តុលាការមួយក្នុងប្រទេសថៃនៅថ្ងៃពុធនេះបានដកតំណែងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ចំពោះការបំពានក្រមសីលធម៌។ ការណ៍នេះកាន់តែបង្កឱ្យមានការរង្គោះរង្គើដល់នយោបាយរបស់ប្រទេសថៃបន្ទាប់ពីការរំលាយគណបក្សប្រឆាំងធំដោយតុលាការកាលពីមួយសប្ដាហ៍មុននេះ។
ករណីដែលតុលាការធម្មនុញ្ញបានវិនិច្ឆ័យទោស លោក Srettha ជាប់ពាក់ព័ន្ធនឹងការតែងតាំងសមាជិកខុទ្ទកាល័យរបស់លោកម្នាក់ដែលត្រូវបានដាក់ពន្ធនាគារពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការម្នាក់។
តុលាការបានបោះឆ្នោតសម្រេច ៥ ទល់នឹង ៤ ចំពោះករណីរបស់ លោក Srettha។
ខុទ្ទកាល័យនឹងបន្តគ្រប់គ្រងកិច្ចការទូទៅរហូតដល់សភាអនុម័តនាយករដ្ឋមន្ត្រីថ្មី។ មិនមានពេលវេលាកំណត់សម្រាប់សភាដើម្បីបំពេញមុខតំណែងនេះទេ។
លោក Srettha បានតែងតាំង លោក Pichit Chuenban ជារដ្ឋមន្ត្រីមួយរូបនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីខែមេសា។ លោក Pichit ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ខែក្នុងឆ្នាំ ២០០៨ ពីបទមើលងាយការចោទប្រកាន់របស់តុលាការ បន្ទាប់ពីលោកបានព្យាយាមសូកប៉ាន់ចៅក្រមនូវទឹកប្រាក់ចំនួន ៥៥.០០០ ដុល្លារដាក់ក្នុងកាបូបគ្រឿងទេសមួយទាក់ទិននឹងករណីដែលពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ។
លោក Pichit បានលាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកឡើងកាន់តំណែង នៅពេលដែលមានបញ្ហាចម្រូងចម្រាសទាក់ទិននឹងឧប្បត្តិហេតុដែលបានកើតឡើង។
តុលាការបានឱ្យដឹងថា ថ្វីត្បិតតែលោកPichit បានជាប់ពន្ធនាគារក៏ពិតមែន ប៉ុន្តែតុលាការកំពូលបានចេញសាលក្រមថា អាកប្បកិរិយារបស់លោកគឺមិនស្មោះត្រង់។
តុលាការសម្រេចថា លោក Srettha ក្នុងនាមជានាយករដ្ឋមន្ត្រី មានការទទួលខុសត្រូវតែម្នាក់គត់ក្នុងការពិនិត្យមើលលក្ខណៈសម្បត្តិនៃការតែងតាំងគណៈរដ្ឋមន្ត្រីរបស់ខ្លួន។ តុលាការនេះបានឱ្យដឹងទៀតថា លោក Srettha បានដឹងពីអតីតកាលរបស់ លោក Pichit ប៉ុន្តែលោកនៅតែតែងតាំងលោក Pichit ទៀត ហេតុដូច្នេះហើយតុលាការសម្រេចថាលោកបានបំពានក្រមសីលធម៌៕