ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ថៃ​វិល​ត្រឡប់​មក​បាតុកម្ម​តាម​ផ្លូវ ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ


រូបឯកសារ៖ ក្រុមបាតុករ​ដែល​ប្រឈមមុខ​នឹង​ប៉ូលិស បាន​លើក​ម្រាមដៃ​បី​ជា​សញ្ញា​នៃ​ការប្រឆាំង​ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបាតុករ​ដែល​ប្រឈមមុខ​នឹង​ប៉ូលិស បាន​លើក​ម្រាមដៃ​បី​ជា​សញ្ញា​នៃ​ការប្រឆាំង​ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ថៃ​រាប់​រយ​នាក់​ បាន​ចេញ​មក​តាម​ផ្លូវ​នានា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​Pryauth Chan-ocha ​ចុះ​ចេញ​ពី​តំណែង​ និង​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ដែល​នឹង​ទប់ស្កាត់​អំណាច​រាជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ។​ នេះ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

បាតុកម្ម​នេះ​ ដែល​បាន​បំពាន​បម្រាម​ការ​ប្រមូល​ផ្តុំ​សាធារណៈ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ បាន​កើត​មាន​ឡើង​នៅ​ពេលរដ្ឋាភិបាល​របស់​លោក ​Prayuth ​ប្រឈម​ការរិះ​គន់​ជា​សាធារណៈ​ អំពី​ចំណាត់​ការ​ទប់ស្កាត់​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ​សេដ្ឋកិច្ច​រើប​ឡើង​វិញដ៏​យឺតយ៉ាវ ​និង​គោល​នយោបាយ​វ៉ាក់សាំង​ដែល​ទាក់​ទិន​នឹង​ក្រុមហ៊ុន​របស់ព្រះ​មហា​ក្សត្រ​ Maha Vajiralongkorn។​

មេដឹកនាំ​បាតុកម្ម​លោក Jatupat “Pai Daodin” Boonpattararaksa បាន​ប្រាប់​ហ្វូង​មនុស្សនៅ​ក្នុង​រាជធានី​បាងកក​ថា ​«រដ្ឋ​ធម្មនុញ្ញ​ត្រូវតែ​ចេញ​មកពី​ប្រជា​ពលរដ្ឋ»។​

បាតុកម្ម​ ដែល​ដឹកនាំ​ដោយ​យុវជន​កាលពី​ឆ្នាំ​មុន ​បាន​ទាក់ទាញ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ​ក៏ប៉ុន្តែ​បាតុកម្ម​បាន​ជាប់គាំង​ បន្ទាប់ពី​កង​កម្លាំង​សន្តិសុខ​បាន​ចាប់ផ្តើម​បង្ក្រាប​ ​ចាប់​ឃុំខ្លួន​ពួក​មេដឹកនាំ ​ហើយ​បន្ទាប់​មក​ ​រលកថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​បាន​ផ្ទុះ​ឡើង។​

ពួក​បាតុករ​ បាន​រំលោភ​បម្រាម​មិន​ឲ្យ​រិះគន់​ព្រះ​មហា​ក្សត្រ ​និង​អាច​នឹង​ប្រឈម​ការ​កាត់​ទោស​នៅ​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​ដ៏តឹងរ៉ឹង​ ដែលចែង​ថា​ ការ​ប្រមាថ ​ឬ​មាក់ងាយ​ព្រះ​មហា​ក្សត្រ​ ​មហា​ក្សត្រិយានី ​និង​អ្នក​ស្នងរាជ​ អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។ ​ភាគ​ច្រើន​នៃ​មេដឹកនាំ​បាតុកម្ម​បានត្រូវ​ដោះ​លែង​ដោយ​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ការ​ឃុំឃាំង។​

បាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​រួមមាន​អតីត​អ្នក​គាំទ្រ​ខ្លះ​របស់​លោក​ Prayuth ​នោះ ​ធ្វើ​ចំ​ថ្ងៃដែល​ប្រទេស​ថៃ​បាន​ប្រកាស​បញ្ចប់​របប​រាជា​អាជ្ញា​នៅ​ថ្ងៃ​ទី២៤ ​ខែ​មិថុនា​ ឆ្នាំ​១៩៣២៕

XS
SM
MD
LG