ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រី​ថៃ​បញ្ឈប់​ច្បាប់​ការងារ​បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង


ក្រុម​ពលករ​ទេសន្តរប្រវេសន៍​មីយ៉ាន់ម៉ា​ឆ្លង​កាត់​ព្រំដែន​ថៃ និង​មីយ៉ាន់ម៉ា នៅ​ក្បែរ​ក្រុង Ranong កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។
ក្រុម​ពលករ​ទេសន្តរប្រវេសន៍​មីយ៉ាន់ម៉ា​ឆ្លង​កាត់​ព្រំដែន​ថៃ និង​មីយ៉ាន់ម៉ា នៅ​ក្បែរ​ក្រុង Ranong កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។

ពលកម្ម​របស់​ជន​ចំណាក​ស្រុក​មាន​សារៈ​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ​ដោយ​មាន​កម្មករ​រហូត​ដល់​២លាន​៧សែន​នាក់​មកពី​ប្រទេស​ជិត​ខាង​គឺ មីយ៉ាន់ម៉ា ​ឡាវ​ និង​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​នេសាទ ​សំណង់ កសិកម្ម​ និង​វិស័យ​ផ្សេងៗ​ទៀត។

ក៏ប៉ុន្តែ ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី២៣ ​ខែ​មិថុនា បាន​ធ្វើឡើង​ដោយ​គ្មាន​ការ​ពិគ្រោះ​ជា​សាធារណៈ​ជាមួយ​ពួក​កម្មករ សហជីព​ ឬ​និយោជក​ឡើយ។ក្រឹត្យ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កម្មករ​ប្រញាប់​ប្រញាល់​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ហើយ​បាន​ធ្វើ​ឲ្យ​ចំណត​រថយន្ត​និង​ចំណុច​ឆែកឆេរ​នៅ​តាម​ព្រំ​ដែនពោរពេញ​ទៅ​ដោយ​មនុស្ស។

ក្រឹត្យ​ច្បាប់​នោះ​ជា​ផ្នែក​មួយ​នៃការ​ខំ​ប្រឹងប្រែង​របស់​ថៃ​ដើម្បី​ត្រួត​ពិនិត្យ​ពលកម្ម​គ្មាន​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​ប្រទេស​ដែល​ចាប់​ផ្តើម​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​រួម​មាន​ការ ដាក់​ពន្ធនាគារ ​និង​ពិន័យ​កម្មករ​គ្មាន​ក្រដាស​ស្នាម​រហូត​ដល់​២ពាន់​៧រយ​ដុល្លារ។ ប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​កម្មករ​ចំណាក​ស្រុក​ក្នុង​មួយ​នាក់ៗ​ប្រហែល​២រយ​ដុល្លារ​ក្នុង​មួយ​ខែ។

និយោជក​ក៏​ជា​ទីដៅ​ដែរ​ ដោយ​មាន​ការផាក​ពិន័យ​ជាង​២ម៉ឺន​៣ពាន់​ដុល្លារ​សម្រាប់​កម្មករ​ខុសច្បាប់​ម្នាក់ៗ បើគេ​រកឃើញ​នៅ​ក្នុង​បរិវេណ​កន្លែង​ធ្វើ​ការងារ​នោះ។

លោក Sinapan Samydorai ជា​អ្នក​ទទួល​ខុសត្រូវ​អង្គការ​ក្រុម​ការងារ​កម្មករ​ចំណាក​ស្រុក​អាស៊ាន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ​កម្មករ​ចំណាក​ស្រុក​រាប់​ម៉ឺននាក់​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ។​ក្រុម​សិទ្ធិ​ការងារ​ថៃ​និយាយ​ថា កម្មករ​ចំណាក​ស្រុក​ជាង​១សែន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ​ខែ​មិថុនា​មក។ លោក Samydorai បាន​ប្រាប់ VOA ថា៖ «ការ​យក​ចិត្ត​ទុកដាក់​ទាំង​មូល​មិនមែន​អំពី​ការ​រារាំង​ទេ ក៏ប៉ុន្តែ​ គឺ​ការ​ពិន័យ​កម្មករ​ដែល​ត្រូវ​គេ​ជួល​ឲ្យ​ធ្វើ​ការ​ដោយ​មិន​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ​ឬ​អ្នក​ដែល​មិន​មាន​ប័ណ្ណ និង​លិខិត​អនុញ្ញាត​មក​ពី​ការិយាល័យ​ទទួល​បន្ទុក​កិច្ច ការ​នោះ។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កម្ម​ករក្នុង​ចំនួន​យ៉ាង​ច្រើនប្រញាប់​ប្រញាល់​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា ​និង​មីយ៉ាន់ម៉ា​វិញ។ ហើយ​នេះ​ជា​ស្ថានភាព​ភ័យ​ស្លន់​ស្លោ​មួយ‍»។

ទោះ​យ៉ា​ងណា​ក៏ដោយ លោក Prayut Chan-o-cha នាយក​រដ្ឋមន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ពន្យារការ​ប្រើប្រាស់​ច្បាប់​ការងារ​ថ្មី​នេះ​ចំនួន​៦ខែ។

លោក Panitan Wattanayagorn ជា​ទីប្រឹក្សា​លោក Prawit Wongsuwan ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា កត្តា​វិជ្ជមាននៃ​ក្រឹត្យ​ច្បាប់​នោះ​រួម​មាន​ការ​ពារ​កម្មករចំណាក​ស្រុក​ហើយ​និង​សិទ្ធិ​របស់​និយោជក ​ក៏ប៉ុន្តែ ​មាន​ការ​ពិន័យ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការ​រំលោភ​ច្បាប់​នោះ។

លោក Panitan បាន​និយាយ​ទៀត​ថា ​ការ​អនុវត្ត​ច្បាប់​នោះ​ជា​គន្លឹះ​ដ៏​សំខាន់​ហើយ​ទីភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ស្វែង​រកដំណោះ​ស្រាយ​ក្នុង​រយៈ​ពេល​អន្តរកាល​៦​ខែ។ លោក Panitan ​ប្រាប់ VOA ថា៖ «ការ​អនុវត្ត​ក្រឹត្យ​ច្បាប់​នោះ​ត្រូវ​តែ​មានការ​សម្រប​សម្រួល​រវាង​ក្រសួង​នានា រវាង​ក្រសួង​ការងារ ក្រសួង​ការបរទេស​ជាមួយ​ និង​ក្រសួង​មហាផ្ទៃ​ហើយ​ទី​បំផុត​នៅ​ក្នុង​រយៈ​ពេល​អន្តរកាល​នោះ ​នឹង​មាន​ផល​ប៉ះពាល់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​នោះ‍»។

ផ្នែក​ពាណិជ្ជកម្ម​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ក្រឹត្យ​ច្បាប់​នេះ​នៅពេល​ដែល​កម្មករ​បាន​រត់គេច​ខ្លួន ​ឬ​ត្រូវ​ក្រុមហ៊ុន​បណ្តេញ​ចេញ​ពី​ការងារ​ដោយ​ការ​ភ័យ​ខ្លាច​ពី​ការ​កាត់​ទោស។

ក្នុង​ប្រទេស​កម្ពុជា ក្រុមមន្ត្រី​បាន​បិទ​ច្រក​ឆ្លងព្រំដែន​ជាង​៤០​ចូល​ក្នុង​ប្រទេស​ថៃ​ ដោយ​ជជែក​ឲ្យ​ហេតុផល​ថា ​ដើម្បី​រារាំង​ជន​ជាតិ​កម្ពុជា​មិន​ឲ្យ​ចូល​ក្នុង​ប្រ​ទេស​ថៃ​ហើយ​ដើម្បី​ឲ្យ​ពួកគេ​ជៀសវាង​ការ​ប្រឈម​ការ​ពិន័យ។

​កសិករ​ថៃ​ដែល​យក​កម្មករ​កម្ពុជា​នៅ​តាម​ព្រំ​ដែន​ធ្វើ​ការ​ជា​ប្រចាំ​ថ្ងៃ ​បាន​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ដោយ​គ្មាន​កម្មករ​ក្រោយ​ពី​ច្រក​ទ្វារ​ព្រំ​ដែន​បាន​បិទ។

នៅ​ព្រំដែន​ថៃ​និង​មីយ៉ាន់ម៉ា​វិញ កន្លែង​ឆែកឆេរ​ប៉ូលិស​២​បាន​ត្រូវ​បិទ​នៅពេល​មានការ​ចោទ​ប្រកាន់​ថា ​ប៉ូលិស​ថៃ ​បាន​គំរាម​កំហែង​ទារ​សំណូក​ពី​កម្មករ​ចំណាក​ស្រុក។

លោក Boonchai Chailert ប្រធាន​សមាគម​ការងារ​ទេសចរណ៍​ទីក្រុង​ឈៀងម៉ៃ ​បាន​និយាយ​ថា ច្បាប់​ទាំង​នោះ​បាន​បង្កើត​បញ្ហាដល់​ពាណិជ្ជកម្ម​តូចៗ ​រួមទាំង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​បណ្តា​ខេត្ត​ភាគ​ខាង​ជើង។ ការ​ព្រួយ​កង្វល់​ចម្បង​របស់​លោក​របស់​លោក​គឺ​កម្មករ​នឹង​មិន​វិល​ត្រឡប់​មក​វិញ។

លោក Boonthai និយាយ​ថា៖ «ពួកគេ​បាន​ចាកចេញ​ហើយ ​ពួកគេ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ទៅកាន់​ប្រទេស​កម្ពុជា ​ឬ​ឡាវ​វិញ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​របស់​ពួកគេ​វិញ។ ពួកគេ​មាន​បទពិសោធន៍​នៅ​ក្នុង​ប្រទេស​ថៃ។ ពួកគេ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​ហើយ។ ខ្ញុំ​គិត​ថា ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ជា​កំហុស​ដ៏​ធំ​បំផុត‍»។

ក៏ប៉ុន្តែ ក្រុមហ៊ុន​ឧស្សាហកម្ម​ថៃ​ធំៗ​ដែល​ជួល​កម្មករ​ចំណាក​ស្រុក​មាន​ច្បាប់​ត្រឹម ត្រូវ​រួច​ហើយ ​បាន​និយាយ​ថា ពួកគេ​គាំទ្រ​ច្បាប់​នេះ។

ថៃ​កំពុង​ធ្វើ​ការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​បង្កើត​ការ​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​មួយ​សម្រាប់​កម្មករ​ចំណាក​ស្រុក ​ដោយធ្វើកិច្ច​ព្រម​ព្រៀង​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​មីយ៉ាន់ម៉ា ​និង​ឡាវ។

ក៏ប៉ុន្តែ ​លោក Nilim Baruah ជា​អ្នក​ឯកទេស​ខាង​ការ​ស្រាវ​ជ្រាវ​របស់អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​និយាយថា ​ខណៈ​ដែល​ផ្នែក​នានា​នៃ​ច្បាប់​នេះ​បាន​ទទួល​ការ​ស្វាគមន៍ បញ្ហា​គឺ​ការ​ខ្វះ​ការ​ពិគ្រោះ។

លោក Baruah ​បាន​និយាយ​ថា៖ «បញ្ហា​គឺ​ថា មិន​មាន​ការ​ពិគ្រោះ​ច្បាប់​ព្រាង​ចុង​ក្រោយ ជាមួយ​និយោជក សហជីព អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សូម្បី​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ។ វា​នឹង​មាន​ភាព​ប្រសើរ​ឡើង បើ​មាន​ការ​ពិគ្រោះ ​ការ​ធ្វើ​សវនាការ​សាធារណៈ​ដូច​ដែល​ពួកគេ​គ្រោង​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ‍»។

លោក​បាន​អំពាវនាវ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ពិន័យ​ និង​រយៈ​ពេល​នៃការ​ជាប់​ពន្ធនាគារ​ និង​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​ផ្លាស់​ទី​កន្លែង​របស់​កម្មករ​ចំណាក​ស្រុក។

ការ​ធ្វើ​កំណែ​ទម្រង់​ពលកម្ម​ថៃ​ពាក់ព័ន្ធ​នឹង​កម្មករ​អន្តោប្រវេសន៍​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ព័ត៌មាន​ថា ​ខ្លួន​ស្ថិត​នៅ លំដាប់​ថ្នាក់​លេខ២ ឬ Tier 2 នៅ​លើ​បញ្ជី​ជួញដូរ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក។

លោក Sirichai Distakul រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ ​បាន​និយាយ​ថា ​ការពិន័យ​របស់​ច្បាប់​ថ្មី ​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​នានា​ដែល​ជាប់ទាក់​ទិន​ទៅ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ប្រើ​កម្លាំង​កុមារ។

ក៏ប៉ុន្តែ ​ពួក​សកម្មជន​សិទ្ធិ​ការងារ​និយាយ​ថា ការ​ព្រួយ​កង្វល់​គឺ​ច្បាប់​នោះ​នៅតែ​បើក​ចំហរ​ឲ្យ​ពួក​មន្ត្រី​ក្នុង​មូលដ្ឋាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG