នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃអ្នកស្រី Paetongtarn Shinawatra និងរដ្ឋមន្រ្តី ៣៥ រូបនៃគណៈរដ្ឋមន្ត្រីថៃបានធ្វើសច្ចាប្រណិធានជាផ្លូវការនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងទីក្រុងបាងកកកាលពីថ្ងៃសុក្រ ក្រោយពីមានភាពចលាចលនយោបាយមួយរយៈមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រី Paetongtarn អាយុ ៣៨ ឆ្នាំ ដែលជាមេដឹកនាំគណបក្សភឿថៃ (Pheu Thai) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីខែមុនឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេរបស់ប្រទេសថៃ ក្រោយពីលោក Srettha Thavisin ដែលកាន់តំណែងមុនអ្នកស្រី ត្រូវបានបញ្ឈប់ពីមុខតំណែងតាមអំណាចតុលាការដោយសារតែការរំលោភក្រមសីលធម៌។
គណៈរដ្ឋមន្ត្រីដែលត្រូវបានផ្តល់សុពលភាពផ្លូវការដោយព្រះមហាក្សត្រកាលពីថ្ងៃពុធរួមមានសមាជិក ១៧ រូបមកពីគណបក្សភឿថៃ ដែលក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីផងដែរ ហើយសមាជិក ១៩ រូបទៀតមកពីគណបក្សដៃគូនានាក្នុងបក្សសម្ព័ន្ធ។
ក្នុងសម្លៀកបំពាក់ឯកសណ្ឋានផ្លូវការ អ្នកស្រី Paetongtarn និងគណៈរដ្ឋមន្ត្រីរបស់អ្នកស្រីបានស្បថចូលកាន់តំណែងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ Vajiralongkorn និងព្រះមហាក្សត្រិយានី Suthida ក្នុងពិធីសច្ចាប្រណិធាននៅព្រះបរមរាជវាំង Dusit ក្នុងទីក្រុងបាងកក។
រដ្ឋាភិបាលរបស់អ្នកស្រី Paetongtarn នឹងបង្ហាញគោលនយោបាយរបស់ខ្លួនដល់រដ្ឋសភាជាតិនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលជាពេលចាប់ផ្តើមផ្លូវការនៃរដ្ឋាភិបាលក្រោមអាណត្តិរបស់អ្នកស្រី៕
វេទិកាបញ្ចេញមតិ