​ប្រហុក​ និង​កម្មវិធី​សម្តែង​សិល្បៈ​ចម្រៀង​ដូរ្យតន្ត្រី។

អ្នក​ស្រី​បន្ថែម​ថា​ មាន​កម្មវិធី​ចាប់​រង្វាន់​ចំនួន ​១០ ​សម្រាប់​អ្នកចូលរួម​ផង​ដែរ៕

XS
SM
MD
LG