មន្ត្រីប៉ូលិសជាន់ខ្ពស់នៃប្រទេសថៃកាលពីថ្ងៃចន្ទ បាននិយាយថា អាជ្ញាធរ«មានការប្រាកដប្រជា»ថា ពួកទេសចរចិនមិនត្រូវបានយកធ្វើជាទីដៅជាពិសេសនៅក្នុងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅឯទីសក្ការបូជាមួយក្នុងទីក្រុងបាងកកកាលពីមួយសប្តាហ៍មុននេះទេ។
នៅក្នុងការឆ្លើយតបដល់សំណួរមួយរបស់វីអូអេ លោកឧត្តមសេនីយឯកប៉ូលិស Prawut Thavornsiri បានមានប្រសាសន៍ថា ទីសក្ការបូជា Erawan ដែលជាកន្លែងមួយដែលពួកភ្ញៀវអាស៊ីចូលចិត្តទៅទស្សនាក្នុងក្រុងបាងកកទំនងជាត្រូវបានជ្រើសរើសយកជាកន្លែងវាយប្រហារ ពីព្រោះជាធម្មតា ទីនោះគឺជាកន្លែងមានមនុស្សកុះករ។
នៅក្នុងការថ្លែងទៅកាន់ពួកអ្នកឆ្លើយឆ្លងព័ត៌មានបរទេស លោកឧត្តមសេនីយប៉ូលិសថៃរូបនេះបាននិយាយអះអាងថា អ្នកបំផ្ទុះគ្រាប់បែកនេះមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាឬជាអ្នកគោរពព្រហ្មញ្ញសាសនាទេដោយសារលក្ខណៈផ្សំគ្នាខាងសាសនានៃទីសក្ការបូជានេះ ដោយលោកបានចាត់ទុកថា គ្រាប់បែកនេះមានប្រសិទ្ធិភាពលើសពីការប៉ិនប្រសប់នៃពួកអ្នកផលិតគ្រាប់បែកនៅក្នុងប្រទេសថៃ។
លោក Prawut បានមានប្រសាសន៍ថា៖ «គ្រាប់បែកនេះមានប្រសិទ្ធិភាពណាស់។ វាមានកម្លាំងខ្លាំងណាស់ហើយមិនមែនជាការងាយស្រួលទេក្នុងការផលិតគ្រាប់បែកបែបនេះ»៕