សវនាការកាត់ក្តីទៅលើបុរស២នាក់ដែលត្រូវបានគេចោទប្រកាន់ថាបានបោកគ្រាប់បែកកាលពីខែសីហា ឆ្នាំ២០១៥ នៅឯទីសក្ការៈបូជាមួយកន្លែងក្នុងប្រទេសថៃបានចាប់ផ្តើមនៅថ្ងៃអង្គារនេះបន្ទាប់ពីត្រូវបានពន្យារពេល ដោយសារតែមានជម្លោះអំពីអ្នកបកប្រែដែលត្រូវបានផ្តល់ដល់ចុងចោទ។
ចុងចោទឈ្មោះ Bilal Mohammed និង Mieraili Yusufu ប្រឈមនឹងការចោទប្រកាន់ចំនួន១០ករណី ដោយរួមបញ្ចូលទាំងការចោទប្រកាន់ពីបទឃាតកម្មនិងការកាន់កាប់អាវុធជាតិផ្ទុះដោយខុសច្បាប់ផងដែរ។ ការចោទប្រកាន់ទាំងនេះជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះគ្រាប់បែកនៅឯទីសក្ការៈបូជា Erawan ក្នុងទីក្រុងបាងកក ដែលបានសម្លាប់មនុស្សអស់ចំនួន២០នាក់។ ប៉ុន្តែពួកគេទាំង២នាក់បដិសេធមិនព្រមទទួលយកការចោទប្រកាន់ទាំងនេះនោះទេ។
ចុងចោទទាំង២នាក់គឺជាជនជាតិភាគតិចចិន អ៊ីហ្គឺ ប៉ុន្តែបានបដិសេធមិនព្រមទទួលយកអ្នកបកប្រែ២នាក់ដែលស្ថានទូតចិនបានផ្តល់ឲ្យនោះទេ ដោយពួកគេបាននិយាយថា មូលហេតុគឺចិនមិនគោរពជនជាតិភាគតិច អ៊ីហ្គឺ នោះទេ។ ប៉ុន្តេតុលាការបានច្រានចោលក្តីបារម្ភនេះ៕