អ្នកវិភាគនានាបានថ្លែងថា រដ្ឋាភិបាលចម្រុះស៊ីវិលថ្មីរបស់ប្រទេសថៃអាចនឹងប្រឡូកច្រើនជាងមុនជាមួយនឹងក្រុមបស្ចិមប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ បើទោះបីជាខ្លួននៅបន្តរក្សាទំនាក់ទំនងជាមួយប្រទេសចិន ដែលទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយរបបយោធាពីមុនក៏ដោយ។
ខណៈដែលរដ្ឋាភិបាលថ្មីរបស់គណបក្ស Pheu Thai ប្រហែលជាចង់បង្ហាញឱ្យឃើញថាខ្លួនខុសពីអតីតរដ្ឋាភិបាលរបស់លោក Prayuth Chan-ocha ក៏ដោយ ក៏ការងាកចេញពីប្រទេសចិនគឺមិនទំនងជានឹងកើតឡើងនោះទេ។ លោក Prayuth គឺជានាយឧត្តមសេនីយ៍ដែលបានដឹកនាំរដ្ឋប្រហារយោធាឆ្នាំ ២០១៤ និងត្រូវបានបោះឆ្នោតដោយសភាឱ្យធ្វើជានាយករដ្ឋមន្ត្រីចំនួនពីរដង។
កាលពីខែមីនា គឺក្នុងពេលប៉ុន្មានខែមុនការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា មេដឹកនាំគណបក្ស Pheu Thai លោក Srettha Thavisin ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រី បានថ្លែងថា គណបក្សរបស់លោកនឹងគាំទ្រដល់ការបង្កើនពាណិជ្ជកម្មនិងទេសចរណ៍ជាមួយប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយ Matichon របស់ថៃបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីលោក Srettha ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ២២ ខែសីហា បេសកជនចិនប្រចាំប្រទេសថៃលោក Han Zhiqiang បានអញ្ជើញលោក Srettha ឱ្យទៅជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក Benjamin Zawacki អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ប្រទេសថៃ៖ ការផ្លាស់ប្តូរជំហររវាងសហរដ្ឋអាមេរិកនិងចិន (Thailand: Shifting Ground between the US and a Rising China)» បានប្រាប់ VOA ផ្នែកភាសាថៃនៅក្នុងបទសម្ភាសន៍តាមអ៊ីមែលកាលពីថ្ងៃទី ១ ខែកញ្ញាថា៖ «ប្រហែលជាដើម្បីបង្ហាញពីភាពខុសគ្នារបស់ខ្លួនពីរដ្ឋាភិបាល [មុនៗ] និងដោយសារតែមនោគមវិជ្ជា និងភាពមិនប្រែប្រួលផ្នែកមនោគមវិជ្ជាមិនធ្លាប់មានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេសរបស់ថៃ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Pheu Thai នាពេលអនាគតនឹងប្រឡូកជាមួយនឹងសហរដ្ឋអាមេរិកនិងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀតប្រកបដោយផ្លែផ្កាកាន់តែខ្លាំង»។
លោក Greg Raymond គ្រូជំនាញផ្នែកនយោបាយអាស៊ីអាគ្នេយ៍និងទំនាក់ទំនងការបរទេសនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បានថ្លែងថា ក្នុងនាមជារដ្ឋាភិបាលចម្រុះ គណបក្ស Pheu Thai ប្រហែលជាអាចមានឧបសគ្គខ្លាំងក្នុងការផ្លាស់ប្តូរគោលនយោបាយដែលកំណត់ដោយរដ្ឋាភិបាលមុន។
លោកបានប្រាប់ VOA ផ្នែកភាសាថៃក្នុងបទសម្ភាសន៍តាមអ៊ីមែលកាលពីថ្ងៃទី ៣០ ខែសីហាថា គណបក្ស Pheu Thai «គោរពការឯកភាពគ្នាដែលថា ការស្ថិតនៅកណ្តាលរវាងប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាគោលនយោបាយសមស្របបំផុតសម្រាប់ប្រទេសថៃ»។
នយោបាយផ្ទៃក្នុង
ប្រទេសថៃបានតស៊ូបង្កើតរដ្ឋាភិបាលអស់រយៈពេលជាង ៣ ខែបន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ១៤ ខែឧសភា។
គណបក្ស Move Forward ដែលផ្តោតលើយុវជនបានទទួលសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា ប៉ុន្តែកិច្ចប្រឹងប្រែងរបស់គណបក្សនេះនៅក្នុងការបង្កើតរដ្ឋាភិបាលបានជួបឧបសគ្គនៅពេលដែលមេដឹកនាំរបស់ខ្លួនលោក Pita Limjaroenrat ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិក ទទួលបានសំឡេងគាំទ្រតិចជាង ៥១% ដែលជាសំឡេងភាគច្រើនត្រូវការពីសភាទាំងពីរថ្នាក់របស់ប្រទេសថៃដើម្បីបានកាន់តំណែងជានាយករដ្ឋមន្ត្រី។
ការសន្យារបស់លោក Pita នៅក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតកន្លងមកគឺរួមមានផងដែរនូវការបង្កើតគោលនយោបាយការបរទេសដែលមានចំណងទាក់ទងជាមួយប្រទេសចិនតិចជាងមុន។
គណបក្ស Pheu Thai ទទួលបានសំឡេងគាំទ្រលំដាប់ទីពីរនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនេះ។ គណបក្សនេះបានឡើងកាន់អំណាចកាលពីចុងខែសីហា បន្ទាប់ពីបានបង្កើតសម្ព័ន្ធភាពដែលមិនទំនងនឹងកើតឡើងមួយជាមួយគណបក្សចំនួន ១០ ផ្សេងទៀត ដែលក្នុងនោះរួមមានទាំងគណបក្សចំនួនពីរដែលជាប់ទាក់ទងជាមួយក្រុមនាយឧត្តមសេនីយ៍យោធាដែលបានធ្វើរដ្ឋប្រហារឆ្នាំ ២០១៤ ផងដែរ។
សភាទាំងពីរថ្នាក់បានបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្រោមរដ្ឋធម្មនុញ្ញដែលអនុវត្តដោយរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា។ អ្នកតាមដានស្ថានការណ៍ជើងចាស់មួយចំនួនលើទិដ្ឋភាពនយោបាយរបស់ប្រទេសថៃបានថ្លែងថា រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើងដើម្បីការពារការដឹកនាំបែបអភិរក្សនិយមដែលគាំទ្រដោយយោធា។
សមាជិកគណបក្ស Pheu Thai ឥឡូវនេះកាន់កាប់តំណែងកំពូលៗក្នុងក្រសួងការបរទេសនិងក្រសួងការពារជាតិរបស់ប្រទេសថៃ ដែលជាអង្គភាពបង្កើតគោលនយោបាយសំខាន់ៗ។
អតីតសកម្មជននយោបាយលោក Suthin Khlangsaeng កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ដែលជាជនស៊ីវិលដ៏កម្រដែលកាន់តំណែងនេះ។ អតីតអ្នកតំណាងពាណិជ្ជកម្មថៃលោក Panpree Pahitthanukorn កាន់តំណែងជារដ្ឋមន្ត្រីការបរទេសនិងជាឧបនាយករដ្ឋមន្ត្រី។
លោក Suthin ដែលជារដ្ឋមន្ត្រីការពារជាតិថ្មី ត្រូវបានគេរំពឹងថានឹងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ បណ្ដាបស្ចិមប្រទេសបានបដិសេធសំណើរបស់របបដឹកនាំយោធាថៃនៅក្នុងការសុំទិញយុទ្ធោបករណ៍ ហើយនាយឧត្តមសេនីយ៍ថៃបានងាកទៅរករដ្ឋាភិបាលចិន។
នៅក្នុងឆ្នាំ ២០១៥ ប្រទេសថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទិញសព្វាវុធកងទ័ពជើងទឹករបស់ចិន។ នៅឆ្នាំ ២០១៧ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកដើម្បីទិញនាវាមុជទឹក ៣ គ្រឿង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរី។
បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩ របស់ប្រទេសថៃ សហរដ្ឋអាមេរិកបានដឹកនាំកិច្ចប្រឹងប្រែងក្នុងចំណោមក្រុមបស្ចិមប្រទេសដើម្បីធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញជាមួយនឹងប្រទេសថៃ បើទោះបីជាលោក Prayuth បន្តការដឹកនាំដែលមានឥទ្ធិពលយោធាក៏ដោយ។
នៅខែសីហា ឆ្នាំ ២០១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ទៅឱ្យប្រទេសថៃនូវរថយន្តដឹកជញ្ជូនទ័ព Stryker ចំនួន ៦០ គ្រឿងជាមួយនឹងឧបករណ៍និងសម្ភារជំនួយផ្សេងទៀត ដែលមានតម្លៃប្រមាណ ១៧៥ លានដុល្លារ និងក្រោយមកទៀត លក់ឧទ្ធម្ភាគចក្រឈ្លបយកការណ៍ចំនួន ៨ គ្រឿងក្នុងខែកញ្ញា ដែលមានទឹកប្រាក់ ១៣៧,១៧ លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់លោក Murray Hiebert ដែលជាសមាជិកជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាកិច្ចការយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក Panpree ដែលជាអ្នកបច្ចេកទេសផ្តោតលើអាជីវកម្ម បានប្រាប់កាសែត Thairath របស់ថៃកាលពីខែមីនាថា គោលនយោបាយការបរទេសរបស់គណបក្ស Pheu Thai នឹងផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដោយប្រើបច្ចេកវិទ្យាព័ត៌មានសម្រាប់បង្កើតទំនិញនិងសេវាកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បង្កើនការចរចាពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។
កាលពីថ្ងៃទី ១១ ខែកញ្ញា លោក Srettha ដែលថ្លែងអំពីការស្តារសេដ្ឋកិច្ចថៃដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានប្តេជ្ញានៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោកដែលថ្លែងទៅកាន់សភាថា លោកនឹងចាត់វិធានការឱ្យបានឆាប់ដើម្បីលុបបំបាត់បញ្ហាសេដ្ឋកិច្ចរបស់ប្រទេស។
ការវិនិយោគរបស់ចិន
លោក Raymond ដែលជាគ្រូជំនាញនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បានរំពឹងថា រដ្ឋាភិបាលថ្មីរបស់ថៃនេះនឹងគាំទ្រការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងគម្រោងដែលមានស្រាប់ដូចជាគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា (Eastern Economic Corridor) និងគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា 5G ជាដើម។
ច្រករបៀងសេដ្ឋកិច្ចនេះមាននៅខេត្ត Rayong ខេត្ត Chonburi និងខេត្ត Chachoengsao ហើយប្រទេសចិនបានធ្វើការវិនិយោគលើស ១០% នៃការវិនិយោគបរទេសសរុបរបស់គម្រោងនេះចាប់ពីឆ្នាំ ២០១៨ ដល់ត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua។
ក្រុមហ៊ុនចិនដូចជា Huawei និង ZTE Corporation កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនទូរគមនាគមន៍ថៃក្នុងការប្រើប្រាស់សេវាបច្ចេកវិទ្យា 5G នៅក្នុងឧស្សាហកម្មផ្សេងៗ ក៏ដូចជាការបើកដំណើរការមជ្ឈមណ្ឌល 5G នៅក្នុងប្រទេសថៃផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Bangkok Post។
លោក Raymond បានកត់សម្គាល់ថា៖ «ជាទូទៅ គណបក្ស Pheu Thai បានគាំទ្រដល់ការបង្កើនសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសចិន»។
បើយោងតាមក្រុមប្រឹក្សាវិនិយោគថៃ (Board of Investment of Thailand) ប្រទេសចិនកាលពីឆ្នាំមុនបានវិនិយោគទឹកប្រាក់ចំនួន ២,៣ ពាន់លានដុល្លារនៅក្នុងប្រទេសថៃតាមរយៈឧស្សាហកម្មដូចជាអេឡិចត្រូនិក រថយន្ត និងមជ្ឈមណ្ឌលទិន្នន័យ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាមេរិកបានវិនិយោគទឹកប្រាក់ចំនួន ១,៨ ពាន់លានដុល្លារនៅក្នុងប្រទេសថៃតាមរយៈគម្រោងចំនួន ៣៣។
លោក Zawacki ក៏បានថ្លែងផងដែរថា រដ្ឋាភិបាលថ្មីរបស់ថៃអាចនឹងផ្តល់អាទិភាពបន្ថែមទៀតដល់គម្រោងផ្លូវរថភ្លើងល្បឿនលឿនដែលបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០១០ ជាមួយនឹងកិច្ចព្រមព្រៀងសាងសង់ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលចិននៅក្នុងឆ្នាំ ២០១៤។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា គម្រោងនេះនឹងតភ្ជាប់ទីក្រុងបាងកកក្នុងប្រទេសថៃជាមួយទីក្រុង Kunming ក្នុងប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវ ហើយត្រូវចំណាយទឹកប្រាក់ចំនួន ៥,៤ ពាន់លានដុល្លារ។
ការវិវឌ្ឍមានភាពយឺតយ៉ាវ។ គិតត្រឹមពេលនេះ មានកិច្ចសន្យាសាងសង់ដែលមានទឹកប្រាក់ត្រឹមតែ ៥ ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់ផ្នែកដែលតភ្ជាប់ទីក្រុងបាងកកជាមួយខេត្ត Korat ដែលជាខេត្តដ៏ធំជាងគេបំផុតនៅភាគឦសានប្រទេសថៃ។ ខ្សែរថភ្លើងនេះគឺជាផ្នែកមួយនៃគម្រោងដែលនឹងភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនក្នុងប្រទេសថៃជាមួយនឹងខ្សែរថភ្លើងក្នុងប្រទេសឡាវ ដែលជាគន្លឹះនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (BRI) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Zawacki បានថ្លែងថា៖ «ដោយសារទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់គណបក្ស Pheu Thai ជាមួយប្រទេសចិន បំណងប្រាថ្នារបស់គណបក្សនេះនៅក្នុងការធ្វើឱ្យរដ្ឋាភិបាលរបស់ខ្លួនខុសប្លែកពីអតីតរដ្ឋាភិបាលរបស់លោក Prayuth និងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅភាគឦសានប្រទេសថៃដែលនៅតែរឹងមាំដោយគ្រាន់តែត្រូវការការពង្រឹងបន្ថែមនោះ គេមានហេតុផលជឿជាក់ថារដ្ឋាភិបាលថ្មីនេះនឹងផ្តល់អាទិភាពដល់គម្រោងផ្លូវដែកមួយនេះកាន់តែខ្លាំងជាងមុន»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP។