ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​ថៃ​ប្រើប្រាស់​​​បទ​​ពិសោធន៍ ​​ដើម្បី​​ទប់​ទល់​​នឹង​​សេដ្ឋកិច្ច​​ដ៏​​លំបាក


កសិករ​ធ្វើការ​ក្នុង​ដីស្រែ​របស់​ខ្លួន​នៅ​ខេត្ត Nakhonsawan នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ កសិករ​ថៃ​ប្រើប្រាស់​​​បទ​​ពិសោធន៍ ​​ដើម្បី​​ទប់​ទល់​​នឹង​​សេដ្ឋកិច្ច​​ដ៏​​លំបាក។
កសិករ​ធ្វើការ​ក្នុង​ដីស្រែ​របស់​ខ្លួន​នៅ​ខេត្ត Nakhonsawan នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ កសិករ​ថៃ​ប្រើប្រាស់​​​បទ​​ពិសោធន៍ ​​ដើម្បី​​ទប់​ទល់​​នឹង​​សេដ្ឋកិច្ច​​ដ៏​​លំបាក។

កសិករធ្វើ​ស្រែ​របស់​ប្រទេសថៃ កំពុង​តស៊ូ​ទប់ទល់​នឹង​បញ្ហា​គ្រោះរាំង​ស្ងួត​ ការ​ទទួល​បាន​ទិន្នផល​ទាប និង​កំណើន​ការ​ប្រកួតប្រជែង​ក្នុង​សករាជ​ថ្មី នៃ​ការ​ធ្វើពាណិជ្ជកម្ម​ ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) ។ កសិករ​សង្ឃឹម​ថា​នឹង​ទប់​ទល់​នូវ​ភាព​លំបាក​ដោយ​ផ្តោត​លើ​ បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ធ្វើ​កសិកម្ម ​និង​ក្តី​សង្ឃឹម​លើ​ការ​ងើប​រើ​ឡើង​វិញ​នៃ​តម្លៃ​ស្រូវ។

នៅ​ក្នុង​ក្រុង Amnat Charoen​ ដែល​ជា​ទីរួមខេត្តមួយ​នៅ​ភាគឦសាន​ប្រទេស​ថៃ ​អ្នក​ភូមិ​នៅ​ឯ​កន្លែង​ពិព័រណ៍​ពាណិជ្ជកម្ម ​បាន​ធ្វើការប្រកួតប្រជែងកិនស្រូវ​ជា​ក្រុម​។ អ្នក​ឈ្នះ ​ត្រូវបាន​វិនិច្ឆ័យ ​ទៅ​តាមគុណភាព​ផលិត​ផលល្អ​បំផុត។

កសិករ​ប្រារព្ធ​ពិធី​នេះស្រប​ពេល​ដែល វាល​ស្រែត្រូវ​បាន​ទុក​ឲ្យ​ទំ​នេរ​ចោល​នៅ​ក្នុងរដូវ​ប្រាំង និងរង​ចាំទឹក​ភ្លៀង​មូសុង​ នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​ ដើម្បី​ដាំ​ដំណាំថ្មី។

ក្រុង​ Amnat Charoen​ ​ដែល​ជា​ក្រុង​មួយ​ជិត​ព្រំប្រទល់ប្រទេស​ឡាវ​ ​ចម្ងាយ​ប្រមាណ ​៦០០ គីឡូម៉ែត្រពី​ទីក្រុងបាងកក​ មាន​ឈ្មោះ​ល្បី​រន្ទឺ​ដោយ​សារអង្ករ​របស់​ខ្លួន​ដូច​ជា ​អង្ករផ្កា​ម្លិះ ឬ​អង្ករ​ក្រអូប​ ដែលត្រូវ​គេស្គាល់​លើ​ទី​ផ្សារ​អន្តរជាតិ។

ប៉ុន្តែ​ កសិករ​ថៃ ​កំពុង​ប្រឈម​នឹង​ពេល​វេលា​ដ៏​លំ​បាក ជាមួយ​នឹង​គ្រោះរាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​ តម្លៃ​អង្ករ​មាន​កម្រិត​ទាប​អស់រយៈពេល​ប្រាំមួយ​ឆ្នាំ​មក​នេះ​ ​ប្រាក់​ចំណូល​នៅ​ជាប់​គាំង ​និងបំណុល​ដែល​កំពុង​តែ​កើន​ឡើង។

នៅ​ក្នុង​ភូមិ​ Ban Plah Khaow ​ដែល​មាន​ចម្ងាយ​២០​ គីឡូម៉ែត្រ​ពី​ក្រុង​ Amnat Charoen ​វិស្វករ​ចូល​និវត្តន៍​ម្នាក់​គឺ លោក ​Ajarn Ting ​បាននិយាយ​ថា ​ទស្សនវិស័យ​សម្រាប់​ពេល​អនាគត​គឺ​មាន​ភាព​អាប់អួរ​។

លោក​ Ting ​បាន​និយាយ​ថា ​ស្ថានភាព​គឺ​ មិន​ល្អ​នោះ​ទេ។ តម្លៃ​អង្ករ​ផ្កាម្លិះ​ ដែល​ជា​អង្ករ​ដ៏​ពេញ​និយម ​បានធ្លាក់​ចុះ ​ហើយ​តម្លៃនៃ​អង្ករ​ដទៃ​ទៀត​ក៏​ធ្លាក់​ចុះ​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​ជីវិត​កសិករ​ មាន​ការ​លំបាក។

​លោក Atikarn Rungcharoen ប្រធាន​សភាពាណិជ្ជកម្ម​ក្រុង​ Amnat Charoen​ បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នា​ពេល​បច្ចុប្បន្ន​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​សំណូមពរ​ពី​កសិករជាច្រើនសម្រាប់​ការ​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល។

លោក Athikarn បាន​និយាយ​ថា ​តម្លៃ​អង្ករ​បាន​ធ្លាក់​ចុះ ​ហើយ​កសិករ​ត្រូវ​លក់​ទៅ​ឲ្យម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​យ៉ាង​ឆាប់​រហ័ស ​ពី​ព្រោះ​ពួកគេ​ត្រូវ​ការ​ថវិកា​សម្រាប់​គ្រួសារ​។ ពួកគេ​ព្រម​ទទួល​យក​តម្លៃ​លក់​ចេញ​ (តម្លៃស្ដង់​ដារ) ដើម្បី​លក់​ឲ្យលឿន​តាម​ដែល​អាច​ធ្វើបាន។

ធនាគារ​កណ្តាល​របស់​ថៃ បាន​ព្រមាន​ថា​គ្រោះ​រាំង​ស្ងួត​ដែល​កំពុង​បន្ត​កើត​មាន​ និង​តម្លៃទិន្នផល​កសិកម្ម​ទាប​បាន​បន្ថែម​សម្ពាធលើ​ប្រាក់​ចំណូល​របស់​កសិករ​រួច​ទៅហើយ។

សមាគម​នាំ​ចេញ​អង្ករ​ថៃ​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​អង្ករ​ផ្កា​ម្លិះ​ក្រអូប​ស្ថិត​នៅ​កម្រិត​ទាប​បំផុត​មួយ​ក្នុងរយៈពេល​ប្រាំមួយ​ឆ្នាំ​មក​នេះ ដែលមានត្រឹម​តែ ៧២០ដុល្លារ ក្នុង​មួយ​តោន​ប៉ុណ្ណោះ ​ដោយ​ធ្លាក់​ពី​១.២០០ដុល្លារ​ក្នុង​មួយតោន។

ឧស្សាហកម្ម​អង្ករ​ថៃ​កំពុង​តែ​ងើប​ឡើងវិញ​ពី​ចុង​បញ្ចប់​នៃគម្រោង​សន្យា​ទិញ​តម្លៃ​ស្រូវអង្ករ​ ដែល​បាន​កំណត់​ដោយ ​អតីត​រដ្ឋាភិបាល​របស់​នាយក​រដ្ឋ​មន្រ្តី​ លោក​ស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា ​ ដែល​ត្រូវ​បានទម្លាក់​ចេញ​ដោយរដ្ឋ​ប្រហារ​ កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៤ ។

ក្រុម​អ្នក​គាំ​ទ្រ​ផែនការ​នេះ ​បាន​និយាយ​ថា វា​បាន​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ។ ប៉ុន្តែ​ក្រុមអ្នក​រិះគន់​និយាយ​ថា ផែនការ​នេះ​ពោរពេញទៅ​ដោយ​អំពើ​ពុករលួយ ​បានបំផ្លាញ​ការ​នាំ​ចេញ​អង្ករថៃ​ បង្ក​ការ​ខាត​បង់​ថវិកា​ពី​សំណាក់​អ្នក​បង់​ពន្ធ​ថៃ​អស់​ច្រើន​ជាង ១៤ពាន់​លាន​ដុល្លារ​ ហើយ​បានធ្វើ​ឲ្យ​កសិករ​រាប់​ពាន់​នាក់​បានជាប់បំណុល។

លោក Songphan Jansawang ​ប្រធាន​មន្ទីរ​កសិកម្ម​ នៅ​ក្នុង​ក្រុង​ Amnat Charoen និយាយ​ថា កសិករ​មក​ពីតំបន់​ភាគឦសាន​ Isaan​ ត្រូវ​តែ​ធ្វើ​ការ​សម្រប​ខ្លួន​ដើម្បី​រស់​នៅ​ក្នុង​រដូវប្រាំង។

លោក Songphan និយាយ​ថា​ប្រជាជន​តំបន់ Isaarn បាន​រស់​នៅ​ជា​មួយ​នឹង​គ្រោះ​រាំង​ស្ងួត​ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​ ហើយ​ត្រូវសម្រប​ខ្លួន។ អង្ករ​ផ្កាម្លិះ​ដាំដុះនៅក្នុង​តំបន់ ក៏​ត្រូវ​បាន​គេ​ស្គាល់ ​ថា​ជាប្រភេទដំ​នាំ​ដែល​ធន់​ទៅ​នឹង​អាកាសធាតុ​ក្តៅ​ផងដែរ។

លោក​និយាយ​ថា ​កសិករ​ក៏ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែងដែល​កើនឡើង​ ​ពីដៃគូរ​ក្នុង​តំបន់​នៅក្នុង​ទីផ្សារ​អង្ករផង​ដែរ ខណៈពេល​សេរីភាវូបនីយកម្ម​បាន​ចូល​ជាធរមាន ​នៅ​ដំបូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) ដែល​បាន​បើក​ដំណើរ​ការ​កាល​ពី​ចុង​ឆ្នាំ​មុន។

ក្រសួង​ពាណិជ្ជកម្ម​ថៃ ​បាន​និយាយ​ថា ខ្លួន​ក៏មាន​គម្រោង​រៀបចំ​រចនាសម្ព័ន្ធ​ក្នុងវិស័យ​ស្រូវ​អង្ករ​ឡើង​វិញ​ ដោយបញ្ចុះ​ផលិតផល​ដំណាំ​សរុប​ពី ៣៣ ​លានតោន ទៅ ២៥ លានតោន​ ដើម្បី​បញ្ចៀស​ការផ្គត់ផ្គង់​លើសតម្រូវការ​ និង​បង្កើត​ចម្រុះ​ពូជ​អង្ករឲ្យ​ច្រើន​ ពី​អង្ករ​ស​ដែល​ជា​អង្ករ​ប្រពៃណី៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG