រដ្ឋាភិបាលថៃកំពុងពិចារណាអនុម័តច្បាប់មួយ ដែលមានគោលបំណងចាត់ទុកការធ្វើទារុណកម្ម និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗជាអំពើឧក្រិដ្ឋ។
សេចក្ដីព្រាងច្បាប់នេះ ដែលនឹងដាក់ជូនរដ្ឋសភាជាតិអនុម័ត បានកំណត់នូវទោសទណ្ឌជាច្រើន ដែលក្នុងនោះមានដូចជា ទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ សម្រាប់មន្ត្រីរដ្ឋរូបណា ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើទារុណកម្ម ទោសជាប់ពន្ធនាគារចំនួន ៣០ ឆ្នាំ ប្រសិនបើអំពើទារុណកម្មនោះបណ្ដាលឲ្យជនរងគ្រោះមានរបួសធ្ងន់ធ្ងរ និងទោសជាប់ពន្ធនាគារមួយជីវិតប្រសិនបើជនរងគ្រោះស្លាប់។
ប្រទេសថៃបានប្រឈមនឹងការរិះគន់ជាច្រើនពាក់ព័ន្ធនឹងច្បាប់សិទ្ធិមនុស្ស និងការការពារសិទ្ធិមនុស្ស។ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើការបាត់ខ្លួនដោយបង្ខំ បានបញ្ជាក់ថា កន្លងមក មានជោគជ័យតែបន្តិចបន្តួចតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងការដាក់ទោសទណ្ឌចំពោះករណីបាត់ខ្លួនដោយបង្ខំនេះ។
ក្រុមការងារអង្គការសហប្រជាជាតិដែលផ្ដោតលើការបាត់ខ្លួនដោយបង្ខំ ឬដោយការមិនស្ម័គ្រចិត្ត បានកត់ត្រាថា មានការបាត់ខ្លួនដោយបង្ខំចំនួន ៨២ ករណី នៅក្នុងប្រទេសថៃ ចាប់ពីឆ្នាំ ១៩៨០ មក។
តុលាការបានបរាជ័យជាបន្តបន្ទាន់ នៅក្នុងការដោះស្រាយជាមួយនឹងករណីបាត់ខ្លួនដោយបង្ខំនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Angkhana Neelapaichit ដែលប្ដីរបស់អ្នកស្រីឈ្មោះ Somchai Neelapaichit ដែលជាមេធាវីការពារសិទ្ធិមនុស្សកាន់សាសនាឥស្លាម បានបាត់ខ្លួនកាលពីខែមីនា ឆ្នាំ ២០០៤៕