ប៉ូលិសថៃនិយាយថា គេបានចាប់ខ្លួនជនសង្ស័យម្នាក់ទាក់ទងនឹងការដាក់គ្រាប់បែកកាលពីថ្ងៃទី១៧ខែសីហានេះ នៅទីក្រុងបាងកក ដែលបានសម្លាប់មនុស្សយ៉ាងតិច២០នាក់។ អ្នកនាំពាក្យប៉ូលិសថៃនិយាយថា ជនសង្ស័យនោះត្រូវប៉ូលិសចាប់ខ្លួននៅថ្ងៃសៅរ៍នេះនៅជាយក្រុងបាងកក បន្ទាប់ពីប៉ូលិសបានរកឃើញសម្ភារៈ ដែលអាចច្នៃធ្វើគ្រាប់បែក នៅក្នុងអគារមួយដែលជននេះបានជួលស្នាក់នៅ។
លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានឲ្យវីអូអេ ប្រចាំនៅទីក្រុងបាងកក និយាយថា មន្ត្រីប៉ូលិសបានស្គាល់អត្តសញ្ញាណជនសង្ស័យនេះដែលមានអាយុ២៨ឆ្នាំ ជាជនជាតិតួកគី ឈ្មោះ Adem Karadag។ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវការដាក់គ្រាប់បែកនេះនៅឡើយទេ។ គ្រាប់បែកនេះបានផ្ទុះនៅកន្លែងសក្ការៈ Erawan ដ៏មានប្រជាប្រិយនៅកណ្តាលទីក្រុងបាងកក។
អាជ្ញាធរនិយាយថា អ្នកទេសចរមួយចំនួននៅក្នុងចំណោមជនរងគ្រោះទាំងនោះ។ ក្រៅពីជនរងគ្រោះបាត់បង់ជីវិត នៅមានមនុស្សរាប់សិបនាក់ទៀតបានរងរបួស។ ប៉ូលិសបានផ្សព្វផ្សាយរូបគំនូរព្រាងរបស់ជនសង្ស័យដែលជាជនបរទេស ស្លៀកពាក់របៀបស្ទាវ ហើយសក់សិតបះៗផ្នែកខាងក្រោយ ពាក់វ៉ែនតារាងមូល ហើយដែលប៉ូលិសនិយាយថា ជននេះជាជនសង្ស័យចម្បង។ ជនសង្ស័យនេះត្រូវកាំមេរ៉ាសន្តិសុខថតបាន នៅពេលជននេះទុកសំពាយនៅលើកៅអីវែងនៅក្រៅទីសក្ការៈតាមសាសនាហិណ្ឌូនោះ ហើយបានដើរចោលសំពាយ។ បន្តិចក្រោយមក គ្រាប់បែកបានផ្ទុះ។ ប៉ូលិសជឿថា ជននេះបានជួយក្នុងផែនការវាយប្រហារនោះ ប៉ុន្តែប៉ូលិសបានបង្ហាញការសង្ស័យថា ការវាយប្រហារនេះប្រហែលមិនទាក់ទងនឹងក្រុមភេរវកម្មអន្តរជាតិទេ។
ប៉ូលិសបានពិចារណាថា ការវាយប្រហារនេះអាចមានមូលហេតុច្រើនយ៉ាង ដូចជា ទំនាស់ផ្ទៃក្នុងប្រទេសដ៏យូរ ការបះបោររបស់ពួកម៉ូស្លីមនៅភាគខាងត្បូង ការខឹងសម្បារសងសឹកពីជនជាតិ Uighurs ប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រទេសថៃបញ្ជូនជនជាតិ Uighursជាង១០០នាក់ទៅប្រទេសចិនវិញកាលពីខែមុន៕