ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​អាមេរិក​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ទោះកូវីដ​ឆ្លង​រាតត្បាត​ខ្លាំង


រូបឯកសារ៖ ពាន​រង្វាន់​មេដាយ​មាស​ស្ថាបនា​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ជូន​លោក ទេស សារឿម ប្រធាន​សមាគម​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/វីអូអេ)
រូបឯកសារ៖ ពាន​រង្វាន់​មេដាយ​មាស​ស្ថាបនា​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ជូន​លោក ទេស សារឿម ប្រធាន​សមាគម​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/វីអូអេ)

ព្រះសង្ឃ​ និងក្រុម​ពលរដ្ឋ​ខ្មែរនៅ​តាមបណ្តា​រដ្ឋនានា​ក្នុង​ប្រទេស​អាមេរិក​បាន​ចូលរួម​និង​ ត្រៀម​ចូលរួម​ទទួល​ទេវតា​ឆ្នាំថ្មី​ដូច​ពលរដ្ឋ​នៅក្នុង​ប្រទេស​កំណើត​ដែរ ​ដោយ​រួមគ្នា​ប្រារព្ធ​ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ​នៅឆ្នាំ​២០២១​ នេះ​ ទៅតាម​ប្រពៃណី​ ​វប្បធម៌ ​សាសនា​ និង​ទំនៀម​ទម្លាប់​តាំងពី​បុរាណ​មក​ ជាមួយ​នឹង​វិធានការ​ប្រុង​ប្រយ័ត្ន​ជាច្រើន ​ដើម្បី​ទប់ស្កាត់​ជំងឺកូវីដ១៩ ​ដែល​កំពុង​ឆ្លងរាលដាល​យ៉ាងខ្លាំង​ក្នុង​ប្រទេស​អាមេរិក​ និង​ប្រទេស​ជាច្រើន​នៅជុំវិញ​ពិភពលោក។

ព្រះភិក្ខុឥទ្ធិមុនី​ ម៉ឹង សាង ​ព្រះគ្រូ​ចៅអធិការវត្ត​មុនីសុតារាម ​រដ្ឋមីនីសូតា ​ដែលជា​ប្រធាន​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ-សហរដ្ឋ​អាមេរិក​ បានបញ្ជាក់​ដោយ​ថេរដីកា​ថា ​ ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ចំនួន​ ៣ថ្ងៃ ​ឬ ​៥ ថ្ងៃ​នៅវត្តខ្លះ​នឹង​ប្រព្រឹត្តទៅ​ជាធម្មតា​វិញ​នៅឆ្នាំនេះ​គឺចាប់​ពីថ្ងៃទី​១៤ ​ដល់​ ថ្ងៃទី១៦ ​សម្រាប់​វត្តខ្លះ ​និង ​វត្តខ្លះ​ទៀត​គ្រោងធ្វើ​៥ថ្ងៃ​ចាប់ពី​ថ្ងៃទី១៤ ​ដល់ថ្ងៃ​ទី១៨ តែម្តង ​ដោយសារ​តែ​ពុទ្ធបរិស័ទ​នៅ​សហរដ្ឋ​អាមេរិក​ជាប់​រវល់​ការងារ​នៅក្នុង​សប្តាហ៍​ ហើយមាន​ពេល​តែចុងសប្តាហ៍​ដើម្បី​ចូលរួម​ពិធីបុណ្យ ​ហើយ​សម្រាប់​វត្តខ្លះ​ក៏បាន​ធ្វើពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​នៅចុង​សប្តាហ៍​ទី២​នៃខែមេសា​រួចហើយ​ដែរ​គឺចាប់ពី​ថ្ងៃទៅ៩​ដល់ថ្ងៃ​ទី១១។

«វត្តមុនីសុតារាម​យើងបាន​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំ​ហ្នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី១៤ ​ថ្ងៃទី១៥ ​ថ្ងៃទី១៦ ​ហើយបន្តទៅថ្ងៃ​ទៅ​១៧​ និង​ ថ្ងៃទី១៨​ ថ្ងៃសៅរ៍​ថ្ងៃអាទិត្យ​ទៀត​គឺតម្រូវ​តាមពុទ្ធបរិស័ទ​ដែលអាច​អញ្ជើញ​មកបាន​នៅចុងសប្តាហ៍»។

ព្រះតេជគុណ ​ម៉ឹង សាង ​បានបន្តថា​កម្មវិធី​បុណ្យ​ទាំង​៥ថ្ងៃ​ឬ៣​ថ្ងៃនៅ​កន្លែង​ខ្លះនោះ ​មានការ​ រាប់បាត​ សូត្រ​មន្ត ​បង្សុកូល ​ទេសនា​ ពូនភ្នំខ្សាច់ សំអាត​ព្រះពុទ្ធរូប​ ស្រង់ព្រះ ​រៀចំ​ពិធី​ទទួល​ទេវតាឆ្នាំថ្មី ​និងលេង​ល្បែង​ប្រជាប្រិយ​ជាតំណាង ឬ ​មាន​អ្នកចូល​រួមតិច​តួច​ទៅតាមវត្ត​ឬវត្តខ្លះ​មិនមាន​លេងល្បែង​ប្រជាប្រិយទេ​ ដោយខ្លាច​មានការ​ឆ្លង​កូវីដ១៩ ដែល​កំពុង​ឆ្លង​រាតត្បាត​ដល់មនុស្ស​ជាង៧ម៉ឺន​ករណី​ក្នុងមួយ​ថ្ងៃៗ ​ដែល​សម្លាប់​មនុស្ស​ចំនួន​ជាង​៥៦ម៉ឺននាក់ ​និង​ចំនួន​អ្នកឆ្លង​សរុប​ជាង​៣១​លាននាក់​រហូតមកដល់​ពេលនេះ។

​វត្តមុនី​សុតារាម​បាន​ដាក់​វិធានការ​មួយចំនួន​ដើម្បី​សន្តិសុខ ​សុវត្ថិភាព​សម្រាប់​ពុទ្ធបរិស័ទ​ចូលរួម​ក្នុងពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរឆ្នាំ​នេះ។

«វិធានការ​ការពារ​នូវ​កូវីដ​ហ្នឹង​គឺគណ:កម្មការ​យើង​បាន​បិទស្លាក​ដើម្បី​ប្រកាស​សេចក្តី​ណែនាំ​តាំងពី​មុខខ្លោង​ទ្វារមក​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចូលមក​ហ្នឹង​រក្សា​នៅគម្លាត​ឲ្យបាន​ឆ្ងាយ​ពីគ្នា​ដែល​អាចធ្វើ​ទៅបាន​ ហើយនិង​ការពារម៉ាស់​ជានិច្ច ​ហើយយើង​នឹងមាន​ការ​ធ្វើតេស្ត​កម្តៅ​នៅពេល​ចូលខាង​ក្នុង​ព្រះវិហារ​ ហើយប្រើ​ទឹកដើម្បី​លាងសម្អាត​ដៃ​ជានិច្ច។ ​នេះ​ជា​វិធានការ​មួយ​ដែល​យើង​ការពារ ​ហើយ​ជាពិសេស​ទៀត​ឆ្នាំឆ្លូវ​ត្រីស័ក​ ឆ្នាំនេះ​យើងសង្ឃឹមថា​ពុទ្ធបរិស័ទ​យាយតា​ ភាគច្រើន​ចាស់ៗហ្នឹង​គាត់បាន​ចាក់វ៉ាក់​សាំង​មក​បាន​ច្រើនគ្នា ​ដូច្នេះ​ហើយ​មានភាព​ធូរស្រាល​ជាងឆ្នាំ​ទៅ»។

រូបឯកសារ៖ ព្រះឥទ្ធិមុនី ម៉ឹង សាង (កណ្ដាល) ព្រះគ្រូចៅអធិការវត្ត មុនីសុតារាម និងអនុប្រធានទាំងពីរអង្គ នៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និមន្តគង់រង់ចាំធ្វើពិធី ប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយមុន្នី/វីអូអេ)
រូបឯកសារ៖ ព្រះឥទ្ធិមុនី ម៉ឹង សាង (កណ្ដាល) ព្រះគ្រូចៅអធិការវត្ត មុនីសុតារាម និងអនុប្រធានទាំងពីរអង្គ នៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និមន្តគង់រង់ចាំធ្វើពិធី ប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយមុន្នី/វីអូអេ)

ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ-សហរដ្ឋ​អាមេរិក​បាន​ប្រជុំ​សម្រេច​ថា​នឹង​ជូនដំណឹង​នានា​ដល់​វត្តអារាម​នៅ​សហរដ្ឋ​អាមេរិក​ចំពោះការ​ធ្វើបុណ្យ​នៅឆ្នាំ​នេះក្រោយពី​មានការ​ជូនដំណឹង​និង​ទទួលបាន​ការជូន​ដំណឹង​ពីសមាគម​ព្រះសង្ឃ​ដែលមាន​កិច្ចប្រជុំ​នានា​ស្តីពីការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរនៅ​តាមវត្ត​អារាម​នៅ​សហរដ្ឋ​អាមេរិក​ទាំងមូល។ នេះជាថេរដីកា​បន្ថែមរបស់​ព្រះតេជគុណ ​ម៉ឹង សាង ជាប្រធាន​សមាគមនេះ។

«ពរបាន​ទទួលច្រើន ​យើងបាន​ធ្វើការ​ណែនាំ​ហ្នឹង​ដូចជា​ការ​រៀបចំ​វត្តអារាម​ ដូចជា​ការរៀបចំ​ទង់ជាតិ ទង់​សាសនា​ ទង់ជាតិ​អាមេរិក​ ធ្វើពិធី​សាសនា​តាម​ដែលអាច​ធ្វើទៅបាន​ ក៏ប៉ុន្តែ​យើង​នៅតែ​រំឭក​ការពារ​សុវត្ថិភាព​នៃការឆ្លង​កូវីដ១៩​ ហើយនិង​ការ​ការពារ​សុវត្ថិភាព​ផ្សេងៗ​ហ្នឹងយើង​នៅតែ​រំឭក​ជាប្រចាំ»។

ការជូន​ដំណឹង​ទាំងនោះ​គឺក៏មិនខុស​ពីគ្នា​ប៉ុន្មាន​ដែរ ​រាប់ទាំង​ការទទួល​ទេវតា​ឆ្នាំថ្មី​ព្រះនាម​មណ្ឌាទេវី ​ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ​គ.ស ២០២១។​ ការលេង​ល្បែង​ប្រជាប្រិយ​ជាតំណាង​ ឬ ​មិនលេង​ល្បែង​ប្រជាប្រិយតែ​ម្តង​នៅវត្ត​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩ ​និង​ពិធី​បុណ្យ​ផ្សេងទៀត​ស្រដៀងគ្នា​នឹង​ការ​ប្រារព្ធ​នៅក្នុង​វត្តមុនីសុតារាម​ផងដែរ​ទោះជា​អាជ្ញាធរ​បានបើក​ឲ្យ​មានការជួប​ប្រជុំខ្លះ​ក្រោយពី​មានការចាក់វ៉ាក់សាំង​ដល់​មនុស្ស​ប្រមាណ​២០០លានដូស​ក៏​ដោយ។

សម្រាប់​វត្ត​ខេមរពុទ្ធិការាម​ ហៅវត្ត ​វីឡូ ​ក្នុង​ទីក្រុង ​Long Beach​ រដ្ឋ California ​វិញ ​គ្រោងនឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅថ្ងៃ​ទី១៤​ រហូត​ដល់ថ្ងៃ​ទី១៨ ​ដោយមាន​ពិធី​ព្រះ​ពុទ្ធសាសនា​ជាច្រើន​រាប់ទាំង​ពិធី​បង្សុកូល​ រាប់បាត្រ សូត្រមន្ត ​ពូនភ្នំខ្សាច់ ​ស្រង់ព្រះ ​ទេសនា ​ដែល​នឹងត្រូវ​ធ្វើ​ដូចគ្នា​ជារៀង​រាល់ថ្ងៃ។ នេះបើ​តាមការ​អះអាង​របស់​លោក​ កង ជួន ​ជាប្រធាន​គណ:កម្មការវត្ត ​ដែលបាន​ថ្លែងប្រាប់​វីអូអេតាម​ទូរស័ព្ទ។

«ហើយ​ដល់​ថ្ងៃផ្សេង​ទៀតគឺ​ធ្វើដូចៗគ្នា ​ម៉េច​បាន​ធ្វើដូចគ្នា? ​ព្រោះ​អស់លោក​ខ្លះគាត់​បាន​មក​តែមួយ​ថ្ងៃទេ​ ដល់អីចឹង​គឺមាន​ពិធី​បង្សុកូល ​ស្រង់ព្រះ ​ពូនភ្នំខ្សាច់ ​គឺធ្វើ​រៀងរាល់​ថ្ងៃ​ដូចគ្នា»។

លោក ​ជួន ​បាន​បន្តថា​កម្មវិធី​ឆ្នាំនេះ​ក៏មាន​ការផ្តល់​រង្វាន់​ជាស្លាក​គ្រឿង​ឥស្សរិយយស​ដល់​សប្បុរសជន​ដែល​ចូលបច្ច័យ​ទាំងតិច​ទាំងច្រើន​ដើម្បី​កសាង​ព្រះវិហារថ្មី ​ដែលវត្តនេះ​កំពុង​ប្រមូល​ថវិកា​ដែរ ​ក្រៅពី​មានការ​រៀបចំវិធានការ​សន្តិសុខ ​សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ១៩​នោះ។

នៅទីក្រុង​ យូស្តុន ​រដ្ឋ ​Texas ​វិញ​ វត្តមួយ​កន្លែង​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​រួចជា​ស្រេច​ហើយ​កាលពី​ថ្ងៃទី៩​ដល់ ថ្ងៃទី១១ ​ខែមេសា ​ដោយសារ​ជាតម្រូវ​ការ​តាម​ពុទ្ធបរិស័ទ​ដែល​មមាញឹក​នឹង​កិច្ចការ​ប្រចាំថ្ងៃ​ផង​និងមិន​ចង់ធ្វើជាន់គ្នា​ជាមួយ​នឹង​វត្តផ្សេង​ទៀត។ នេះបើ​តាម​ថេរដីកា​របស់​ព្រះតេជគុណ ​អាង ថុង​ ព្រះគ្រូចៅ​អធិការវត្ត​ពុទ្ធរង្សី ប្រាប់ VOA។

«ធ្វើមុន​ហ្នឹង​មកពី​នៅ​សហរដ្ឋ​អាមេរិក​ហ្នឹង​ អ្នកទៅ​ធ្វើការ ​គឺថា​ចាប់ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ ​គឺតែងតែ​ទៅធ្វើការ។ ថ្ងៃធ្វើការ​មិនអាច​មកវត្ត​បាន​អីចឹងទៅ​ វត្តក៏​ជ្រើសរើស​ចុងសប្តាហ៍​ ថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ»។

រូបឯកសារ៖ ការ​សម្ដែង​របាំ​ជូនពរ ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/វីអូអេ)
រូបឯកសារ៖ ការ​សម្ដែង​របាំ​ជូនពរ ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/វីអូអេ)

ព្រះភិក្ខុ​អាង ថុងបន្ថែមថា​មាន​ពុទ្ធបរិស័ទ​ប្រមាណ​២០០នាក់​ដែរ ​ដែលមក​ធ្វើពិធី​បុណ្យ​តាម​ប្រពៃណី​ជាធម្មតា ​ហើយខ្លះ​មក​មុន​ដោយសារ​មិនចង់​ឲ្យជួបជុំ​មនុស្សម្នា​ច្រើន​ ហើយខ្លះ​ដែល​មកថ្ងៃ​ចុង​សប្តាហ៍​ក៏បាន​ពាក់ម៉ាស់​ រក្សា​គម្លាតសង្គម ​និង​មានទឹក​លាងដៃ ​Hand sanitizer ផង​ដែរ។

នៅវត្ត​ព្រះពុទ្ធរង្សី ​នៅក្នុង​ក្រុង​ហ្វីឡាឌែលហ្វីយ៉ា ​រដ្ឋ Pennsylvania​ គ្រោងនឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ជាធម្មតា​ដែរ​នៅថ្ងៃ​ទី១៤ ​ដល់ថ្ងៃ​ទី១៨ ​មេសា ​ដោយមាន​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ ១៩ ​តាម​វិធានការសុខាភិបាល។ នេះជា​ថេរដីកា​របស់​ព្រះតេជគុណ​ រ័ត្ន មុនី ​ដែលជា​ព្រះគ្រូចៅ​ធិការវត្ត ​ប្រាប់​ VOA។

«ករណី​ពិសេស​របស់​វត្តព្រះពុទ្ធរង្សី​ហ្នឹង​គឺដោយសារ​យើង​បានដឹង​ពីជំងឺ​កូវីដ១៩​ហ្នឹងទាន់​ពេលវេលា ​ហើយ​បានប្រកាស​ទាន់ពេល​វេលា ​អីចឹង​ញាតិញោម​ពុទ្ធបរិស័ទ​ក៏បាន​ការពារ​គ្រប់ៗគ្នា​ ជាពិសេស​ពាក់ម៉ាស់ ​លាងដៃ​នៅគម្លាត​ពីគ្នា​អីជាដើម​ ជាពិសេស​ពេល​ត្រូវ​មកវត្តហ្នឹង​ យើង​រៀបចំ​កៅអី​អង្គុយ​ឃ្លាត​ពីគ្នា»។

ព្រះតេជគុណ ​រ័ត្ន មុនី ​ដែលជា​ព្រះគ្រូចៅធិការវត្ត​ព្រះពុទ្ធរង្សី​ក្នុងរដ្ឋ ​New Jersey​ ផងនោះ​ បានបញ្ជាក់​បន្ថែមដោយ​ថេរដីកា​ថា​ នៅវត្ត​ព្រះពុទ្ធរង្សី​ក្នុងរដ្ឋ​ New Jersey ​នឹងធ្វើ​ពិធី​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ដូចនៅ​វត្តហ្វីឡាឌែលហ្វីយ៉ា​ដែរ ​តែនឹង​ធ្វើ​នៅចុង​សប្តាហ៍​បន្ទាប់​ ដោយរំពឹង​ថាមាន​ពុទ្ធបរិស័ទ​ច្រើន​ចូលរួម។

កម្មវិធី​នៅវត្ត​ទាំងពីរ​នេះ​គឺមាន​ប្រហាក់​ប្រហែល​គ្នា​តាំងពី​របៀប​រៀបចំ ​កម្មវិធី​បុណ្យ​ជាប្រចាំ​ថ្ងៃតាម​ផ្លូវសាសនា និងមាន​ល្បែង​ប្រជាប្រិយ​កម្សាន្ត​ដែល​សម្តែង​ជា​លក្ខណ:តំណាង​ មិនឲ្យ​មាន​ការ​ចូលរួម​បើក​ទូលាយ​បាននោះ​ទេ ដោយក្តី​បារម្ភ​ចំពោះ​ជំងឺ​កូវីដ១៩។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅសហរដ្ឋ​អាមេរិក​បានខកខាន​កាលពី​ឆ្នាំទៅ​ក្រោយពី​មានជំងឺ​កូវីដ​ឆ្លងរាតត្បាត​ខ្លាំង។

សឹងតែ​គ្រប់វត្ត​ទាំងអស់​ដែលមាន​ប្រមាណ​៤០នៅ​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យធ្វើ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ទាំង​ក្នុង​ព្រះវិហារ​និង​បរិវេណ​ខាង​ក្រៅ​ផងដែរ ​ដើម្បីការពារ​ការឆ្លង​ជំងឺកូវីដ១៩ ​នៅពេល​ពុទ្ធបរិស័ទ​ ដ៏ច្រើន​កុះករ​នាំគ្នា​រំឭក​ពីវប្បធម៌ ​ប្រពៃណី​ ទំនៀម​ទម្លាប់ខ្មែរ ​ដើម្បី​បើក​ឱកាស​ជូនពលរដ្ឋ​ខ្មែរ​បានធ្វើ​បុណ្យទាន​ ឧទ្ទិស​កុសល ​ផលបុណ្យ​ជូន​ឪពុកម្តាយ​ ជីដូនជីតា ​ញាតិមិត្ត​ ក្រុមគ្រួសារ​ដែលបាន​ទទួល​មរណកាល​ទៅហើយ៕

XS
SM
MD
LG