ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ​សន្យា​ធ្វើការ​ស៊ើប​អង្កេត​ក្រោយ​ការ​ស្លាប់​របស់​សកម្មជន


រូបថតរបស់សកម្មជនថៃនាង Netiporn Sanesangkhom ត្រូវបានដាក់​តាំង​ក្នុង​ពិធី​បុណ្យសព​របស់​នាង ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
រូបថតរបស់សកម្មជនថៃនាង Netiporn Sanesangkhom ត្រូវបានដាក់​តាំង​ក្នុង​ពិធី​បុណ្យសព​របស់​នាង ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​ទី​ ១៥ ​ខែ​ឧសភា ​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​សកម្មជន​វ័យក្មេង​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ ចំ​ពេល​មាន​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​អំពី​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​នេះ។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP។​

នាង​ Netiporn “Bung” Sanesangkhom ​អាយុ ​២៨​ ឆ្នាំ​ បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃ​ទី ១៤​ ខែ​ឧសភា ​បន្ទាប់ពី​បាន​គាំង​បេះដូង​ ខណៈ​ពេល​ដែល​នាង​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ស្ត្រី​នៅ​ទីក្រុង​បាងកក​ ក្រោម​បទ​ចោទ​ប្រកាន់​ដែល​រួម​បញ្ចូល​ការ​ប្រមាថ​ព្រះ​មហាក្សត្រ។ ​នាង​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​តវ៉ា​នឹង​ការដកវិញ​នូវ​ការ​ទទួល​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ក្នុង​ខែ​មករា។​

ការ​ស្លាប់​របស់​នាង​បាន​ជំរុញ​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ដំណើរការ​តុលាការ​ដែល​បើក​ផ្លូវ​ឱ្យ​ឃុំ​ខ្លួន​ រយៈ​ពេល​បន្ត​មុន​ពេល​សវនាការ សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​បណ្តាល​មកពី​ហេតុផល​នយោបាយ​ និង​បទ​ឧក្រិដ្ឋ​អហិង្សា។​

នាយករដ្ឋមន្រ្តី​លោក​ Srettha Thavisin ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ការ​ស្លាប់​របស់​នាង​ Netiporn​ គឺ​ជា​ការ​បាត់បង់​ដែល​គ្មាន​នរណា​ម្នាក់​ចង់​បាន​ ហើយ​បាន​និយាយ​ថា​ លោក​បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ស៊ើប​អង្កេត។​

មន្ត្រី​មក​ពី​នាយកដ្ឋាន​អប់រំ​កែប្រែ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ១៥​ ខែ​ឧសភា​ថា ​ខណៈនាង​ Netiporn​ ហាក់​ដូច​ជា​អស់​កម្លាំង​ បន្ទាប់ពី​កូដកម្ម​អត់​អាហារ​យូរ​នោះ​ ​នាង​បាន​ធូរ​ស្បើយ​ ហើយ​មិន​មាន​សញ្ញាដែល​ថា​ នាង​នឹង​វិវត្ត​ទៅ​ជា​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ​ ហើយ​ថា​ ពួកគេ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ព្យាយាម​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង។​

ពួកគេ​ក៏​បាន​និយាយ​ផង​ដែរ​ថា ​សកម្មជន​រូប​នេះ​បាន​ចាប់​ផ្តើម​បរិភោគ​អាហារ​វិញ​ហើយ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ទទួល​យក​អាហារ​បំប៉ន​ផ្សេង​ទៀត​ដែល​អាច​ជួយ​ឱ្យ​រាងកាយ​របស់​នាង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​ប្រសើរ​ជាង​មុន​ឡើយ​ បន្ទាប់ពី​អត់​អាហារ​អស់​រយៈ​ពេល​យ៉ាង​យូរ។​ ពួកគេ​បាន​បដិសេធ​មិន​ធ្វើ​ការ​សន្និដ្ឋាន​អំពី​មូលហេតុ​ដែល​អាច​បណ្ដាល​ឱ្យ​ស្លាប់​នោះ​ទេ ​ រហូត​ដល់​ទទួល​បាន​លទ្ធផល​ការ​ធ្វើ​កោសល្យវិច័យ។​

នាង​ Netiporn ​គឺ​ជា​សមាជិក​នៃ​ក្រុម​សកម្មជន​ Thaluwang ​ដែល​មាន​ន័យ​ថា​ «ទម្លាយ​រាជវាំង»។ ​សមាជិក​របស់​ក្រុម​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ធ្វើ​យុទ្ធនាការ​ដ៏​គឃ្លើន​ទាមទារ​កំណែ​ទម្រង់​រាជាធិបតេយ្យ ​និង​លុប​បំបាត់​ច្បាប់​ដាក់​ទោស​ ការ​ប្រមាថ​សមាជិក​រាជវង្ស។​

រហូត​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​រិះគន់​រាជាធិបតេយ្យ​របស់​ប្រទេស​ថៃ​ត្រូវ​បាន​ហាម ​ហើយ​ការ​ប្រមាថ​ ឬ​បង្ខូច​កេរ្តិ៍​ឈ្មោះ​សមាជិក​រាជវង្ស​សំខាន់ៗ​ នៅ​តែ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​ ១៥ ​ឆ្នាំ ​តាម​មាត្រា ១១២ ​នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។​

ប៉ុន្តែ​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​និស្សិត​បាន​ចាប់​ផ្តើម​ប្រឆាំង​នឹង​បម្រាម​នោះ​ក្នុង​ឆ្នាំ ២០២០ ​ដោយ​រិះគន់​របប​រាជានិយម​ដោយ​ចំហ។​ បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​កាត់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​ ក្រោម​ច្បាប់​ដែល​ប្រើ​តិចតួច​កាល​ពី​មុន។​ អ្នក​រិះគន់​និយាយ​ថា ​ច្បាប់​នេះ​ច្រើន​តែ​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ដើម្បី​បំបាត់​ការ​ប្រឆាំង​ខាង​នយោបាយ។​

នាង​ Netiporn ​គឺ​ជា​សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្ម​ជន​ជាង ២៧0 ​នាក់​ ដែល​ភាគច្រើន​ជា​និស្សិត​សាកលវិទ្យាល័យ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​ បន្ទាប់ពី​មាន​ការ​តវ៉ា​ទាំង​នោះ។​ អ្នក​គាំទ្រ​ពួកគេ​និយាយ​ថា ​អាជ្ញាធរ​បាន​រំលោភ​សិទ្ធិ​របស់​ពួកគេ​ ដោយ​ឃុំ​ខ្លួន​ពួក​គេ​យូរ​ ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ និង​បដិសេធ​ការ​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ។​

នាង ​Netiporn ​ត្រូវ​បាន​ឃុំខ្លួន​ជា​លើក​ដំបូង​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០២២​ ហើយ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ខែ​សីហា​ ឆ្នាំ​ ២០២២​ បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម​អត់​អាហារ​លើក​មុន។ ​នាង​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ជាថ្មី​កាល​ពី​ខែ​មករា​ ដោយ​សារ​បាន​បំពាន​លក្ខខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ​ ​ដោយ​នាង​បាន​ចូល​រួម​ក្នុង​បាតុកម្ម​នយោបាយ​ក្នុង​ឆ្នាំ​ ២០២៣។​

នាង​ Netiporn​ បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដែល​ផ្តើម​ចេញ​ពី​សកម្មភាព​នយោបាយ​ រួម​ទាំង​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។​ បទ​ចោទ​ទាំង​ពីរ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្ទង់​មតិ​នៅ​ទី​សាធារណៈ​ក្នុង​ឆ្នាំ​ ២០២២ ​ដើម្បី​សួរ​យោបល់​ប្រជាជន​អំពី​ព្រះ​រាជវង្សានុវង្ស។ ​នេះ​បើ​តាម​ក្រុម​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស។​

ក្រុម​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​ពួកគេ​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន ​៤៥ ​ដង​សម្រាប់​អ្នក​ទោស​នយោបាយ​ចំនួន​ ២៧​ នាក់​ ចាប់ពី​ខែ​មករា​ដល់​ខែ​មេសា។ ​ក្រុម​នេះ​និយាយ​ថា ​សំណើ​ទាំង​នោះ​មិន​ត្រូវ​អនុញ្ញាត​ឡើយ។​

សកម្មជន​ម្នាក់​ទៀត​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ជា​ច្រើន​ករណី​ ​ហើយ​ត្រូវ​បាន​ឃុំឃាំង​ច្រើន​លើក​គឺ​អ្នកស្រី​ Panusaya “Rung” Sitthijirawattanakul​ បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​របស់​លោក Srettha​ ដែល​បាន​ចូល​កាន់​តំណែង​កាលពី​ខែ​សីហា​ បន្ទាប់ពី​ការ​បោះឆ្នោត​ដែល​បាន​បញ្ចប់​ការ​គ្រប់គ្រង​របស់​យោធា​ជិត​មួយ​ទសវត្សរ៍។​

នៅ​ពិធី​អុជ​ទៀន​សម្រាប់​ព្រលឹង​នាង​ Netiporn ​កាលពីយប់​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា ​អ្នកស្រី​ Panusaya ​និយាយ​ថា​៖ «មុន​ការ​បោះឆ្នោត​ ពួកគេ​បាន​និយាយ​ថា ​បន្ទាប់ពី​ពួក​គេ​បាន​ក្លាយ​ជា​រដ្ឋាភិបាល​ ពួកគេ​សន្យា​ថា​ពួក​គេនឹង​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទោស​នយោបាយ​ ហើយ​ពួកគេ​នឹង​កែប្រែ​មាត្រា ​១១២​ ​ប៉ុន្តែ​វា​មិន​ដែល​ក្លាយ​ជា​ការ​ពិត​ទេ»។

នៅ​ពេល​សួរ​អំពី​ការ​អំពាវនាវ​ច្រើន​ឡើងៗ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​វ័យ​ក្មេង លោក​នាយករដ្ឋមន្ត្រី ​Srettha ​និយាយ​ថា៖​ «ខ្ញុំ​ជឿ​ថា​ រដ្ឋមន្ត្រី​យុត្តិធម៌​បាន​ឮ​ការ​អំពាវនាវ​នេះហើយ។ ​វា​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា ​ហើយ​នឹង​មាន​ការ​ពិភាក្សា​ទាក់ទង​នឹង​ដំណើរការ​យុត្តិធម៌​ទាំងអស់។ គ្រប់​គ្នា​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌»។​

នៅ​ក្នុង​ការ​បង្ហោះសារ​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​ឧសភា ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ​Twitter ​ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា ​«ការិយាល័យ​សិទ្ធិ​មនុស្ស​មាន​ការ​ «ខកចិត្ត​យ៉ាង​ខ្លាំង» ​ចំពោះ​ការ​ស្លាប់​របស់​នាង​ Netiporn ​និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព។​ ការិយាល័យ​សិទ្ធិ​មនុស្ស​នេះ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ​គឺ​ជា​សិទ្ធិ​ជា​មូលដ្ឋាន។​

លោក​ Kritsadang ​មេធាវី​ក៏​បាន​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​បញ្ហា​នេះ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ដោយ​កត់​សម្គាល់​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សម្រាប់​អាសនៈ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ ២០២៥-២០២៧៕​

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG