ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ពុករលួយ​ក្នុង​ការ​ជួញដូរ​សត្វព្រៃ​នៅ​ប្រទេស​ថៃ​រួច​ពី​សំណាញ់​ច្បាប់


សត្វ​ទោច​មួយ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ពី​ប្រទេស​ឥណ្ឌូនេស៊ីមើល​តាម​ចន្លោះ​​ទ្រុង​របស់​វា​នៅ​មជ្ឈមណ្ឌល​​​បង្កាត់​សត្វ​ព្រៃ​នៅ​ខេត្ដ​រ៉ាត់ឆាប៊ូរី​ភាគ​នីរតី​ប្រទេស​ថៃ​។
សត្វ​ទោច​មួយ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ពី​ប្រទេស​ឥណ្ឌូនេស៊ីមើល​តាម​ចន្លោះ​​ទ្រុង​របស់​វា​នៅ​មជ្ឈមណ្ឌល​​​បង្កាត់​សត្វ​ព្រៃ​នៅ​ខេត្ដ​រ៉ាត់ឆាប៊ូរី​ភាគ​នីរតី​ប្រទេស​ថៃ​។

ភ្នាក់ងារ​ប៉ូលិស​ថៃ​និយាយ​ថា​ អ្នក​ជួញ​ដូរ​សត្វព្រៃ​ជាប់​សង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​កាល​ពី​ខែ​មុន​បាន​បង់ប្រាក់​ធានា​ និង​រត់​គេច​ចេញ​ពី​ប្រទេស​ថៃ​ហើយ។​ ក្នុង​វ៉ាលិសរបស់​គាត់​ គាត់​បាន​លាក់​សត្វ​ព្រៃ​នៅ​រស់​ជា​ច្រើន​ក្បាល​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ស្ទើរ​តែ​ផុត​ពូជ។ ​សក​ម្មជន​ទប់ស្កាត់​ការ​ ជួញ​ដូរ​សត្វ​ព្រៃ​បាន​លើក​ឡើង​ពី​ភាព​លំបាក​ក្នុង​ការ​ទប់ស្កាត់​ជន​ល្មើស​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​នយោបាយ។

នៅ​ពេល​ដែល​ប៉ូលិស​ថៃ​ឃាត់​ខ្លួន​ លោក​ Noor​ Mahmood​ នា​ខែ​ឧសភា​នៅព្រលាន​យន្តហោះ​សុវណ្ណភូមិ​នា​ទីក្រុង​បាងកក​ ពួក​គេ​បាន​រក​ឃើញ​ថា​ គាត់​លាក់​សត្វ​ជិត​ផុត​ពូជ​នៅ​ក្នុង​វ៉ាលិស​របស់​គាត់។ ​គេ​ឃើញ​ប្រភេទ​មាន​សត្វ​នេះក្នុង​សួន​សត្វ​ប៉ុណ្ណោះ។

មាន​កូ​នខ្លារខិន​បួន​ កូន​ខ្លា​ឃ្មុំ​មួយ​ ស្វា​មួយ​ និង​ទោច​ថ្ពាល់​ក្រហម​មួយ​លាក់​ក្នុង​កេសជា​ច្រើន​យ៉ាង​ស្ងប់ស្ងាត់។

ករណី​នេះ​បង្ហាញ​ពី​ជោគជ័យ​យ៉ាង​សម្បើម​របស់​មន្រ្តី​មាន​សមត្ថកិច្ច​ក្នុង​ការ​ ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វព្រៃ​នៅ​ប្រទេស​ថៃ​ ប៉ុន្តែ​ជោគជ័យ​នោះ​មិន​មាន​ស្ថេរភាព​ទេ។

លោក​ Mahmood ​ជា​ប្រជាពល​រដ្ឋ​អារ៉ាប់​រួម​ Emirates។​ គាត់​ត្រូវ​បាន​ដោះ​លែង​ដោយ​បង់​ប្រាក់​ធានា​៦,៦០០​ដុល្លារ​សហ​រដ្ឋមេរិក​ ហើយ​កំពុង​រង់ចាំ​ថ្ងៃ​ឡើង​តុលាការ។ ​ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា​ ទោះ​បីគាត់​ជាប់​ចោទ​ក៏ដោយ​ប៉ូលិស​ដឹង​ថា​ គាត់​ត្រូវ​បាន​គេ​ផ្តល់​លិខិត​ឆ្លងដែន​វិញ​ និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ប្រទេស​ថៃ។

លោក​ Steven​ Galster​ ជា​ប្រធាន​មូលនិធិ​ Freeland​ ដែល​ជា​អង្គការ​អន្តរជាតិ​ធ្វើការ​ប្រឆាំង​នឹង​ការ​ជួញដូរ​សត្វ​ព្រៃ​ និង​ការ​ជួញដូរ​មនុស្ស​មាន​ទីតាំង​នៅ​ទីក្រុង​បាងកក។​ លោក​មាន​ប្រសាសន៍​ថា​ ដោយសារ​តែ​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​នយោបាយ​ ទើប​បាន​ជា​លោក ​Mahmood អាច​រត់​គេច​ខ្លួន​បាន។ ​រឿង​នេះ​គឺ​ជា​ការ​ចំអក​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​អង្គភាព​សម្ងាត់។

«ក្នុង​អំឡុង​សប្តាហ៍​នោះ​ គាត់​ត្រូវ​បាន​ជួយ​ពី​សំណាក់​ស្ថាន​ទូត​អារ៉ាប់​រួម​ Emirates ​និង​អ្នក​នយោបាយថៃ​ និង​ប្រហែល​ជា​មន្រ្តី​ផ្សេង​ទៀត​ដែលជា​ខ្សែ​រយៈ​របស់​គាត់​នៅ​ក្រៅ​អង្គភាព។ ​ពួក​គេ​ទាំង​នោះ​យក​លិខិត​ឆ្លងដែន​ឲ្យ​គាត់។ ​ហើយ​ គាត់​បាន​ត្រឡប់​ទៅ​វិញ ​ដោយ​ជិះ​យន្ត​ហោះ​មួយ​យ៉ាង​ស្ងាត់​ និង​បាន​បង់​ប្រាក់​ធានា​ ព្រមទាំង​ចេញ​ពី​ប្រទេស​នេះ។​ ដូច្នេះ​យើង​មិន​សប្បាយ​ចិត្ត​ទេ»។

អ្នក​នាំពាក្យ​ស្ថានទូត​អារ៉ាប់រួម​ Emirates​ ទទួល​ស្គាល់​ថា​ មន្រ្តី​ជា​ច្រើន​បាន​ជួយ​យក​លិខិត​ឆ្លងដែន​ឲ្យ​លោក​ Mahmood​ វិញ​ ប៉ុនែ្ត​វា​គឺ​ជា​ការ​អនុវត្ត​តាម​បទដ្ឋាន​ នៅ​ពេល​មាន​ប្រជា​ពលរដ្ឋ​ត្រូវ​គេ​ឃាត់​ខ្លួន។ ​មន្ត្រី​ជា​ច្រើន​នៅ​ស្ថានទូត​នោះ​ និង​ ក្រសួង​ការ​បរទេស​ប្រទេស​អារ៉ាប់រួម​នៅ​ទីក្រុង​ Abu​ ​Dubai បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចោទ​ប្រកាន់​ដែល​ថាមន្រ្តី​ការទូត​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ Mahmood​ ឲ្យ​រត់​គេច​ចេញ​ពី​ប្រទេស​ថៃ​ទេ។

លោក​វរសេនីយ៍ទោ​ Thammawat ​ធ្វើការ​ក្នុង​ផ្នែក​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ បរិដ្ឋាន​ជាតិ​ ដែល​ជា​អង្គភាព​ធ្វើការ​ឃាត់​ខ្លួន​លោក​Mahwood។​ លោក​មាន​ប្រសាសន៍​ថា​ លោក​ Mahmood​ គឺ​ជា​មនុស្ស​ក្នុង​ចំណោម​អ្នក​មាន​ និង​ក្រុម​អ្នក​ជួញ​ដូរ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​នយោបាយ។​ ក្រុម​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។ ​លោក​មាន​ប្រសាសន៍​ថា​ មន្រ្តី​ការ​ទូត​ក៏​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ផង​ដែរ​ ប៉ុន្តែ ​លោក​មិន​បញ្ចេញ​សញ្ជាតិ​របស់​ជន​បរទេស​ទាំងនោះ​ទេ។

លោក​ Thammawat ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​ចាប់​ខ្លួន​លោក​Mahmood​ នោះ​ ពួក​គេ​បាន​ឃ្លាំ​មើល​គាត់​យ៉ាង​ដិត​ដល់​ នៅ​ពេល​ដែល​គាត់​ឆ្លង​កាត់​ដំណើរ​ការ​ត្រួត​ពិនិត្យ​នានា​របស់​ព្រលាន​យន្តហោះ។ ​ពេល​នោះ​គាត់​អត់​មាន​កាន់​វ៉ាលិស​ដែលមាន​សត្វព្រៃ​នោះ​ទេ​ រហូត​ដល់​ពេល​គាត់​ដើរ​ឆ្លង​កាត់​ខាង​ផ្នែក​អន្តោប្រវេសន៍។ ​គាត់​និយាយ​ថា​ លោក​ Mahmood​ ប្រាកដ​ជា​មាន​គេ​ជួយ​គាត់​យក​សត្វ​ទាំង​នោះ​ឆ្លង​កាត់​សន្តិសុខ​ក្នុង​ព្រលាន​នេះ។

«តើ​នរណា​ជួយ​គាត់? ​ខ្ញុំ​មិន​ដឹង​ទេ។ ​ឥឡូវនេះ​ ខ្ញុំ​មិន​ទាន់​ដឹង​ទេ​ថា​ នរណា​ជួយ​យក​វ៉ាលិស​ទាំង​ពីរ​របស់​គាត់​ដើរ​ឆ្លងកាត់​កាំរស្មី​ X​ នោះ​ទេ។​ តើ​អ្នក​ដឹង​ទេ​ថា​ គាត់​ទទួល​យក​អីវ៉ាន់​នោះ​នៅ​កន្លែង​ណា​មួយ​ បន្ទាប់​ពី​ឆ្លង​ផុត​ការ​ឆែក​កាំរស្មី​ X​ និង​ឆ្លង​ផុត​ពី​ផ្នែក​អន្តោប្រវេសន៍»។

លោក​ Thammawat​ មាន​ប្រសាសន៍​ថា​ ពួក​គេ​កំពុង​តែ​រង់ចាំ​វីដេអូ​សន្តិសុខ​ពី​សមត្ថកិច្ច​នៅ​ព្រលាន​យន្តហោះ​ ក្នុង​ថ្ងៃ​ដែល​គាត់​ត្រូវ​ឃាត់​ខ្លួន។​ វីដេអូ​នេះ​អាច​បង្ហាញ​ពី​វិធី​ដែល​អីវ៉ាន់​ទាំងនោះ​អាច​ឆ្លង​កាត់​សន្តិសុខ​បាន។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ Mahmood​ បាន​ធ្វើ​ដំណើរ​ដោយ​ទិញ​សំបុត្រ ​ដែល​មាន​តម្លៃ​លំដាប់​ទី​មួយ​ ហើយ​មាន​អ្នក​ចូល​ដៃ​យ៉ាង​តិចម្នាក់​ ដែល​ជួយ​ឲ្យ​គាត់​គេច​ចូល​ទៅ​ក្នុង​យន្តហោះ​ Emirates។ ​លោក​និយាយ​ផង​ដែរ​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​នោះ​បដិសេធ​មិន​ព្រម​ផ្តល់​ឈ្មោះ​អ្នក​ដំណើរ​ទាំងនោះ​ទេ។

ប៉ូលិស​និយាយ​ថា​ ពេល​ប៉ូលិស​ចាប់​ខ្លួន​គាត់​ លោក​ Mahmood ​បាន​បង្ហាញ​រូបថត​ដែល​គាត់​ថត​ជាមួយ​អតីត​នាយក​រដ្ឋ​មន្រ្តី​ Thaksin Shinawatra​ ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់​ ប្រហែល​ជា​ចង់​បង្ហាញ​ពី​អ្នក​មាន​អំណាច​ដែល​គាត់​ស្គាល់។

លោក​ Thaksin​ ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​យោធា​ នៅ​ក្នុង​ឆ្នាំ​ ២០០៦​ ហើយ​លោក​សព្វថ្ងៃ​កំពុង​តែ​រស់នៅ​និរទេស​ខ្លួន​នៅ​ទីក្រុង​ Dubai​ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​ពី​បទ​ពុក​រលួយ។

លោក​ Galster​ និយាយ​ថា​ ការ​ដោះលែង​ លោក​ Mahmood​ បង្ហាញ​ថា​ អ្នក​មាន​ និង​អ្នក​មាន​ឥទ្ធិពលនៅ​ប្រទេស​ថៃ​ នៅ​តែ​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់។​ លោក​និយាយ​ផង​ដែរ​ថា​ទោះបី​ជា​មាន​ការ​ឃាត់​ខ្លួន​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​រាប់​រយ​នាក់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ​ក៏​ដោយ​ ក៏​មាន​តែ​អ្នក​ជួញ​ដូរ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ជាប់​គុក​ថ្វី​បើ​កម្រិត​ទោស​មាន​រហូត​ដល់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤ឆ្នាំ ។

«ការ​ដាក់​ទោស​នានា​មាន​លក្ខណៈ​ទន់ខ្សោយ។​ លើក​ក្រោយ​បើ​គាត់​អាច​លក់​សត្វ​ព្រៃ​តែ​មួយ​ក្បាល​ គាត់​នឹង​បាន​លុយ​១០,០០០​ដុល្លារ​សហ​រដ្ឋអាមេរិក។ ​គាត់​ មាន​សត្វ​ចំនួន​៥​ ទៅ​៦ក្បាល​ក្នុងវ៉ាលិស។ ​ឥឡូវនេះ​ការ​ពិន័យ​ជា​អតិបរមា​គឺ​មាន​ចំនួន​១២,០០០ ឬ​ ១៣,០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ។ ​ដូច្នេះ​ ដោយ​ដឹង​ថា​ គេ​អាច​រួច​ពី​ការ​ជាប់​គុកដូច្នេះ​គេ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​នេះ»។

លោក​ Galster​ និយាយ​ថា​ សេចក្តី​ព្រៀង​ច្បាប់​បង្កើន​កម្រិត​ទោស​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​៨​ឆ្នាំ​កន្លង​មក​ហើយ​ ប៉ុន្តែ​អ្នក​តំណាង​រាស្រ្ត​ថៃ​មិន​ទាន់​បាន​ពិភាក្សា​ដើម្បី​ដាក់​ច្បាប់នេះ​ឲ្យ​ចូល​ជា​ធរមាន​ទេ។​ ដោយសារ​តែ​ការ​ដាក់​ទោស​មាន​កម្រិត​ទាប​ លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​ថៃ​នៅ​តែ​ជា​ចំណុច​កណ្តាល​នៃ​ការ​ជួញដូរ​សត្វ​ព្រៃ​នៅ​អាស៊ី។

មក​ត្រឹម​នឹង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ ប៉ូលិស​ទប់ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​មាន​ករណី​ថ្មី​មួយ​ទៀត​ត្រូវ​ស៊ើបអង្កេត។ ​មន្រ្តី​គយ​ថៃ​ជា​ច្រើន​និយាយ​ថា​ មាន​សត្វ​ព្រៃ​រាប់​រយ​ក្បាល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​វ៉ាលិស​ ដែល​គ្មាន​ម្ចាស់​ពី​ប្រទេស​បង់ក្លាដេស ​ទុក​ចោល​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​បាងកក។ ​សត្វ​មាន​ជីវិត​រួម​មាន​ប្រភេទ​អណ្តើក​ និង​ក្រពើ​ទឹកសាប​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុត​ពូជ។​ សត្វ​ទាំង​នេះ​មាន​តម្លៃ​ ៣០០,០០០​ដុល្លារ​ ដែល​គយ​និយាយ​ថា​ សត្វ​ទាំង​នោះ​ទំនង​ជា​ត្រូវ​គេ​គ្រោង​បញ្ជូនទៅ​ក្នុង​ទីផ្សារ​ទីក្រុង​បាងកក៕

ប្រែ​សម្រួល​ដោយ​ ហ៊ុយ​ សម្ផស្ស

XS
SM
MD
LG