ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​រៀបរាប់ទុក្ខ​លំបាក ក្រោយ​ស្វាមី​គេចខ្លួន​ទៅ​នៅប្រទេស​ថៃ ព្រោះរឿង​នយោបាយ


អ្នកស្រី រើន រៀម និង​កូន​របស់​អ្នកស្រី​៣នាក់ ឈរ​នៅ​ផ្ទះ​ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី រើន រៀម និង​កូន​របស់​អ្នកស្រី​៣នាក់ ឈរ​នៅ​ផ្ទះ​ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី រើន រៀម អាយុ​៤១ឆ្នាំ​មិនបានជួបស្វាមីជាង​២​ឆ្នាំ​មក​ហើយ​ក្រោយ​លោក​រត់​ភៀស​ខ្លួន​នយោ​បាយ​ទៅ​ជ្រក​កោន​ក្នុងប្រទេស​ថៃ។ ស្វាមី​របស់​អ្នកស្រី ​គឺលោក រុន ចន្ធី អាយុ​៣៧ឆ្នាំបាន​រត់ចេញពី​ប្រទេស​ភ្លាមៗ ក្រោយ​ដឹង​ថា​លោក​មាន​ឈ្មោះ​ត្រូវ​ចាប់​ខ្លួន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ គឺ​នៅ​ពេល​ដែលលោក​ សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ប្រកាស​គម្រោង​វិល​ចូល​ប្រទេស​វិញ។

អ្នកស្រី រើន រៀម ដែល​មានកូន​៣នាក់ ប្រាប់វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «ខ្ញុំ​យំ​ភ័យ ខ្លាច​គេ​ចាប់​ប្តី​បាន​តាម​ផ្លូវអីចឹង ខ្លាច​គេ​ធ្វើ​បាប…ដល់ពេល​ឮថា​គាត់​ទៅ​ដល់​ថៃ​ផុត​ទៅ រៀង​ធូរ​បន្តិច»។

​អវត្ត​មាន​ស្វាមី​បណ្តាល​ឲ្យ​អ្នកស្រី រើន រៀម ​ប្រឈម​បញ្ហា​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំងដោយ​ត្រូវ​មើល​ថែ​កូន​៣​នាក់ ដែល​ក្នុង​នោះ​មាន​កូនស្រី​ពៅម្នាក់ អាយុ​៩​ឆ្នាំ ​មាន​បញ្ហា​សតិ​ស្មារតីដែល​អ្នកស្រី​ត្រូវថែទាំ​ដិតដល់។

អ្នកស្រី​បញ្ជាក់​ថា៖ «បើ​មិន​មើលទេ វា​ដើរចូល​រទេះភ្លើង​វាអត់​ដឹង​អីទេ»។ ការណ៍​នេះ​ជាហេតុធ្វើ​ឲ្យ​អ្នកស្រី​មិន​អាច​ចេញ​ទៅ​រក​ស៊ី​ដើម្បី​ផ្គត់​ផ្គង់ជីវភាព​គ្រួសារ​។ ដូច្នេះ​ជីវិត​គ្រួសារពឹង​ផ្អែក​លើ​ម្តាយ​បង្កើត​របស់​អ្នកស្រី ដែលរក​ស៊ី​លក់​បន្លែ​។

អ្នកស្រី​បន្តថា​៖ «ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​ថ្នាក់ដឹក​នាំ​ឲ្យ​លើក​ការ​ដេញ​ចាប់​ដេញ​អី​ហ្នឹ​ង​ទៅឲ្យគាត់​បាន​ចូល​ស្រុក​វិញ ឲ្យគាត់​បាន​មក​ជួយ​រកស៊ី​ខ្ញុំ​វិញ ខ្ញុំពិបាក​ណាស់​។ ចិញ្ចឹម​កូន​ម្នាក់​ឯង ហើយណា​មួយ​កូន​ពិការទៀតអត់មាន​អ្នកណា​មើល​រាល់​ថ្ងៃ​បាន​ម៉ែ លក់​បន្លែ​ចិញ្ចឹម​។ បើខ្ញុំ​ទៅលក់​ក៏បាន​ដែរ ប៉ុន្តែ​អត់មាន​អ្នកណា​មើលកូន​ខ្ញុំ​មីនោះ ដែល​អត់​គ្រប់​។ ដល់​អញ្ចឹង​ខ្ញុំនៅ​មើល​តែ​មីមួយ[​កូនស្រី]ហ្នឹង​ឯង​អត់​បាន​ទៅរក​អីទេ បាន​ម៉ែ​រក​ចិញ្ចឹម​តិក​តក់​ៗហ្នឹង​ឯង»។


លោក រុន​ ចន្ធី អាយុ​៣៧ឆ្នាំ​ជាអតីតប្រធាន​យុវជនរបស់គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សង្កាត់អូរចារ​ក្នុង​ខេត្ត​បាត់ដំបង។ សកម្មជន​ដែល​ចូលរួម​នយោបាយ​ជាមួយ​គណបក្សសង្រ្គោះជាតិ​តែង​តែ​រិះគន់​រដ្ឋាភិបាល​តាម​រយៈ​ហ្វេសប៊ុក​របស់លោក។លោក​ក៏​ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ក្នុង​ប្រទេស​កម្ពុជា កាលពីខែកញ្ញា​ ឆ្នាំ​២០២១ ឲ្យ​ជាប់ពន្ធនាគារ១៨ខែ ក្រោម​បទ​ចោទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះសារនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​រិះគន់វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩របស់​រដ្ឋាភិបាល។

ពេល​ជ្រកកោន​ក្នុង​ប្រទេស​ថៃ លោក រុន ចន្ធី តែង​តែ​សកម្ម​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​រិះគន់​រដ្ឋាភិបាល​លើបញ្ហា​ផ្សេងៗ។

លោក​ប្រាប់វីអូអេ​កាលពី​ពេលថ្មីៗ​ថា​៖ «ច្បាស់​ណាស់ អ្វី​ដែល​រដ្ឋាភិបាល​គេ​ដាក់​គំនាប ហើយ​គេ​រំលាយ​យើង គឺ​គេ​ចង់​បំបែក​កម្លាំង​អ្នកប្រជាធិបតេយ្យ​កម្លាំង​សង្រ្គោះ​ជាតិ ដែល​គេ​ដឹង​ថា​អ្នក​ដែល​ត្រូវទៅ​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​ខាង​មុខ​ហ្នឹង។ អញ្ចឹង​គេ​បារម្ភ​អំពី​សំឡេង​អ្នក​ប្រជាធិបតេយ្យ និង​បារម្ភ​អំពី​គណបក្ស​សង្រ្គោះជាតិ ដែល​នឹងអាច​ទៅ​ដណ្តើម​តួនាទី​អំណាច​របស់​គេ»។

លោក ចន្ធី​បន្ថែម​ថា​ដោយសារ​ការចាប់បញ្ជូន​សកម្មជន​ភៀសខ្លួន​មួយ​ចំនួនដែល​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២១ សកម្មជន​ភៀសខ្លួន​ផ្សេងទៀត​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់ពួកគេ​។

លោកបន្ថែម​ថា​៖ «នេះ​ជា​រូបភាព​គំរាម​កំហែង​ផ្នែក​នយោបាយ​មួយ​យ៉ាង​ធ្ងន់សម្រាប់​ពួកយើង​ដែល​ជា​សកម្មជន​នយោបាយ​ដែល​មាន​សិទ្ធិ​ពេញ​លេញ [ហើយត្រូវ​]​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​តែ​គេ​រំលោភ​បំពាន​បាន»។

កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ដោយ​ព្រមាន​ចាប់​ខ្លួន​អ្នក​ណា​ដែល​ហ៊ាន«ជេរ»រូប​លោក ដែល​លោក​ថា​មាន​ចរិត​ញុះញង់។

លោក​ថ្លែងថា៖ «ជេរ​ខុស​រឿង​ហើយ​ជេរ​មាន​លក្ខណៈ​ជាការ​ញុះញង់​ បង្ក​ចលាចល​អាហ្នឹង​គឺវាត្រូវ​តែ​នៅ​មួយ​កន្លែង​ព្រោះ​គេបង្កើត​គុក​មក​គេ​មិន​ដែល​យក​អ្នកល្អ​ទៅ​ដាក់​ទេ​គេ​យក​អាអ្នក​ខូច​»។

ភរិយា​របស់​លោក​រុន ចន្ធី​ គឺអ្នកស្រី​ រើន រៀម​ថ្លែងថា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​តែង​តែ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

អ្នកស្រី​ថ្លែង​ថា​៖ «ខ្ញុំ​ថា​ប្រឈម​ហើយនិយាយ​ទៅ​ឲ្យ​តែ​ឈ្មោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​គេ​អត់​ពេញ​ចិត្ត​បណ្តោយ​គេ​ស្អប់។ ខាង​ដែល​គេ​ស្អប់​គេ​អត់ចូល​ចិត្ត​ខាងគណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បណ្តោយ។ អញ្ចឹង​ខ្ញុំ​ទៅ​រក​ស៊ី​អី​ចេះ​តែភ័យ​ហើយ​រាល់​ថ្ងៃ​[អត់​]​មាន​ទៅណា​ទេ​រាល់​ថ្ងៃ​នៅ​តែផ្ទះ ហើយ​ជួន​កាល​មាន​ប៉ូលិស​មាន​ប៉េអឹម​ជិះ​កាត់​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង​រហូត​ទៅមកៗ​ មួយ​អាទិត្យក៏​ពីរ​ដង​ដែរ​»។​

អ្នកស្រី​ក៏​បាន​អំពាវនាវឲ្យមាន​ការ​អនុញ្ញាតស្វាមី​អាចចូល​ប្រទេស​វិញ ដោយ​មិន​មាន​ការ​ចាប់​ខ្លួន ដើម្បី​អាច​ជួយ​មើល​ថែ​គ្រួសារ ខណៈ​អ្នកស្រី​មិន​អាច​ចេញទៅ​រក​ស៊ី​បាន។

អ្នកស្រីថ្លែងថា៖ «ការ​ដែល​អត់​មាន​ប្តីនៅ ពិបាក​វេទនាណាស់ រកស៊ីម្នាក់ឯង។ តាំងពីគាត់​ទៅ ខ្ញុំវេទនា​ចង់​ងាប់។ បាននៅ​ជាមួយ​ម៉ែ ម៉ែ​ចិញ្ចឹម​ហ្នឹង។ ហើយ​គាត់​ទៅ​នោះ ក៏គាត់​គ្មាន​លុយ​ផ្ញើ​មក​ដែរ។ គាត់អត់​មាន​ធ្វើអី»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG