មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាគណបក្សនយោបាយចាស់ជាងគេបង្អស់នៅក្នុងប្រទេសថៃ បានចូលរួមជាមួយនឹងគណបក្សនយោបាយដទៃទៀត ប្រឆាំងនឹងសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលគាំទ្រដោយយោធានៅក្នុងប្រទេសនេះ។
ការប្រឆាំងរបស់គណបក្សប្រជាធិបតេយ្យធ្វើឲ្យមានមន្ទិលនៅក្នុងការបោះឆ្នោតប្រជាមតិទៅលើរដ្ឋធម្មនុញ្ញថ្មីនៅខែសីហាខាងមុខនេះ ខណៈដែលគណបក្សនយោបាយដទៃទៀតបានសហការគ្នាស្នើឲ្យច្រានចោលឯកសារស្នើច្បាប់នេះ។
មេដឹកនាំរបស់គណបក្សនយោបាយនេះ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី លោក Abhisit Vejjajiva បានរិះគន់ដោយបើកចំហរទៅលើសេចក្តីព្រាងធម្មនុញ្ញថ្មីនេះ ដោយបានហៅឯកសារនេះថាជា «ដំណើរថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ»។
នៅក្នុងសន្និសីទកាសែតមួយកាលពីយប់ថ្ងៃអាទិត្យ លោក Abhisit បានមានប្រសាសន៍ថា សេចក្តីព្រាងនេះប៉ះពាល់ដល់ឆន្ទៈលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យអំណាចរបស់ប្រជាជនចុះខ្សោយ បើធៀបទៅនឹងអាជ្ញាធរនៅក្នុងប្រទេស។
លោកក៏បានរិះគន់សេចក្តីព្រាងនេះថា បំបាត់សិទ្ធិរបស់ប្រជាជនក្នុងការចូលរួមនៅក្នុងដំណើរការនយោបាយ។
រដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៤ បានស្នើឲ្យមានការធ្វើវិសោធនកម្មទៅលើសេចក្តីព្រាងច្បាប់ដែលបានបញ្ចប់ទី២នៃរដ្ឋធម្មនុញ្ញ។ សេចក្តីព្រឿងនេះរួមមានការតែងតាំងយោធាជាសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់។
នេះគឺខុសពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលគណៈកម្មាធិការរដ្ឋធម្មនុញ្ញាបានរៀបរៀងឡើង ដែលស្នើឲ្យជ្រើសរើសសមាជិកព្រឹទ្ធសភាទាំង២០០នាក់ តាមរយៈការបោះឆ្នោតពីបណ្តាស្ថាប័ននិងអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេស៕