ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ​ស្វែងរក​ថវិកា​បន្ថែម​៣.៤០០​លាន​ដុល្លារដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច ខណៈ​សមាជិក​រដ្ឋសភា​ខ្លះ​រិះគន់​ផែនការ​ផ្តល់​ជំនួយ


រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​ថៃ​លោក Srettha Thavisin ឆ្លើយសំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​វិមាន​រាជរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​ថៃ​លោក Srettha Thavisin ឆ្លើយសំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​វិមាន​រាជរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin កាលពី​ថ្ងៃទី ១៧ ខែកក្កដា កន្លង​ទៅ​នេះ បាន​ស្នើថវិកា​បន្ថែម​ចំនួន​ ៣ពាន់​ ៤រយ​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ ២០២៤ សម្រាប់​កម្មវិធី​លើកស្ទួយ​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​លោក ខណៈ​ដែល​សមាជិក​រដ្ឋសភា​បាន​ធ្វើការ​ពិភាក្សា​ដើម្បី​ពិនិត្យ​លើ​គម្រោង​ផ្តល់​ជំនួយ​ដែល​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin បាន​ប្រាប់​សភា​ថៃ​ថា៖ «‍រដ្ឋាភិបាល​ត្រូវការ​ថវិកា​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ដោយ​បង្កើន​ចរន្ត​ប្រាក់​ក្នុង​វិស័យ​ផ្សេងៗ»។

គម្រោង​ដែល​ត្រូវការ​ថវិកា​ចំនួន​ ១៣,៩ ពាន់លាន​ដុល្លារ ​មាន​គោលបំណង​ចាប់​ផ្តើម​លើកស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ចធំ​បំផុត​ទី ២ ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​កាលពី​ឆ្នាំ​មុន សេដ្ឋកិច្ច​បាន​កើន​ឡើង​ត្រឹម​តែ ​១,៩% ប៉ុណ្ណោះ ​ដែល​ចំនួន​នេះ​ធ្វើ​ឱ្យ​ប្រទេស​ថៃមាន​សេដ្ឋកិច្ច​លូតលាស់​តិច​ជាង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​តំបន់។

លោក Srettha បាន​និយាយ​ថា សេដ្ឋកិច្ច​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង ​២,៥% នៅ​ឆ្នាំ​នេះ ហើយ​ការ​ចំណាយ​ថវិកា​បន្ថែម​នឹង​ប្រកាន់​ខ្ជាប់​ទៅ​តាម​វិន័យ​សារពើពន្ធ។

គម្រោង​ផ្តល់​ប្រាក់​ជំនួយ​ដល់​ពលរដ្ឋ​ថៃ​ក្នុង​ម្នាក់​ចំនួន ​១០.០០០​ បាត ​ដល់​ប្រជាពលរដ្ឋ​ថៃ​ចំនួន​ ៥០ លាន​នាក់ ​ដែល​ត្រូវ​ចំណាយ​ប្រាក់​នៅ​ក្នុង​ស្រុក​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ ត្រូវ​បាន​ពន្យារ​ពេល​ដល់​ត្រីមាស​ទី ៤ នៃ​ឆ្នាំនេះ​ ដោយសារតែ​បញ្ហាពាក់ព័ន្ធ​នឹងការស្វែងរក​ប្រភព​មូលនិធិ។

លោក Pichai Chunhavajira រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ ​បាន​ប្រាប់​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​បញ្ហា​ថវិកា​នេះ​ថា៖ «‍សេដ្ឋកិច្ច​ថៃ​ត្រូវការ​ការ​លើក​ស្ទួយ។ បើ​សិន​ជាមិន​ចាត់​វិធានការ​អ្វី​សោះ នោះ​យើង​នឹង​ជួប​ប្រទះ​វិបត្តិ»។

កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា កន្លង​ទៅ​នេះ រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា ខ្លួន​បាន​ទទួល​ការ​យល់​ព្រម​ពី​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ប្រើប្រាស់​ថវិកា​ឆ្នាំ ២០២៤ និង​ឆ្នាំ ២០២៥ សម្រាប់​កម្មវិធី​ដែល​គេ​ហៅ​ថា «កាបូប​ឌីជីថល‍»។ គណៈកម្មាធិការ​នោះ​ក៏​រួមមាន​ទាំង​សមាជិក​នៃ​ធនាគារ​កណ្តាល​ផង​ដែរ​ ដែល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​កម្មវិធី​នេះ ហើយ​បាន​ផ្តល់​អនុសាសន៍​ថា វា​មាន​លក្ខណៈ​តូច​ចង្អៀត និង​ផ្តោត​លើ​ពលរដ្ឋ​ក្រីក្រ។

ផែនការ​លើកស្ទួយ​សេដ្ឋកិច្ច​នេះ​ គឺជា​គោលនយោបាយ​ដ៏​លេចធ្លោ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០២៣ របស់​គណបក្ស Pheu Thai ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃ​នេះ។ ក៏ប៉ុន្តែ គោលនយោបាយ​នោះ​ត្រូវបាន​រិះគន់​ដោយ​សេដ្ឋវិទូ និង​អតីត​ទេសាភិបាល​ធនាគារ​កណ្តាល​ពីរ​រូប​ថា វា​ជា​ហានិភ័យ​ដល់​ផ្នែក​ថវិកា​របស់​រដ្ឋាភិបាល​ប៉ុន្តែរដ្ឋាភិបាល​បាន​ច្រានចោល​ការរិះគន់​នោះ។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រឆាំងអ្នកស្រី Sirikanya Tansakul បាន​ចោទ​សួរ​ថា​ តើ​កម្មវិធី​ផ្តល់​ជំនួយ​ពិតជា​ចាំបាច់​ឬ​ទេ ហើយ​បាន​និយាយ​ទៀត​ថា ការ​រក្សា​មូលនិធិ​នោះ​សម្រាប់​គ្រា​អាសន្ន គឺ​វា​ប្រសើរ​ជាង។

អ្នកស្រី Sirikanya Tansakul បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​បញ្ហា​ថវិកា​នេះ​ថា៖ ​«យើង​បង្កើន​ហានិភ័យ​ផ្នែក​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​ប្រទេស​នេះ។ នៅ​ពេល​នេះ យើង​មិន​បាន​ទុក​ឱកាស​បម្រុងឱ្យ​ខ្លួន​យើង​ដើម្បី​ដោះស្រាយ នៅ​ពេល​មាន​ស្ថានភាព​អាសន្ន​នោះ​ទេ‍»។

ការ​ជជែក​ពិភាក្សា​អំពី​ថវិកា​ក៏​កើត​មាន​ឡើង​ ស្រប​ពេល​ដែល​លោក Srettha ប្រឈម​មុខ​នឹង​សំណុំ​រឿង​តុលាការ​ធម្មនុញ្ញ​ដែល​អាច​នាំ​ឱ្យ​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​រូប​របស់​លោក។ លោក​នាយករដ្ឋមន្ត្រី​បាន​បដិសេធ​ថា លោក​មិន​បាន​ខុស​ទេ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG