ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Paetongtarn Shinawatra ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ


អ្នកស្រី​ Shinawatra ឈ្នះ​ការ​បោះឆ្នោត​សភា​និង​បាន​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ថៃថ្មី
អ្នកស្រី​ Shinawatra ឈ្នះ​ការ​បោះឆ្នោត​សភា​និង​បាន​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ថៃថ្មី

អ្នកស្រី Paetongtarn Shinawatra ដែល​ជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សុក្រ ដោយ​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​សមាជិក​ទី ៣ នៃ​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ក្នុងការ​ដឹកនាំ​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អ្នកស្រី Paetongtarn វ័យ ៣៧ ឆ្នាំ គឺជា​មេដឹកនាំ​វ័យក្មេង​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​សម័យ​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ជា​នាយករដ្ឋមន្ត្រី​ជា​ស្រ្តី​ទី ២ បន្ទាប់ពី​អ្នកស្រី Yingluck ដែល​ជា​មីង​របស់​អ្នកស្រី។

អ្នកស្រី Paetongtarn បាន​ឡើង​កាន់​តំណែង​ក្រោយពី​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​បណ្តេញ​នាយករដ្ឋមន្ត្រី​មុន​គឺ​លោក Srettha Thavisin ចេញ​ពី​តំណែង ដោយសារ​លោក​បាន​តែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​ដែល​មាន​ប្រវត្តិ​ជាប់​ទោស​ឧក្រិដ្ឋ។

អ្នកស្រី​សង្ឃឹម​ថា​នឹង​មាន​ជោគវាសនា​ខុសពី​ឪពុក​និង​មីង​របស់​អ្នកស្រី ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវបាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយ​កងទ័ព​ក្នុង​អំឡុង​ការ​ដណ្តើម​អំណាច​គ្នា​រយៈពេល ២០ ឆ្នាំ​រវាង​លោក Thaksin និង​ក្រុម​អភិរក្ស​និយម​ដែល​មាន​ទំនោរ​ទៅរក​យោធា​និង​រាជា​និយម។

ក្រុម​តំណាងរាស្ត្រ​បាន​បោះឆ្នោត​អនុម័ត​ឱ្យ​អ្នកស្រី Paetongtarn នៃ​គណបក្ស​ភឿ​ថៃ (Pheu Thai) ក្លាយជា​នាយករដ្ឋមន្ត្រី​ក្នុង​សំឡេង ៣១៩ ទល់​នឹង ១៤៥។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ប្រធាន​រដ្ឋសភា​ថៃ​លោក Wan Muhamad Noor Matha ក្នុងការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍។

អ្នកស្រី Paetongtarn ថា អ្នកស្រី «មាន​កិត្តិយស​និង​រំភើប​ណាស់»។

អ្នកស្រី​ថ្លែងប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ទៀត​ថា៖ «ខ្ញុំ​ពិតជា​សង្ឃឹម​ថា​ខ្ញុំ​អាច​ធ្វើឱ្យ​ប្រជាជន​មាន​ទំនុកចិត្ត។ ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​ប្រសើរ​ជាង​មុន​និង​ផ្តល់​អំណាច​ដល់​ប្រជាជន​ថៃ​ទាំងអស់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG