ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin ថា ការសុំ​លើកលែង​ទោស​«អាស្រ័យ​លើ​ខ្លួន​លោក​ផ្ទាល់‍»


រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatra និង​កូន​ស្រី​របស់​លោក​គឺ​អ្នកស្រី Paetongtarn Shinawatra ពេល​លោក​មក​ដល់​អាកាស​យានដ្ឋាន Don Muang ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatra និង​កូន​ស្រី​របស់​លោក​គឺ​អ្នកស្រី Paetongtarn Shinawatra ពេល​លោក​មក​ដល់​អាកាស​យានដ្ឋាន Don Muang ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters បានផ្សាយ​ថា កូនស្រី​របស់អតីត​នាយករដ្ឋមន្ត្រី​ថៃដែល​កំពុង​ជាប់​ពន្ធនាគារ ​លោក​ Thaksin Shinawatra បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា ការស្វែងរក​ការ​លើកលែង​ទោសមួយ​ពី​ព្រះរាជាឱ្យ​ឪពុក​អ្នកស្រី‍​«អាស្រ័យ​លើ​ខ្លួន​លោក‍»​ទាំងស្រុង ហើយ​ដំណើរការ​នេះត្រូវ​ចំណាយ​ពេល​វេលា។

នៅ​ក្នុង​អត្ថាធិប្បាយ​លើក​ដំបូង​របស់អ្នកស្រី​អំពី​ប្រធានបទ​នេះតាំង​ពី​ឪពុកអ្នកស្រី​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ កាល​ពី​សប្ដាហ៍​មុន​ពី​ការ​និរទេសខ្លួន​នៅ​ប្រទេស​ក្រៅ អ្នកស្រី Paetongtarn Shinawatra បាន​ថ្លែង​ថា​ លោក Thaksin ដែល​ត្រូវតែទទួល​ទោស​ជាប់ពន្ធនាគារ​៨ឆ្នាំពី​បទ​រំលោភ​អំណាច​និង​ទំនាស់​ផលប្រយោជន៍ ជាមនុស្សតែ​ម្នាក់​គត់​ដែល​ត្រូវ​ធ្វើ​សំណើសុំ​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់។​

អ្នកស្រី Paetongtarn បាននិយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា៖ «ការ​ព្រាង​សំណើសុំ​លើកលែង​ទោស​ត្រូវ​ចំណាយ​ពេល ​ហើយ​ស្រេច​លើខ្លួន​លោកដែលត្រូវ​ជ្រើសរើស​ពេលវេលា​និង​ធ្វើ​ដំណើរការ»។

អ្នកស្រី Paetongtarn ដែល​ជា​សមាជិកា​ជាន់ខ្ពស់ម្នាក់​នៃ​គណបក្ស Pheu Thai ដឹកនាំ​រដ្ឋាភិបាល​ថ្មី បាន​និយាយដូច្នេះ​មួយ​ថ្ងៃក្រោយពី​អ្នកស្រី​បាន​ទៅ​សួរ​សុខទុក្ខឪពុក​អ្នកស្រី​ក្នុង​មន្ទីរពេទ្យ ហើយ​អ្នក​ស្រី​បាន​ពោល​ថា ​អ្នកស្រីខ្វល់ខ្វាយ​អំពើ​បេះដូងឪពុក​អ្នកស្រី។

លោក Thaksin អាយុ៧៤ឆ្នាំ​ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ប៉ូលិស​នៅ​ក្រុង​បាងកកកាលពី​សប្តាហ៍​មុន​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយលោក​ស្ថិត​នៅ​ក្នុង​ពន្ធនាគារនៅ​យប់​ទី​មួយ ដោយលោក​បាន​ត្អូញត្អែរថា​ ចុក​ទ្រូង​និង​មាន​សម្ពាធ​ឈាម​ខ្ពស់។​

ពួកអ្នក​រិះ​គន់​លោក​បាន​និយាយ​ថា ការសម្រាក​នៅ​មន្ទីរ​ពេទ្យ​នេះជា​កលល្បិច​មួយ​ ហើយ​ទាមទារឱ្យ​មាន​ភ័ស្តុតាង​នៃ​ជំងឺ​របស់​លោក។

ការវិលត្រឡប់​របស់​លោក Thaksin មកប្រទេស​វិញចំ​ពេល​គ្នាដែល​សម្ព័ន្ធមិត្ត​លោក​ គឺ​លោក Srettha Thavisin បានជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រីក្នុង​ការ​បោះឆ្នោត​ក្នុង​សភា​នៅ​ថ្ងៃ​ជាមួយ​គ្នា។
លោក Srettha កំពុងបង្កើតគណៈរដ្ឋមន្ត្រី​សម្រាប់​រដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្ស Pheu Thai ដែល​ជា​មធ្យោបាយ​ខាង​នយោបាយ​របស់​គ្រួសារលោក Thaksin។

មាន​ការ​សង្ស័យ​ខ្លាំង​ថា ​លោក Thaksin ដែល​មាន​ឥទ្ធិពល​ បាន​ព្រមព្រៀងជាមួយ​ពួក​សត្រូវ​លោក​ក្នុង​ក្រុម​យោធា​និង​ស្ថាប័ន​រាជា​និយម​ ដើម្បី​អនុញ្ញាតឱ្យ​លោក​វិលត្រឡប់​មក​ប្រទេស​វិញនិង​អាច​មានការ​ដោះលែង​លោកមុនពេលកំណត់។ លោក​បាន​បដិសេធ​ការណ៍​នេះ​ហើយ។

ក្រុម​មួយ​ប្រឆាំង​នឹង​លោក Thaksin បាន​ដាក់ពាក្យ​តវ៉ា​នៅ​មន្ទីរកែប្រែ​ដើម្បី​រារាំង​លោក Thaksin មិន​ឱ្យសុំ​ការ​លើកលែង​ទោស​ពី​ព្រះរាជា ដោយនិយាយ​បង្ហាញ​ហេតុផល​ថា ករណី​ពុក​រលួយមិន​គួរ​មានការ​លើកលែងទោស​ឡើយ៕

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Ignite
សូម​រង់ចាំ

No media source currently available

0:00 0:01:32 0:00
XS
SM
MD
LG