កាលពីថ្ងៃសៅរ៍នេះ ប្រទេសថៃបានប្រារព្ធថ្ងៃបុណ្យជាតិ និងថ្ងៃកំណើតរបស់ព្រះមហាក្សត្រ Bhumipol Adulyadej ដោយមានការរៀបចំពិធីយ៉ាងឧឡារិក។ ប៉ុន្តែនៅស្របពេលជាមួយគ្នានេះ មានការព្រួយបារម្ភអំពីសុខភាពរបស់ព្រះមហាក្សត្រថៃ ដែលមានព្រះជន្ម៨៨ព្រះវស្សានោះ។
លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានដឹកនាំពិធីបុណ្យជាតិ ខណៈដែលមនុស្សរាប់ពាន់នាក់នៅសួន Sanam Luang នាំគ្នាថ្វាយព្រះពរជូនព្រះមហាក្សត្រ Bhumipol Adulyadej ជាទីគោរព និងជាទីសក្ការៈរបស់ប្រទេសថៃ។
ពិធីនៅពេលយប់ដែលមានរួមទាំងការដុតទៀន និងបាញ់កាំជ្រួចផងនោះ បានធ្វើឡើងនៅចុងបញ្ចប់នៃការអបអរសាទរតាមផ្លូវការពេញមួយថ្ងៃ។
នៅទូទាំងប្រទេសថៃ ការអបអរសាទរមានលក្ខណៈខុសគ្នា គឺមានតាំងពីការដាក់បិណ្ឌជូនលោកសង្ឃ រហូតដល់ពិធីបុណ្យដែលមានការចូលរួមពីសំណាក់មន្ត្រី និងសហគមន៍។
អ្វីដែលពុំមាននៅឆ្នាំនេះ គឺសុន្ទរកថារបស់ព្រះមហាក្សត្រទៅកាន់ពលរដ្ឋថៃទូទាំងប្រទេស ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះសុខភាពចុះថមថយរបស់ព្រះមហាក្សត្រដែលមានព្រះជន្ម៨៨ព្រះវស្សា និងដែលបានទ្រង់សោយរាជ្យអស់ពេល៦៥ឆ្នាំ ដែលជាការសោយរាជ្យយូរអង្វែងជាងគេ ក្នុងពិភពលោក។
លោក Carl Thayer អ្នកវិទ្យាសាស្ត្រនយោបាយម្នាក់ពីសាកលវិទ្យាល័យ New Southwales នៃប្រទេសអូស្ត្រាលីថ្លែងថាព្រះមហាក្សត្រ Bhumipol ដើរតួនាទីយ៉ាងសំខាន់មួយក្នុងការបង្រួបបង្រួមប្រទេសថៃ។
ក៏ប៉ុន្តែការព្រួយបារម្ភអំពីសុខភាពរបស់ព្រះមហាក្សត្រ Bhumipol បានកើនឡើងក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីព្រះអង្គមើលទៅមានសភាពទន់ខ្សោយ ពេលដែលព្រះអង្គបង្ហាញខ្លួនជាសាធារណៈ កាលពីថ្ងៃទី១កញ្ញា។
ការជជែកដេញដោលគ្នាអំពីរឿងព្រះមហាក្សត្រត្រូវបានគាបសង្កត់កាន់កាន់តែច្រើនឡើងៗពីសំណាក់រដ្ឋាភិបាលថៃ ទាំងរដ្ឋាភិបាលជាប់ឆ្នោត ទាំងរដ្ឋាភិបាលយោធាដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុនផង ដោយការប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងនៃប្រទេសថៃ ដែលហាមមិនឲ្យបង្ខូចព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ។ មនុស្សជាច្រើននាក់កំពុងជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ ដោយសារច្បាប់នេះ។
ក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ យោធាថៃបានប្រើប្រាស់ច្បាប់នេះជាផ្នែកមួយដើម្បីស៊ើបអង្កេតមនុស្សមួយចំនួន ដែលមានរួមទាំងមន្ត្រីយោធា និងប៉ូលិសផង។
កាលពីសប្តាហ៏ទើបកន្លងទៅនេះ ក្រុមអ្នកគាំទ្រព្រះរាជវង្សានុវង្សបាននាំគ្នាធ្វើបាតុកម្ម បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតសរអា Glyn Davies បានរិះគន់ចំពោះទោសជាប់ពន្ធនាគារដ៏យូរឆ្នាំ ដែលមិនដែលមានពីមុនមក នៅក្រោមច្បាប់នេះ នៅពេលដែលលោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបរទេស។
ហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុនបោះពុម្ពមួយក្នុងប្រទេសថៃ ដែលបោះពុម្ពកាសែត The New York Times អន្តរជាតិនោះបានប្រកែកមិនព្រមបោះពុម្ពអត្ថបទស្តីពីការិយាល័យ Crown Property ដែលចាត់ចែងកិច្ចការហិរញ្ញវត្ថុរបស់ព្រះរាជវង្សានុវង្សនោះ។
កាលពីមុននេះ ក្រុមហ៊ុនបោះពុម្ពផ្សាយដដែលនេះបានលុបចោលអត្ថបទមួយ ចេញពីទំព័រទី១ ដែលបានផ្តោតទៅលើសេដ្ឋកិច្ចចុះអន់ថយរបស់ប្រទេសថៃ ព្រមទាំងអំពីអនាគតនៅក្រោមការគ្រប់គ្រងនៃកងយោធាថៃ។ អត្ថបទនោះបាននិយាយដល់ព្រះរាជវង្សានុវង្សបន្តិចដែរ។
ប៉ុន្តែ ទោះជាមានការព្រួយបារម្ភអំពីសុខភាពរបស់ព្រះមហាក្សត្រ Bhumipol យ៉ាងណាក៏ដោយ ក៏មានការជជែកដេញដោលតិចតួចណាស់ អំពីរបបរាជានិយម បន្ទាប់ពីការសោយរាជ្យរបស់ព្រះអង្គ។
បុត្រារបស់ព្រះមហាក្សត្រ Bhumipol តែមួយអង្គគត់ គឺព្រះរាជទាយាទ Maha Vajiralongkorn ដែលមានព្រះជន្ម៦៣ព្រះវស្សាហើយនោះ ត្រូវបានរដ្ឋាភិបាលថៃប្រឹងប្រែងលើកតម្កើងយ៉ាងខ្លាំង ប៉ុន្តែព្រះអង្គត្រូវបានពលរដ្ឋថៃចាត់ទុកថានៅឆ្ងាយពីប្រជាពលរដ្ឋថៃខ្លាំងណាស់។
ក្រុមអ្នកវិភាគថ្លែងថា ព្រះរាជទាយាទ Majiralongkorn មានការប្រឈមមុខច្រើន ដើម្បីទទួលបាននូវអំណាចខាងផ្លូវចិត្ត ដែលលោកព្រះបិតារបស់ទ្រង់បានទទួល ក្នុងអំឡុងពេល៦ទសវត្សរ៍នៃការសោយរាជ្យរបស់ព្រះអង្គ៕