ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថៃ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​មិន​ទុក​ចិត្ត​លោក​នៅ​សភា


នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha ឆ្លើយ​សំណួរ​ក្នុង​​អំឡុងពេល​នៃ​ការ​ជជែក​ដេញដោល​គ្នា​មួយ​នៅ​សភា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha ឆ្លើយ​សំណួរ​ក្នុង​​អំឡុងពេល​នៃ​ការ​ជជែក​ដេញដោល​គ្នា​មួយ​នៅ​សភា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការ​បោះឆ្នោតមិន​ទុកចិត្ត​លោក​ក្នុង​សភា​កាលពី​ថ្ងៃ​សៅរ៍ ទី២៣ ខែ​កក្កដា​ នៅក្នុងការធ្វើតេស្ត​ធំ​ចុង​ក្រោយ​របស់​លោក​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ក្នុង​រយៈពេល​១១ខែ​ទៀត។

អតីត​អគ្គ​មេបញ្ជាការ​កង​ទ័ព​អាយុ៦៨ឆ្នាំ ដែល​បានកាន់​អំណាច​តាំងពី​រដ្ឋប្រហារមួយដែល​លោក​បាន​ដឹកនាំ​កាលពី​ឆ្នាំ២០១៤​រូប​នេះ បាន​ទទួលសំឡេង​ឆ្នោតគ្រប់គ្រាន់​ដែល​តម្រូវ​ឱ្យ​មាន​សម្រាប់ធានានូវ​តំណែងលោកជា​នាយករដ្ឋមន្ត្រីរបស់​លោក​រហូត​ដល់​អាណត្តិ​លោក​ចប់​នៅ​ខែ​មីនា។

លោក Prayuth ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ២៥៦​និង​មានសំឡេងឆ្នោត​ប្រឆាំង​ចំនួន ២០៦ ហើយ​មាន​សំឡេង​ឆ្នោត​អនុបវាទ​ចំនួន ៩។ ក្រុម​ប្រឆាំង​ត្រូវការសំឡេង​ឆ្នោត​យ៉ាង​ហោច​ណាស់​ចំនួន ២៣៩​ ក្នុងចំណោម​សំឡេង​ឆ្នោត​សភា​ចំនួន ៤៧៧​ ដើម្បី​អាច​ដក​លោក​ពី​តំណែង​បាន។

ក្រុម​ប្រឆាំង​បានចោទសួរ​លោក​នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ១០ នាក់ក្នុង​រយៈពេល​បួន​ថ្ងៃ​ក្នុង​សភាដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍។ ពួក​ប្រឆាំងបាន​ចោទ​ប្រកាន់​មន្ត្រីថៃ​ទាំង​នេះ​អំពី​អំពើ​ពុក​រលួយ​និងការ​ចាត់ចែង​សេដ្ឋកិច្ចមិនល្អ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ខូចកិត្តិយស​ក្រុម​ចម្រុះ​ដែល​មាន​គណបក្ស​ចំនួន ១៧ ​នៅ​មុន​ការបោះឆ្នោតលើកក្រោយ។

នេះជា​លើក​ទី​បួន​ហើយ​ដែល​ការ​បំពេញ​ការងាររបស់​លោក Prayuth ត្រូវ​បាន​ដាក់​ឱ្យ​មានការ​បោះឆ្នោត​ដោយ​រដ្ឋសភា ចាប់​តាំង​ពី​រដ្ឋសភា​បាន​ជ្រើសរើស​លោក​ឱ្យកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រីក្នុង​ឆ្នាំ២០១៩​ នៅ​ក្រោយមានការ​បោះឆ្នោត​មួយដែល​ក្រុម​ប្រឆាំង​បាន​និយាយ​ថា​បាន​ធ្វើ​ឡើង​ក្រោម​បទបញ្ញត្តិ​ដែល​ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ឱ្យ​លោក​បន្ដ​កាន់អំណាច។ លោក Prayuth បាន​ច្រាន​ចោលការ​អះអាង​នេះ។

បើ​តាមពួក​អ្នក​វិភាគ​នយោបាយ​ ទោះជា​មានការ​ស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗនេះ​បង្ហាញថា​ប្រជាប្រិយភាព​របស់​លោកថយ​ចុះក៏​ដោយ​ ក៏​គេ​រំពឹង​ថា​លោក​នឹង​ឈ្នះ​ឆ្នោត។ អ្នក​វិភាគ​ខ្លះ​យល់​ថា​ញត្តិ​មិនទុកចិត្ត​លោកជា​វិធានការ​មួយដោយ​ក្រុម​ប្រឆាំង​ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ពី​សាធារណជន​នៅ​មុន​ការបោះឆ្នោត​លើក​ក្រោយ។

លោក​ Prayuth ​មិន​បាន​ចង្អុល​បង្ហាញថា​ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ៕


ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG