ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​បាន​ប្រហារ​ជីវិត​អ្នក​ទោស​ដំបូង​បង្អស់​តាំង​ពី​ឆ្នាំ ២០០៩ មក


អ្នក​ទោស​អង្គុយ​ ក្នុង​ពេល​ធ្វើ​អធិការកិច្ច​មួយ​នៅ​ក្នុង​ពន្ធនាគារ Klong Prem ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
អ្នក​ទោស​អង្គុយ​ ក្នុង​ពេល​ធ្វើ​អធិការកិច្ច​មួយ​នៅ​ក្នុង​ពន្ធនាគារ Klong Prem ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

អង្គការ Amnesty International បាន​ថ្កោលទោស​ប្រទេស​ថៃ​ចំពោះ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​ដំបូង​បង្អស់​របស់​ប្រទេស​នេះ​តាំង​ពី​ឆ្នាំ ២០០៩ មក។

ក្រសួង​អប់រំ​កែប្រែ​អ្នក​ទោស​របស់​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា ជន​ឈ្មោះ Theerasak Longji អាយុ ២៩ ឆ្នាំ ត្រូវ​បាន​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ការ​ចាក់​ថ្នាំ​សម្លាប់​នៅ​ក្នុង​ពន្ធនាគារ​មួយ​កន្លែង​នៅ​ក្រៅ​ទីក្រុង​បាងកក។ ជន​នេះ​ត្រូវ​បាន​កាត់ទោស​ថា​បាន​ចាក់​សម្លាប់​យ៉ាង​ឃោរឃៅ​ទៅ​លើ​ក្មេង​ប្រុស​អាយុ ១៧ ឆ្នាំ​ម្នាក់​ដើម្បី​ប្លន់​ទូរស័ព្ទ។

ក្រសួង​អប់រំ​កែប្រែ​អ្នក​ទោស​របស់​ប្រទេស​ថៃ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​បញ្ជាក់​ថា ខ្លួន​សង្ឃឹម​ថា ការ​កាត់​ទោស​ប្រហារ​ជីវិត​ទៅ​លើ​ជន​នេះ​នឹង​ចាត់ទុក​ជា​ការ​ព្រមាន​ចំពោះ​អ្នក​ដែល​គិត​ថា​ចង់​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ឬ​ក៏​ចង់​រំលោភ​លើ​ច្បាប់។

អ្នកស្រី Katherine Gerson អ្នក​តស៊ូ​មតិ​របស់​អង្គការ Amnesty International ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ការ​ប្រហារ​ជីវិត​នេះ​គឺ​ជា​ការ​រំលោភ​ដ៏​សាហាវ​បំផុត​ទៅ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត»។

អ្នកស្រី​បាន​បន្ថែម​ថា ប្រទេស​ថៃ «មិន​រក្សា​ការ​ប្ដេជ្ញា​របស់​ខ្លួន​នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​លុប​បំបាត់​ទោស​ប្រហារ​ជីវិត...ហើយ​ក៏​ដើរ​ចេញ​ពី​ចរន្ត​សាកលលោក​បច្ចុប្បន្ន​ដែល​ងាក​ចេញ​ពី​ការ​ដាក់​ទោស​ប្រហារ​ជីវិត»។

នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ទោស​ជាង ៥ រយ​នាក់​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​រង់ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត ដែល​ក្នុង​នោះ​មាន​ស្ត្រី ៩៤ នាក់​ផង​ដែរ។ ជន​ឈ្មោះTheerasakនេះ​គឺ​ជា​ជន​ទី ៧ ហើយ ដែល​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ការ​ចាក់​ថ្នាំ​សម្លាប់​តាំង​ពី​ប្រទេស​ថៃ​បាន​ប្ដូរ​វិធីសាស្ត្រ​ប្រហារ​ជីវិត​អ្នក​ទោស​នៅ​ក្នុង​ឆ្នាំ ២០០៣ ពី​ការ​ប្រហារ​ជីវិត​ដោយ​ការ​បាញ់​សម្លាប់៕

XS
SM
MD
LG