ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ធម្មនុញ្ញ​ថៃ​ព្យួរ​តំណែង​សមាជិក​រដ្ឋសភា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង


លោក Pita Limjaroenrat មេដឹកនាំ​គណបក្ស​ Move Forward និង​បាន​ឈ្នះការបោះឆ្នោត​ជាតិ​កាលពី​ខែ​ឧសភា​ ចាកចេញ​ពីការប្រជុំ​នៅសភា​ក្នុង​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃពុធ ទី​១៩ កក្កដា ឆ្នាំ២០២៣។
លោក Pita Limjaroenrat មេដឹកនាំ​គណបក្ស​ Move Forward និង​បាន​ឈ្នះការបោះឆ្នោត​ជាតិ​កាលពី​ខែ​ឧសភា​ ចាកចេញ​ពីការប្រជុំ​នៅសភា​ក្នុង​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃពុធ ទី​១៩ កក្កដា ឆ្នាំ២០២៣។

តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ​បាន​សម្រេច​ព្យួរ​តំណែង​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​លោក Pita Limjaroenrat ស្រប​ពេល​ដែល​តុលាការ​នេះ​បើក​សវនាការ​អំពី​ករណី​ចោទ​ប្រកាន់​ដែល​ថា​លោក​បាន​រំលោភច្បាប់​បោះឆ្នោត។

ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​រដ្ឋសភា​ថៃ​បានបោះឆ្នោត​បដិសេធបេក្ខភាព​របស់​លោក Pita សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយ​មក​បន្ទាប់ពី​គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា​មាន​ភ័ស្តុតាង​ដែល​ថា​មេដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ (Move Forward)​ រូប​នេះ​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV ដែល​នេះ​គឺ​ជា​ការ​បំពាន​ដែល​នឹង​រារាំង​លោក​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត។

ក្រុមហ៊ុន iTV បាន​ឈប់​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក Pita បាន​អះអាង​ថា កម្មសិទ្ធិ​នៃ​ភាគហ៊ុន​របស់​លោក​គឺ​មិន​មែន​ជា​ការ​បំពាន​លើ​ច្បាប់​បោះឆ្នោត​នោះ​ទេ។

សភា​របស់ថៃ​ក៏​បាន​បោះឆ្នោត​បដិសេធ​ការតែងតាំងលោក​ Pita Limjaroenrat​ ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​នេះ។

ការបោះឆ្នោត​នៅ​ថ្ងៃពុធ​នេះ​គឺជា​លើក​ទី​២​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដែល​ លោក​Pita​ បាន​ស្វែងរក​មុខ​តំណែង​នេះ​បន្ទាប់​ពី​បាន​ដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ របស់​លោក​ និង​គណបក្ស​ចម្រុះ​ទទួល​បាន​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ខកចិត្ត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ខែឧសភា​ ដោយ​ផ្តល់​ឱ្យ​ក្រុម​ចម្រុះ​ដែល​មាន​ប្រាំបី​គណបក្សនូវ​អាសនៈ​ចំនួន​៣១២​នៅ​ក្នុង​សភា​តំណាងរាស្ត្រ​ដែល​មាន​សមាជិក​ចំនួន​ ៥០០​នាក់ ខណៈដែល​អ្នកបោះឆ្នោត​បាន​ច្រានចោល​បេក្ខជន​មកពី​គណបក្ស​ដែល​គ្រប់គ្រង​ដោយ​យោធា​ជាច្រើន​ឆ្នាំ។

ប៉ុន្តែ ​លោក​Pita ​ខ្វះ​សំឡេង​៥០​ទៀត​ដើម្បី​ឈ្នះ​តំណែង​ដោយសារតែ​ការប្រឆាំង​យ៉ាងខ្លាំង​នៅក្នុង​ព្រឹទ្ធសភា​ដែល​គាំទ្រ​ដោយ​យោធា​អភិរក្ស​និយម។

លោក Pita ក៏​អាច​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ផង​ដែរ និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ប្រសិនបើ​លោក​ត្រូវ​បាន​កាត់ទោស​និង​ផ្តន្ទាទោស​ពី​បទ​ចោទ​ប្រកាន់​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG