គណបក្សកាន់អំណាចនៃប្រទេសថៃនិងដៃគូចម្រុះរបស់ខ្លួននិយាយថាពួកគេ នឹងតែងតាំងអ្នកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatraជាបេក្ខជននាយករដ្ឋមន្ត្រី។
គណបក្សភឿថៃជាគណបក្សកាន់អំណាចបានជួបគ្នាដើម្បីពិភាក្សាបេក្ខជននាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីលោក Srettha Thavisin បានត្រូវដកចេញពីតំណែង ពីព្រោះតែអ្វីដែលតុលាការបានហៅថា«ការរំលោភសីលធម៌»។
ការបោះឆ្នោតសម្រាប់នាយករដ្ឋមន្ត្រីថ្មីត្រូវគ្រោងធ្វើឡើងនៅថ្ងៃសុក្រនេះនៅក្នុងសភា។
លោក Srettha ជានាយករដ្ឋមន្ត្រីទី៣មកពីគណបក្សភឿថៃដែលត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញរបស់ថៃហើយនឹងចាកចេញពីតំណែងបន្ទាប់ពីកាន់តំណែងមិនដល់មួយឆ្នាំផង។
កាលពីថ្ងៃពុធ តុលាការបានបោះឆ្នោតដោយ៥សំឡេងទល់នឹង៤សំឡេងគាំទ្រការដកលោក Srettha ចេញពីតំណែងលើហេតុផលថាលោកបានតែងតាំងសមាជិករដ្ឋសភាម្នាក់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកដែលបានជាប់ពន្ធនាគារចំពោះបទចោទប្រកាន់ពីការប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការម្នាក់។
លោក Srettha ដែលបានដឹកនាំគណបក្សកាន់អំណាចភឿថៃបាននិយាយខាងក្រៅតុលាការក្នុងក្រុងបាងកកថាលោកសុខចិត្តទទួលយកការសម្រេចនេះ៕
អ្នកស្រី Nike Ching ផ្តល់សេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះនៃសេចក្តីរាយ ការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AFP
វេទិកាបញ្ចេញមតិ