ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​បង្ហើប​ឱ្យ​មាន​ការ​ពិភាក្សា​ពី​អ្នក​ស្នងតំណែង​នាយក​រដ្ឋ​មន្ត្រី


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីសម្ពោធគម្រោង​ការពារ​គ្រោះទឹកជំនន់មួយដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីសម្ពោធគម្រោង​ការពារ​គ្រោះទឹកជំនន់មួយដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

លោក​ ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ យល់ថា​ បំណង​របស់​លោក​នាយករដ្ឋ​ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ គឺ​អាច​ត្រូវ​យក​មក​ពិចារណា​ តែ​ថា​គណៈកម្មការ​មជ្ឈិម​បក្ស​របស់​គណបក្ស​កាន់​អំណាច​ អាច​នឹង​ប្រើ​យន្តការ​ប្រជាធិបតេយ្យ​ ដើម្បី​​សម្រេច​ថា​​នឹង​ចាត់​តាំង​ឥស្សរជន​​រូបណា​ ដើម្បី​ជំនួស​លោក​ហ៊ុន សែន។

ក្រុម​អ្នក​វិភាគ​ បញ្ញាវ័ន្ត​ និងអ្នក​នយោបាយខ្មែរ បាន​ផ្តល់​ការ​យល់​ឃើញ​ខុស​គ្នាៗ ជុំវិញ​អវត្ត​មាន​របស់​លោក​ ហ៊ុន សែន​ ក្នុង​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​ បន្ទាប់ពី​លោក​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ចលាចល​នយោបាយ​អាច​នឹង​កើត​មាន​ឡើង​ ប្រសិន​បើ​លោក​មិន​អាច​នៅ​ដឹកនាំ​គណៈរដ្ឋ​មន្ត្រីបាន​នោះ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ​កម្មករ​មួយ​កាលពី​ថ្ងៃទី​១៣ ខែ​មីនា​ថា​ អវត្ត​មាន​លោក​ក្នុង​ការដឹកនាំ​គណៈ​រដ្ឋមន្ត្រី​ នឹង​មិន​អាច​កើត​ឡើង​បាន​ទេ​ ព្រោះ​រដ្ឋ​ធម្មនុញ្ញ​មិន​បាន​ចែង​ច្បាស់​ថា ​នរណា​អាច​នឹង​ជំនួស​លោក​បាន​នោះ​ឡើយ ក្នុងនាម​ជា​នាយក​រដ្ឋ​មន្ត្រី​ស្តីទី​ នៅ​ពេល​តំណែង​លោក​នៅទំនេរ​ជាស្ថាពរ។​

«កុំភាន់​ច្រឡំ​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ខ្ញុំកំពុង​តែ​ថា​ គិត​គូរកែ​ ឬមិន​កែ?​ រដ្ឋធម្ម​នុញ្ញ​របស់​កម្ពុជា​ គេ​ប្រើ​ពាក្យ​អ៊ីចេះ​ នៅ​ពេល​ដែល​តំណែង​នាយករដ្ឋ​មន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​ គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​រៀប​ចំឡើង​វិញ​ មាន​ន័យថា​ម៉េច? មានន័យ​ថា​ បើ​នាយករដ្ឋ​មន្ត្រី​ស្លាប់​ គឺរដ្ឋាភិបាល​រលាយ​ហ្មង។​ រលាយ​ អត់​មាន​នរណា​ ធ្វើ​នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​ទេ​ អត់​មាន​ទេ​ អាហ្នឹង​ត្រូវ​ឲ្យ​ច្បាស់​នៅ​កន្លែង​ហ្នឹង​ ត្រូវ​ឲ្យច្បាស់!»។​

លោក​ ហ៊ុន សែន ​ដែល​បាន​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រីជាង​ ៣០ឆ្នាំ​មក​នោះ​ បាន​ព្រមាន​ថា​ ​ប្រទេស​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដែលពិបាក​គ្រប់​គ្រង​ ប្រសិន​បើ​គ្មាន​លោក​ចាត់​ចែង​ក្បាល​ម៉ាស៊ីន​ចម្បង​របស់​រដ្ឋាភិបាល។​

«ពូជា​ប្រធានបក្ស​ផង​ ជា​នាយក​រដ្ឋមន្ត្រី​ផង អ៊ីចឹង​អ្នកណា​ នឹង​ស្នើ​អ្នក​ណា​ បេក្ខភាព​នាយក​រដ្ឋមន្ត្រីជា​អ្នកណា?​ ហើយ​ត្រូវ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហស្ថ​លេខា​ហើយ​ បាន​យក​មក​រៀប​ចំ​បោះឆ្នោត​ ផ្គូផ្គង​ ហើយ​សុំ​ការ​ទុកចិត្ត​ពី​សភា​ រឿង​មិនមែន​លេង​សើច​ទេណ៎ា! មិនមែន​លេង​សើច​ទេ​ ដល់​អត់​ពី​ហ៊ុន សែន​ត្រួតត្រា​មិនបាន​រត់​ជាន់​ជើងគ្នា»។​

មាត្រា​១២៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ បាន​ចែង​ថា៖​

«បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅទំនេរ​ជា​ស្ថាពរ​នោះត្រូវ​តែងតាំង​គណៈ​រដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុងលក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នេះ។​ បើ​ការ​ទំនេរ​នេះ​ ជា​ការ​ទំនេរ​មួយ​កាល​មួយគ្រា​ទេ​ ត្រូវ​ចាត់​តាំង​នាយករដ្ឋមន្ត្រី​ស្តីទី​ជា​បណ្តោះ​អាសន្ន»។​

លោក​ ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ យល់ថា​ បំណង​របស់​លោក​នាយករដ្ឋ​ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ គឺ​អាច​ត្រូវ​យក​មក​ពិចារណា​ តែ​ថា​គណៈកម្មការ​មជ្ឈម​បក្ស​របស់​គណបក្ស​កាន់​អំណាច​ អាច​នឹង​ប្រើ​យន្តការ​ប្រជាធិបតេយ្យ​ ដើម្បីសម្រេច​ថា​ ​នឹង​ចាត់​តាំង​ឥស្សរជនរូបណា​ ដើម្បី​ជំនួស​លោក​ហ៊ុន សែន​ ប្រសិន​បើ​នាយក​រដ្ឋមន្ត្រីវ័យ​ចំណាស់​រូប​នេះ​ មិន​អាចបំពេញ​ការងារ​បាន​ដោយ​សារ​បញ្ហា​ចាស់​ជរា ឬ​ក៏ប្រការ​ណា​មួយនោះ។​

«នៅក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ការ​បោះឆ្នោត​ ​គឺ​ត្រូវការ​ ការ​គាំទ្រ​នូវ​សំឡេង​ភាគ​ច្រើន​ ហើយ​នៅ​ក្នុង​នេះ​ឯង​ខ្ញុំ​ យើង​ យើង​ឃើញ​ថា​ នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ជួរ​ គេហៅថា​ ជួរ​រដ្ឋាភិបាល​ ជួរ​គណបក្ស​កាន់​អំណាច​ហឹ្នង​ យើង​អាច​ឃើញ​អំពី​គេ​ហៅថា​សមាសភាព​របស់កូន​ចៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ្នឹង​ មាន​ការ​ គេ​ហៅថា​លេច​ធ្លោ​ជាង​គេ​ ក៏ប៉ុន្តែ​បើ​ធៀប​ជាមួយ​នឹង​ គេ​ហៅ​ថាមន្ត្រី​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ចាស់ៗ​ហ្នឹង​ គេ​នៅ​មាន​សក្តានុពល​ជាង។ អ៊ីចឹង​ហើយ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​បក្ស​មួយ​ ដែល​ធំ​ហើយ​វា​អាច ឥទ្ធិពល​ទៅដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដែរ​បាទ»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (បន្ទាប់ឆ្វេងបង្អស់) ថតរូបជាមួយព្រះបាទនរោត្តម សីហនុ និងមេដឹកនាំគណបក្សនយោបាយផ្សេងៗទៀត កាលពីឆ្នាំ១៩៩៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (បន្ទាប់ឆ្វេងបង្អស់) ថតរូបជាមួយព្រះបាទនរោត្តម សីហនុ និងមេដឹកនាំគណបក្សនយោបាយផ្សេងៗទៀត កាលពីឆ្នាំ១៩៩៨។

លោក​ ស ម៉ូរី​ អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ និយាយ​ថា​ មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ត្រូវ​រក​ផ្លូវ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​បន្តវេន​ពី​រូបលោក​ ឬក៏​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ចូលរួម​ពីគ្រប់​ភាគី​នយោបាយ។​

លោក​បន្ថែម​ថា សារ​ព្រមាន​របស់​លោក​ហ៊ុន សែន​ ដែល​ថា​ បើ​លោក​ស្លាប់​ នោះ​ភាព​វឹកវរ​ខាង​នយោបាយ​នឹង​កើត​ឡើង​នោះ​ បាន​បញ្ជាក់​ពី​ការ​គំរាម​កំហែង​ខាង​នយោបាយ​មួយ។​

និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ជំនាញ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ ​មើល​ឃើញ​ពី​តួនាទី​ដ៏​សំខាន់របស់​រដ្ឋសភា​ ក្នុង​ការ​បំពេញ​កន្លែង​ទំនេរ​សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ បើ​អស់​ពី​លោក ​ហ៊ុន សែន ​ទៅ​នោះ។​

«ជាពិសេស​សភាជាតិ​របស់​ប្រទេស​កម្ពុជា​ហ្នឹង​អាច​បោះឆ្នោត​ ផ្តល់​សេចក្តី​ទុកចិត្ត​ទៅលើ​ឥស្សរ​ជន​នយោបាយ​ណាមួយ​ តាម​ការ​ចាត់​តាំង​នៅ​ក្នុងបក្ស​ គណបក្ស​ប្រជាជន​ ជាពិសេស​ សមាជិក​សភា​ដែល​ឈ្នះ​ឆ្នោត​ហ្នឹង​ដើម្បី​ជំនួស​តំណែង​ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ ហើយ​ខ្ញុំគិត​ថា​ នៅ​ពេល​ដែល​គាត់​លើក​ឡើង​បែប​រឿង​ហ្នឹង​ថា​ នៅពេល​ដែល​គាត់​ បាទ​ ចុះ​ចេញ​ពី​តំណែង​ ឬក៏​គាត់​ទទួល​មរណភាព​ណា​មួយ​ ធ្វើ​ឲ្យ​ប្រទេស​ ជួប​ចលាចល​ ខ្ញុំ​គិត​ថា​ វា​ហាក់​ដូច​ជា​សារ​គំរាម​ទៅវិញ​ទេ​ ហាក់​ដូច​ជា​សារ​គំរាម​ ហើយ​មាន​លក្ខណៈ​ ហាក់​ដូច​ជា​មាន​លក្ខណៈ​ថា​ ប្រ​ទេស​កម្ពុជា​ហ្នឹង​ មាន​តែ​គាត់​ម្នាក់​ ទើប​អាច​ដឹកនាំ​បាន​ ហើយ​ខ្ញុំ​ ខ្ញុំ​អត់​យល់​ ដូចនោះ​ទេ»។​

យ៉ាង​ណាក្តី​ លោក ​ហ៊ុន សែន​ ដែល​ជា​អតីត​ទាហាន​ក្រុម​កុម្មុយនីស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​ អះអាង​ថា​ រដ្ឋាភិបាល​ខ្មែរ​នឹង​ត្រូវ​រលាយ​ភ្លាមៗ​ក្នុង​កាលៈទេសៈ​ដែល​លោក​ស្លាប់។ លោកថា​ លោក​មាន​សិទ្ធិ​ត្រឹម​តែ​ផ្ទេរ​ ការ​គ្រប់គ្រង​បណ្តោះអាសន្ន​ដល់​ ឧបនាយករដ្ឋ​មន្ត្រីណា​មួយក្នុង​ពេលខ្លីប៉ុណ្ណោះ​ បើ​តាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ។​

«គេ​កំណត់​ទៀត​ បើសិន​ជា​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ នៅទំនេរ​ម្តងម្កាល​ អាច​ចាត់​តាំង​នាយក​រដ្ឋ​មន្ត្រី​ស្តី​ទី​អ្នកណា​ជា​អ្នកតែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ស្តីទី​ គឺ​មុន​ពេល​ដែល​ខ្ញុំ​ ពូ​ចេញ​ទៅក្រៅ​ប្រទេស​ ពូ​តែង​តាំង​ឧប​នាយក​រដ្ឋ​មន្ត្រី​ណា​មួយ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋ​មន្ត្រី​ស្តីទី​ ប៉ុន្តែ​បើ​សិន​ជា​ពូងាប់​ វា​អត់​មាន​អ្នកណា​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ស្តីទីកើត​ទេ​ អ៊ីចឹង​រដ្ឋាភិបាល​ហ្នឹង​អាលាយ​បណ្តោយ​ អ៊ីចឹង​កុំ​បន់​ឲ្យ​ហ៊ុន សែន​ងាប់អី​ កុំបន់​ឲ្យ​ហ៊ុន​ សែន​ងាប់​អី»។​

លោក​បណ្ឌិត​ មាស នី​ អ្នក​វិភាគនយោបាយ​ និង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ ផ្តល់​ការ​កត់​សម្គាល់​ថា បញ្ហា​កែប្រែ​រដ្ឋធម្មនុញ្ញ​ ​សម្រាប់​ប្រគល់​សិទ្ធិ​អន្តរកាល​ដល់​ឥស្សរជន​ណា​មួយ​ ឲ្យ​គ្រប់គ្រង​គណៈ​រដ្ឋមន្ត្រី​ ពេល​គ្មាន​វត្តមាន​នាយក​រដ្ឋ​មន្ត្រី​ជា​ស្ថាពរ​នោះ គឺ​ជា​ចំណុច​រសើប​មួយ​ ដែល​នឹង​មិន​មាន​អ្នក​នយោបាយ​រូបណា​ ហ៊ាន​លើក​មក​និយាយ​ ក្រៅ​តែ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នោះ​ទេ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ស ខេង សន្ទនាគ្នានៅក្នុងពិធីបុណ្យឯករាជ្យជាតិ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ស ខេង សន្ទនាគ្នានៅក្នុងពិធីបុណ្យឯករាជ្យជាតិ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកវិភាគ​រូបនេះ​ ផ្តល់​ការ​យល់​ឃើញ​ថា​ យន្តការ​ថែរក្សា​លំនឹង​ស្ថាប័ន​រដ្ឋ​ត្រូវតែ​បង្កើត​ឡើង​ ដើម្បី​ធានា​ដល់​ស្ថិរភាព​សង្គម​ ប្រសិនបើ​កម្ពុជា​បាត់​បង់​អ្នកដឹកនាំ។ ក៏ប៉ុន្តែ​សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ យន្តការ​ទប់​លំនឹង​ស្ថាប័នរដ្ឋ​នេះ​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​ហេតុ​ថា​ ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មាន​ភាព​ផុយ​ស្រួយ​ខ្លាំង​នៅ​ឡើយ។​

«បើ​សម្រាប់​ប្រទេស​គេ​ ដែល​គេ​មាន ជា​ប្រទេស​ដែល​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ គឺ​គេ​នឹងមិន​ឲ្យ​ស្ថាប័ន​រដ្ឋ​ហ្នឹង​ បណ្តោយ​ឲ្យ​មាន​ភាព​ចលាចល​ នៅក្នុង​សង្គម​ក្រោយ​ពី​បាត់​បង់​ ក្រោយ​ពី​អវត្តមាន​របស់​មេដឹកនាំ​ របស់​គេ​ណាមួយ​ទៅ គឺ​គេ​តែង​តែមាន​ការ​ត្រៀម​លក្ខណៈ។​ ប៉ុន្តែ​នៅស្រុក​យើង​ បើ​សិន​ជាការដឹកនាំ​នៅ​របៀប​បែប​សព្វ​ថ្ងៃ​ ខ្ញុំគិតថា​ បើសិន​ជា​អត់​ពី​មេដឹកនាំ​មួយ​នេះ​ទៅ​ គឺ​ការណ៍​កើត​កលិយុគ​រវាង​គ្នា​ឯង​ វាអាច​នឹង​មាន នឹង​អាច​នឹង​មាន​បាទ​ បើយើង​មើល​នៅ​សព្វថ្ងៃ​នេះ»។​

អ្នកស្រី​ មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​តុលាការ​ខ្មែរ​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​ យល់​ថា​ ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ គឺ​មិន​ចាំបាច់​នោះ​ឡើយ​ តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​លោក​ហ៊ុន សែន​ ត្រូវ​ទទួល​ស្គាល់​ថា​ លោក​មិន​អាច​ជា​អ្នក​នយោបាយ​ ដែល​ត្រូវរ៉ាប់​រង​តំណែង​នាយករដ្ឋ​មន្ត្រី​អស់​មួយ​ជីវិត​ទេ។​

អ្នកស្រីឆ្លើយ​តាមសារ​អេឡិច​ត្រូនិក​ថា៖​

«​ប្រទេស​ណា​ក៏ដោយនឹង​ត្រូវ​ជួប​បញ្ហា​ [ច្របូកច្របល់​ខាង​នយោបាយ]​ ពីព្រោះ​ប្រមុខ​រដ្ឋាភិបាល​អាច​ត្រូវបាន​គេដក​ចេញ​ពី​អំណាច​នៅ​ថ្ងៃ​ណាមួយ។​ ដូច្នេះ​ ការ​ត្រៀម​ឲ្យ​មាន​ការ​ជំនួស​ ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​រួច​រាល់​ ហើយ​បន្ទាប់​មក​រដ្ឋាភិបាល​ថ្មី​ នឹង​ត្រូវ​បង្កើត​ឡើង»។​

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ ដែល​លោក​ហ៊ុន សែន​ បាន​ព្រមាន​អំពី​ការ​រលត់​រលាយ​រដ្ឋាភិបាល​ ​បើ​មាន​បញ្ហា​សុខភាព​ ឬក៏​ជួប​រឿង​អកុសល​ណាមួយនោះ។​ គេ​ធ្លាប់​ឮ​លោក​ហ៊ុន សែន​ ព្រមាន​យ៉ាង​ដូច្នេះ​ ជា​ញឹក​ញាប់​ដែរ​ ហើយ​លោក​តែងតែ​អះអាង​ថា​ បើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​លោក​នោះ​ លោក​នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ទៀត។​

លោកនាយករដ្ឋ​មន្ត្រី​ ​ក៏ធ្លាប់​លើក​ឡើង​ថា​ លោក​អាច​លាលែង​ចេញ​ពី​តំណែង​ពេលណា​ក៏​បាន​ដែរ តែ​លោក​ថា​ពិបាក​នឹង​ទស្សន៍ទាយ​ចំពោះ​ផលវិបាក​នានា​ ដែល​នឹង​ផ្ទុះ​ឡើង​ ប្រសិន​បើ​លោក​លែង​ជា​មេដឹកនាំ​កម្ពុជា​តទៅ​ទៀត​នោះ។ ​លោក​ក៏បាន​ព្រមាន​ដែរ​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត​នោះ​ នោះ​សង្គ្រាម​នឹង​វិល​មក​កម្ពុជា​ជា​ថ្មី។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ក្រុម​អ្នកវិភាគ​ និង​បញ្ញវ័ន្ត​អះអាង​ថា​ ការ​គិត​គូរ​អំពី​អ្នក​បន្តវេន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺ​ជា​រឿង​ចាំបាច់​មួយ​ ដែល​អាច​ធ្វើឡើង​តាម​ការ​បោះឆ្នោត​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​មួយ។​

ចំពោះ​អវត្តមាន​របស់​លោក​ ហ៊ុន សែន​ នៅ​ក្នុង​ដឹកនាំ​គណរដ្ឋមន្ត្រី​នោះ​ ពួកគេ​ថា​ មាន​តែ​មន្ត្រី​ក្នុងជួរ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ ដែល​អាច​រកច្រក​ដោះស្រាយ​ចន្លោះ​ប្រហោង​នេះ​បាន​ បើ​មើល​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ដែល​មិន​មាន​គណបក្ស​ប្រឆាំង​នៅក្នុង​សភា។

ពួកគេ​ថា​ ទាំង​កូនៗ​លោក​ ហ៊ុន សែន​ និង​មន្ត្រី​គ្រាក់ៗ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​សុទ្ធតែ​មាន​សក្តានុពល​ ដើម្បី​ទទួល​ការ​កាន់​តំណែង​បន្ត​ពី​លោក​ ហ៊ុន សែន​ តែ​ការ​បញ្ជាក់​ថា​ ពួក​គេ​អាច​កាន់​តំណែង​នេះបាន​ដោយ​ស្របច្បាប់​ពេញ​ទីនោះ​ គឺ​មាន​ការ​បោះឆ្នោតដោយ​សេរី ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​តែប៉ុណ្ណោះ ​ដែល​បើក​ឱកាស​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ចូល​រួម៕

XS
SM
MD
LG