ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលករ​បរទេស​រាប់​ម៉ឺន​នាក់​ចាកចេញ​ពី​ប្រទេស​ថៃ ដោយសារ​ខ្លាច​ច្បាប់​ការងារ​ថ្មី​របស់​ថៃ


រូបឯកសារ៖ កម្មករ​សំណង់​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​ជាយក្រុង Kolkata ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៦។

ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ដូចជា​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ ដោយសារតែ​ការ​ភ័យ​ខ្លាច​ថា​ អាច​មាន​បញ្ហា​កើត​ឡើង​ចំពោះ​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ការងារ​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ថៃ។ ការ​ចាកចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នេះ ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់ និង​ថៅកែ​របស់​ពួកគេ​ប្រឈម​នឹង​បញ្ហា​លំបាក។

ច្បាប់​ការងារ​ដែល​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា កន្លង​ទៅ​នេះ អាច​ដាក់​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ ឆ្នាំ ចំពោះ​ពលករ​ណា​ដែល​គ្មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ និង​ផាក​ពិន័យ​រហូត​ដល់ ៨ សែន បាត្រ (ប្រហែល ២ ម៉ឺន ៣ ពាន់ ៥ រយ​ដុល្លារ​អាមេរិក) ចំពោះ​រោងចក្រ ឬ​សហគ្រាស​ណា​ដែល​ទទួល​យក​ពលករ​ខុស​ច្បាប់​ឲ្យ​ធ្វើ​ការ។

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​ពលករ​នានា បាន​ប៉ាន់​ប្រមាណ​ថា ពលករ​ប្រហែល ៣ ម៉ឺន​នាក់ បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ចាប់តាំង​ពី​ច្បាប់​ការងារ​ថ្មី​នេះ​ចូល​ជា​ធរមាន​មក។

ដោយសារ​មាន​ការ​ស្នើ​សុំ​ពី​សហគ្រាស​ដែល​ជួល​ពលករ​ខុស​ច្បាប់​ធ្វើ​ការ នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​និយាយ​ថា លោក​នឹង​ពន្យារ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ចុះ​ឈ្មោះ​ពលករ​ចំនួន ១២០ ថ្ងៃ​បន្ថែម​ទៀត។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​ពលករ​បរទេស​ចំនួន​ប្រហែល ២ លាន ៦ សែន​នាក់ ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ មក​ពី​ប្រទេស​ក្រីក្រ​ក្បែរ​ខាង គឺ​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និង​ឡាវ។ គេ​ប៉ាន់​ប្រមាណ​ថា ពលករ​បរទេស​ចំនួន​ពាក់​កណ្ដាល​នៃ​ចំនួន​ពលករ​បរទេស​សរុប​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ គឺ​ជា​ពលករ​ខុស​ច្បាប់៕

XS
SM
MD
LG