ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃប្រកាសស្ថានភាពក្នុងគ្រាអាសន្ន


រូបឯកសារ៖ មន្រ្តីយោធាថៃធ្វើការបាញ់សម្អាតនៅកន្លែងរង់ចាំរថយន្តក្រុងមួយនៅក្រុងបាងកក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ មន្រ្តីយោធាថៃធ្វើការបាញ់សម្អាតនៅកន្លែងរង់ចាំរថយន្តក្រុងមួយនៅក្រុងបាងកក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាលថៃបានប្រកាសផែនការស្ថានភាពក្នុងគ្រាអាសន្នកាលពីថ្ងៃអង្គារម្សិលមិញដោយចាត់វិធានការកាន់តែតឹងតែងខ្លាំងឡើងដើម្បីត្រួតត្រាការផ្ទុះឡើងនូវមេរោគកូរ៉ូណាដែលបានឆ្លងមនុស្សរាប់រយនាក់នៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសការសម្រេចនេះនៅក្នុងសុន្ទរកថាដ៏ខ្លីមួយនៅតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ ដោយនិយាយថា ស្ថានភាពអាសន្នរយៈពេលមួយខែនឹងចូលជាធរមាននៅថ្ងៃព្រហស្បត៍ស្អែកនេះ។

ចំណាត់ការនេះនឹងផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចដែលជាធម្មតាមានគ្រប់គ្រាន់ រួមទាំងការអនុវត្តបម្រាមគោលចរណ៍ការត្រួតពិនិត្យបណ្តាញព័ត៌មាន ការបំបែកការប្រមូលផ្តុំ និងអនុញ្ញាតឲ្យដាក់ពង្រាយកងកម្លាំងយោធាដើម្បីអនុវត្តវិធានការនេះ។

លោកប្រាយុទ្ធបានជំរុញឲ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ហើយបានព្រមានពលរដ្ឋពីការប្រើប្រាស់បណ្តាញព័ត៌មានសង្គមមិនត្រឹមត្រូវដោយនិយាយថា ឥឡូវនេះ នឹងមានការអនុវត្តកាន់តឹងតែងឡើងប្រឆាំងនឹងអ្នករំលោភច្បាប់។

ថៃក៏បានបញ្ជាក់កាលពីថ្ងៃអង្គារដែរថា មានការឆ្លងមេរោគកូរ៉ូណាថ្មីចំនួន១០៦ករណី ដោយធ្វើឲ្យមានចំនួនសរុបទាំងអស់៨២៧ករណី។ ៤ករណីនៃករណីថ្មីទាំងនោះគឺ បុគ្គលិកសុខាភិបាល។មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់៣នាក់ដែលធ្វើឲ្យមានមនុស្សស្លាប់ទាំងអស់៤នាក់នៅក្នុងប្រទេសថៃ។

រដ្ឋាភិបាលរបស់លោកប្រាយុទ្ធបានរងការរឹះគន់ពីការខកខានមិនបានចាត់វិធានការខ្លាំងៗដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ទោះបីមានការកើនឡើងនូវការឆ្លងជារៀងរាល់ថ្ងៃពីចំនួនលេខមួយខ្ទង់កាលពីខែកុម្ភៈទៅដល់រាប់រយនាក់ក្នុងមួយសប្តាហ៍កន្លងមកនេះ៕

XS
SM
MD
LG