អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការរំលាយគណបក្ស ឆ្ពោះទៅមុខ (Move Forward) ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយរបស់ប្រទេសថៃជា«ការរំខានយ៉ាងខ្លាំង»ហើយនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពដ៏សំខាន់មួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
តុលាការធម្មនុញ្ញដែលជាតុលាការកំពូលរបស់ថៃបានបោះឆ្នោតជាឯកច្ឆន្ទកាលពីថ្ងៃពុធដើម្បីរំលាយគណបក្សឆ្ពោះទៅមុខឬ MFP ដែលជាគណបក្សនាំមុខរបស់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់យុវជនក្មេងៗក្នុងប្រទេសថៃហើយបានហាមឃាត់សមាជិកនាយកប្រតិបត្តិរបស់គណបក្សនោះមិនឱ្យចូលរួមសកម្មភាពនយោបាយចំនួន១០ឆ្នាំ។
ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការសម្រេចនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំ និងសិទ្ធិរបស់ពលរដ្ឋនៅក្នុងកិច្ចការសាធារណៈនិងជីវភាពនយោបាយនៅក្នុងប្រទេសថៃ»។
លោកបាននិយាយទៀតថា៖ «មិនមានគណបក្សឬអ្នកនយោបាយណាម្នាក់ត្រូវប្រឈមទណ្ឌកម្មចំពោះការគាំទ្រដោយសន្តិវិធីនូវកំណែទម្រង់ច្បាប់ ជាពិសេសនៅក្នុងការគាំទ្រសិទ្ធិមនុស្ស»។
គណបក្សឆ្ពោះទៅមុខបាននាំមុខគេបង្អស់នៅក្នុងការបោះឆ្នោតសាកលកាលពីឆ្នាំទៅបន្ទាប់ពីបានសន្យាធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ថៃមក។
ដោយហៅចំណាត់ការរបស់តុលាការថា«ជាការរំខានដ៏ខ្លាំងមួយ» លោក Turk បាននិយាយថាយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងនូវក្តីបារម្ភជាយូរយាមកហើយអំពីច្បាប់ប្រមាថព្រះមហាក្សត្ររបស់ថៃ ដោយនិយាយថាច្បាប់ទាំងនេះមិនស្របទៅតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយទេ៕
វេទិកាបញ្ចេញមតិ