តុលាការសហព័ន្ធមួយនៅក្នុងសហរដ្ឋអាមេរិកបានសម្រេចថា ពាក្យបណ្តឹងរបស់ជនរងគ្រោះកម្ពុជាដែលប្តឹងក្រុមហ៊ុនគ្រឿងសមុទ្រអាមេរិកាំងនិងថៃ គឺជាករណីជួញដូរមនុស្ស និងស្ថិតក្រោមយុត្ថាធិការរបស់ខ្លួន ដោយច្រានចោលបណ្តឹងជំទាស់របស់ភាគីក្រុមហ៊ុន។
លោកចៅក្រម John F. Walter នៃតុលាការតំបន់ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចកាលពីថ្ងៃពុធ ដោយបញ្ជាឱ្យដំណើរការរឿងក្តីនេះតទៅទៀតដោយផ្អែកលើច្បាប់ការអនុញ្ញាតឡើងវិញឱ្យការពារជនរងគ្រោះដោយសារការជួញដូរ។
ក្រុមមេធាវីអាមេរិកាំងនៃក្រុមហ៊ុន Cohen Milstein Sellers & Toll PLLC ដែលតំណាងឱ្យជនរងគ្រោះខ្មែរចំនួន៧នាក់ ដែលមានបុរសប្រាំនាក់ និងស្ត្រីពីរនាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិកាំងគឺក្រុមហ៊ុន Rubicon Resources និងក្រុមហ៊ុន Wale& Co. Universe, Ltd. និងក្រុមហ៊ុនថៃ Phatthana Seafood Co., Ltd និងក្រុមហ៊ុន S.S. Frozen Food Co., Ltd កាលពីថ្ងៃទី១៥ខែមិថុនាកន្លងទៅ។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា ជនរងគ្រោះទាំងនោះត្រូវបានក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុកមកបញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រថៃPhatthana Seafood Co. Ltd. ចន្លោះពីឆ្នាំ២០១០ដល់២០១២ ហើយបានប្រឈមមុខនឹងការបង្ខំឱ្យធ្វើការងារលើសកម្លាំង អំពើទាសភាព និងការធ្វើការដើម្បីសងបំណុលថៅកែ។
ក្រុមមេធាវីអាមេរិកាំងដែលតំណាងឱ្យជនរងគ្រោះទាំងនេះចោទថា ក្រុមហ៊ុនបានធ្វើខុសនឹងច្បាប់ស្តីពីការអនុញ្ញាតឡើងវិញឱ្យការពារជនរងគ្រោះ ដោយសារការជួញដូរនិងច្បាប់លក្ខន្តិកៈកំហុសរដ្ឋប្បវេណីនៅបរទេស។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ក្រុមមេធាវីតំណាងក្រុមហ៊ុនបានប្តឹងជំទាស់ដោយអះអាងថា មេធាវីរបស់ជនរងគ្រោះមិនបានផ្តល់មូលដ្ឋានគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការអះអាងថា តុលាការនេះមានយុត្ថាធិការលើសំណុំរឿងនេះតាមច្បាប់ស្តីពីការអនុញ្ញាតឡើងវិញឱ្យការពារជនរងគ្រោះ ដោយសារការជួញដូរទេដោយផ្តល់អំណះអំណាងថា ការប្រព្រឹត្តល្មើសមិនគ្រប់លក្ខណៈតាមច្បាប់នេះឡើយ ។ ហើយថាការទាមទាររបស់ជនរងគ្រោះដែលចោទពីការប្រព្រឹត្តល្មើសនឹងច្បាប់លក្ខន្តិកៈកំហុសរដ្ឋប្បវេណីនៅបរទេសក៏មិនមានមូលដ្ឋានច្បាស់លាស់ដែរ។
ប៉ុន្តែក្រុមមេធាវីការពារជនរងគ្រោះបានប្តឹងជំទាស់វិញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ថា ការទាមទាររបស់ពួកគេ និងបទល្មើសមានលក្ខណៈគ្រប់គ្រាន់តាមច្បាប់របស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីសម្រេចដែល VOA ខេមរភាសាទទួលបាននៅថ្ងៃសុក្រនេះ លោកចៅក្រម John F. Walter បានសម្រេចថា៖
«ដោយផ្អែកលើហេតុផលដែលបានលើកឡើងតុលាការសម្រេចបដិសេធចោលការប្តឹងជំទាស់ខ្លះរបស់ចុងចម្លើយ និងផ្តល់ជូនតាមការជំទាស់ខ្លះ។ បដិសេធចោលការប្តឹងជំទាស់របស់ចុងចម្លើយពាក់ព័ន្ធនឹងការទាមទាររបស់ដើមបណ្តឹងដោយផ្អែកលើច្បាប់ស្តីពីការអនុញ្ញាតឡើងវិញឱ្យការពារជនរងគ្រោះដោយសារការជួញដូរ និងយល់ព្រមតាមការជំទាស់របស់ចុងចម្លើយ ដែលជំទាស់នឹងការទាមទាររបស់ដើមបណ្តឹងលើច្បាប់លក្ខន្តិកៈកំហុសរដ្ឋប្បវេណីនៅបរទេស ដោយមិនឱ្យមានការតវ៉ាអ្វីទៀត»។
ក្រុមមេធាវីជនរងគ្រោះបានស្វាគមន៍សេចក្តីសម្រេចចិត្តនេះថា ជាដំណឹងល្អមួយព្រោះតុលាការរកឃើញថា វាជាការជួញដូរមនុស្សគឺមិនមែនជាករណីទំនាស់ការងារដូចមេធាវីចុងចម្លើយអះអាងទេ។
លោកស្រី Agnieszka Fryszman មេធាវីតំណាងឱ្យជនរងគ្រោះកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិកត្រូនិកថា៖
«យើងសប្បាយចិត្តខ្លាំងណាស់ហើយរំពឹងថា នឹងបង្ហាញភស្តុតាងថែមទៀតក្នុងពេលសវនាការ។ ការសម្រេចចិត្តនេះល្អខ្លាំងណាស់»។
ច្បាប់របស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យជនរងគ្រោះពីការជួញដូរមនុស្សនៅក្រៅសហរដ្ឋអាមេរិកដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនដែលមានទំនាក់ទំនងពាណិជ្ជកម្ម ឬស្នាក់ការនៅសហរដ្ឋអាមេរិក។ ច្បាប់ប្រឆាំងការជួញដូរនេះចែងថា៖
«ជនណាដែលជាជនរងគ្រោះពីការរំលោភច្បាប់នេះអាចដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីនៅតុលាការប្រចាំតំបន់មួយណា ដែលសមស្របរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងជនល្មើសបាន ឬក៏ប្តឹងជនណាក៏ដោយដែលបានទទួលផលផ្នែកហិរញ្ញវត្ថុ ឬដោយទទួលអ្វីក៏ដោយ ដែលមានតម្លៃតាមរយៈការចូលរួមពាក់ព័ន្ធក្នុងសកម្មភាពដែលរំលោភដល់ច្បាប់នេះ ហើយអាចទទួលបានសំណងខូចខាត និងតម្លៃមេធាវីការពារក្តីតាមសមស្រប»។
ច្បាប់នេះមានយុត្ថាធិការលើជនល្មើសដែលជាពលរដ្ឋអាមេរិកាំង និងថែមទាំងលើជនជាតិណាក៏ដោយ ដែលមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក។
លោកមឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស(Central)បានស្វាគមន៍ការសម្រេចនេះ៖
«តាមពិតទៅ វាជាជំហានមួយវិជ្ជមាន ឬយើងអាចនិយាយបានថា វាជាជោគជ័យមួយដ៏សំខាន់ ជាដំណាក់កាលទីមួយដែលតុលាការអាមេរិកបានបញ្ជាក់ហើយថា តុលាការមានយុត្ថាធិការទៅលើរឿងក្តីហ្នឹង។ អីចឹងសម្រាប់ជនរងគ្រោះវិញ គឺជាពន្លឺនៃយុត្តិធម៌របស់គាត់ បើទោះជាមិនទាន់មានព័ត៌មានជាផ្លូវការនូវសំណងដែលគាត់ទាមទារថា តើក្រុមហ៊ុនព្រមឱ្យតាមការទាមទាររបស់ជនរងគ្រោះយ៉ាងម៉េចក៏ដោយប៉ុន្តែវាជាជំហានដំណាក់កាលដំបូង ដែលឈានទៅរកយុត្តិធម៌មួយសម្រាប់ជនរងគ្រោះដែលគាត់រង់ចាំតាំងពីឆ្នាំ២០១២មក»។
ក្រុមការងាររបស់លោកមឿន តុលា តែងតែផ្តល់ព័ត៌មានដល់ជនរងគ្រោះជាប្រចាំពីការវិវត្តន៍នៃដំណើរការរឿងក្តីនេះ។ លោកថា ជនរងគ្រោះខ្លះនៅតែមានជំងឺដែលជាលទ្ធផលនៃការធ្វើការធ្ងន់ធ្ងរនៅប្រទេសថៃ។
មេធាវីចុងចម្លើយមិនបានឆ្លើយតបតាមការស្នើសុំអត្ថាធិប្បាយរបស់ VOA នៅឡើយទេ។
ក្នុងពេលកន្លងមក មានបណ្តឹងយ៉ាងហោចណាស់ចំនួនបីពាក់ព័ន្ធនឹងប្រទេសកម្ពុជាដែលបានប្តឹងនៅតុលាការសហរដ្ឋអាមេរិក ក្នុងនោះមានបណ្តឹងប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធនឹងការគប់គ្រាប់បែកលើបាតុករគណបក្សប្រឆាំងនៅមុខរដ្ឋសភាជាតិ បណ្តឹងប្រឆាំងនឹងលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការធ្វើបាបពលរដ្ឋខ្មែរអាមេរិកាំង និងបណ្តឹងរបស់ពលរដ្ឋខ្មែរពាក់ព័ន្ធនឹងក្រុមហ៊ុនអាមេរិកាំងនិងថៃ ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគេ៕